ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋនិងសកម្មជនបក្សប្រឆាំង ខកបំណង មិនបានជួបមុខលោក កឹម សុខា

84


ភ្នំពេញ៖ នាយខុទ្ទកាល័យលោកកឹម សុខា នៅព្រឹកថ្ងៃទី១០ខែកញ្ញានេះ បានបញ្ជាក់ថា លោកកឹម សុខា ត្រូវបានតុលាការ សម្រេចដាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយស្ថិតក្រោមការត្រូតពិនិត្យតាមផ្លូវតុលាការ ហើយលោកកឹម សុខា មិនទាន់អាចជួបជាមួយប្រជាពលរដ្ឋ និងសមាជិកបក្សប្រឆាំងបានទេ។

លោក ចាន់ ចេ​ន មេធាវី​ការពារ​ឲ្យ​លោក កឹ​ម សុខា បាន​ឲ្យ​ដឹង​ថា ​បានបញ្ជាក់ថា “ឯកឧត្តម កឹម សុខា បាននៅក្រៅឃុំបណ្តោះអាសន្នហើយ ដោយស្ថិតក្រោមការត្រូតពិនិត្យតាមផ្លូវតុលាការ លោកសូមអភ័យទោស និង ការយោគយល់ពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកាលទេសៈនេះ មិនទាន់អាចជួបគ្នាបាន “។ លោកបន្តថា លោកកឹម សុខា “ត្រូវបានតុលាការដោះលែង ក្រោមការត្រួតពិនិត្យ ហើយនៅពេលនេះលោកកឹម សុខា មានសុខភាពជាធម្មតាទេ ទាំងផ្លូវចិត្ត និងផ្លូវកាយ ។ ករណីចេញទៅក្រៅប្រទេសនោះ ខ្ញុំមិននឹងពិភាក្សាជាមួយលោកកឹម សុខាជាបន្តទៀត និងមិនទាន់បានជជែកគ្នាជាមួយចៅក្រមស៊ើបសួរនៅឡើយទេ ។ តាមរយៈខ្ញុំជាមេធាវី លោកកឹម សុខា មានប្រសាសន៍យ៉ាងខ្លីថា សូមអរគុណដល់អ្នកគាំទ្រ និងបងប្អូនប្រជាពលរដ្ឋខ្មែរ “។ លោកមេធាវី បានបញ្ជាក់ថា “តាមការសង្កេតរបស់ខ្ញុំ នាពេលនេះលោកកឹម សុខា មានអារម្មណ៍នឹងនរ ដូចយើងទាំងអស់គ្នាដែរទេបាទ”។

ករណីលោកកឹម សុខា ត្រូវអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញលិខិតប្រកាសជូនសាធារណជនថា ទោះបីជា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរដោះលែង ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសារសុខភាពរបស់គាត់ក៏ពិតមែន ប៉ុន្តែលោក កឹម សុខា មិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការបានឡើយ ហើយចំណាត់ការរបស់ចៅក្រមស៊ើបសួរ កំពុងអនុវត្តនីតិវិធីរបស់ខ្លួនបន្ត។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឱ្យដោះលែង លោក កឹម សុខា ឱ្យនៅក្រៅឃុំ ហើយបានសម្រេចជំនួសមកវិញនូវវិធានការ នៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចតាមផ្លូវច្បាប់មួយចំនួន។ ការសម្រេចនេះ ដោយផ្អែកទៅលើហេតុផលសុខភាព និងមានការធានាខាងផ្នែកនីតិវិធីច្បាស់លាស់ថា ជនត្រូវចោទ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឡើងវិញថា​ ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណឌ នៃព្រះរាជាណាចក្រកម្ពុជា។ សំណុំរឿងនេះ កំពុងស្ថិតនៅក្នុងចំណាត់ការ របស់ចៅក្រមស៊ើបសួរ ដែលកំពុងអនុវត្តនីតិវិធីរបស់ខ្លួនបន្ត ដោយយកចិត្តទុកដាក់បំផុត ស្រ​បតាមច្បាប់ជាធរមាន។

ជាមួយនឹងការដោះលែងលោកកឹម សុខា នោះ ប្រជាពលរដ្ឋនិងសកម្មជនបក្សប្រឆាំង ជាច្រើននាក់ ទៅជួបជុំគ្នានៅពេញមុខផ្ទះលោក កឹម សុខា ក្នុងបំណងចង់ជួបផ្ទាល់ជាមួយនឹងលោក ប៉ុន្តែបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនិងសកម្មជនទាំងនោះមិនដូចបំណងឡើយ ដោយលោកកឹម សុខា មិនបានចេញមុខមកជួបឡើយ។

ចំណែក លោក យ៉ែម បញ្ញារិទ្ធិ អតីតតំណាងរាស្រ្តគណបក្សប្រឆាំង បាននិយាយថា លោក កឹម សុខា ត្រូវបានដោះលែង ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅព្រលឹម ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៣ព្រឹក។

អត្ថបទដែលជាប់ទាក់ទង