រដ្ឋបាលខណ្ឌឫស្សីកែវ ជូនដំណឹងពីការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សង្កាត់ទាំង៧
ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ទាំង០៧ ព្រមទាំងបុគ្គលិកសុខាភិបាល ជួរមុខឯកជន និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌ។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌប្ញស្សីកែវបានបញ្ជាក់ថា ចំពោះដំណើរការ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជុំរុញ ឫដូសទី៣ ហើយមានគម្លាតចាប់ពី០៤ខែឡើង គឺអាចទៅទទួលការចាក់វ៉ាក់សាំង ដូសទី៤ នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ និងនៅមណ្ឌលសុខភាពគីឡូម៉ែតលេខ៩ នាថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២២ សម្រាប់លោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងរដ្ឋបាលសង្កាត់ទាំង០៧ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខ នៃរដ្ឋបាលខណ្ឌឫស្សីកែវ។
ក្នុងសេចក្ដីជូនដំណឹងដដែលបញ្ជាក់ទៀតថា ចំពោះប្រជាពលរដ្ឋ ដែលមានអាយុ៦០ឆ្នាំឡើង អាចទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២១-៣១ ខែមករា ឆ្នាំ២០២២ ហើយសម្រាប់ប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង ក៏អាចទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានដែរ ស្ថិតនៅវត្តទួលសុវណ្ណារាម (ទួលសង្កែ) នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ និងនៅមណ្ឌលសុខភាពគីឡូម៉ែតលេខ៩ ចាប់ពីថ្ងៃទី០១-១៤ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងលើកទី១ លើកទី២ និងលើកទី៣ រួចហើយអញ្ជើញទៅចាក់វ៉ាក់សាំងលើកទី៤ (ដូសជុំរុញ) ដោយភ្ជាប់ជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងលើកទី១ លើកទី២ និងលើកទី៣ នៅតាមទីតាំងខាងលើ។
បន្ថែមពីនេះ លោក ឯក ឃុនដឿន សូមក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលត្រូវទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរក្សាឱ្យបានជាដាច់ខាតនូវ គម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាសតម្រង់ជួរ ជៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នាដោយត្រូវប្រកាន់ខ្ជាប់ការចូល រួមអនុវត្តវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយឈរលើស្មារតី ស្រលាញ់ជាតិ សហគមន៍ គ្រួសារ និងស្រលាញ់អាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយដើម្បីឈានទៅកាត់ផ្ដាច់ និងលប់បំបាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យបានឆាប់ៗ ក្នុងរាជធានីភ្នំពេញ៕