ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំ អង្គការទេសចរណ៍ពិភពលោក ព្រមទាំងសមាគមទេសចរណ៍អាស៊ាន គួរបន្តពង្រឹងអភិវឌ្ឍមូលធនមនុស្ស ខិតខំអនុវត្តប្រកបដោយកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់

318

 

ព្រះសីហនុ ៖ នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបធ្វើឡើងនៅក្រុងព្រះសីហនុ។ ដែលកម្មវិធីនេះមានការចូលរួម ពីបណ្ដាថ្នាក់ដឹកនាំ, រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នអង្គការពាក់ព័ន្ធនឹងវិស័យ ទេសចរណ៍ជាច្រើនទៀតផងដែរ។

តាមការឲ្យដឹងពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹងថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិត ខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិក អាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យ ទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាង ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។ វេទិកាទេសចរណ៍អាស៊ាននេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាស បើកគោលដៅទេសចរណ៍ក្នុង តំបន់អាស៊ានឡើងវិញជាផ្លូវការ។ ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយ ផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅ ទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅ ជាទីបំផុតចំពោះវត្តមានថ្នាក់ដឹកនាំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំងអស់ ដែលបានអញ្ជើញមកកាន់ប្រទេស កម្ពុជានាពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តស្តីពីការរស់ នៅតាមបែបគន្លងថ្មី រួមទាំងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី។
សម្តេចតេជោបានប្រកាសគាំទ្រក្នុង ការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ ពេលនេះ និងប្រកាសគាំទ្រនូវ ទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែង ការកោតសរសើរដល់ប្រទេសថៃ ដែលបានអនុវត្ត ជាមួយប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាជន ដែលចាក់វ៉ាក់សាំងឆ្លងទៅវិញទៅមក ដោយមិនបាច់ធ្វើចត្តាឡីស័ក។ សម្តេចតេជោបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ ក្នុងការធ្វើដំណើរមកចូលរួម វេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅពេលនេះតាមផ្លូវគោក និងផ្លូវអាកាសទោះបីជាប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែម ក្នុងបរិបទកូវីដ-១៩ យ៉ាងណាក៏ដោយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្ពុជាពិតជាមានសេចក្តីរីករាយ ដោយសង្កេតឃើញការបើកប្រទេសឡើងវិញជាបណ្ដើរៗ នៅតាមបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេសការរួមសាមគ្គីគ្នា និងសហការយ៉ាងសកម្មរវាង ប្រជាជនអាស៊ាន ប្រទេសដៃគូ និងស្ថាប័នអន្តរជាតិក្នុងការឆ្លើយតប ទៅនឹងការប្រឈមរួមរបស់តំបន់ និងសាកលលោក។

ឱកាសនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែក និងផ្ដល់នូវអនុសាសន៍មួយ ចំនួនដូចខាងក្រោម:
១- ការបើកដំណើរការសកម្មភាព សង្គមសេដ្ឋកិច្ចពេញលេញ ឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមកន្លងប្រក្រតីភាព ថ្មីសម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន ដែលហៅថាស្ថានភាពទីផ្សារទេសចរណ៍ និងមានភាពតូចចង្អៀតជាមួយ នឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្មតម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាព នៃគោលដៅទេសចរណ៍ វិធានការក្នុងការទប់ស្កាត់ គ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ និងការសម្រួលដល់ការធ្វើដំណើរ។ ចំណុចនេះគឺជាកត្តាគន្លឹះសម្រាប់ ការសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុង ការជ្រើសរើសគោលដៅទេសចរណ៍ ក្នុងបរិបទថ្មី។ ក្នុងន័យនេះ ផែនការស្ដារវិស័យទេសចរណ៍អាស៊ាន ក្រោយវិបត្តិកូវីដ-១៩ នឹងក្លាយទៅជាគន្លឹះយុទ្ធសាស្ត្រសំខាន់ សម្រាប់ការធ្វើឲ្យដំណើរការឡើងវិញ ជាបណ្ដើរៗ នៃការទទួលភ្ញៀវទេសចរអន្តរជាតិកដោយ​ឈរលើគោលការណ៍រក្សាបាន នូវគោលដៅរវាងសកម្មភាព សង្គមសេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈជាមួយ នឹងកិច្ចខិតខំក្នុងការវិលត្រឡប់ឲ្យ បានឆាប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាជនអាស៊ាន។

២- សម្ដេចតេជោគាំទ្រគំនិតផ្តួចផ្តើម សម្រាប់បណ្ដាប្រទេសអាស៊ានក្នុង ការរៀបចំអនុវត្តវិធានការសុខាភិបាល ក្នុងសហគមន៍ទេសចរណ៍ ដែលជាការចូលរួមដ៏មានសារៈសំខាន់ ក្នុងការធានាជូនដំណើរ អាជីវកម្មទេសចរណ៍ឡើងផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍ រួមជាអតិបរមា។ កម្ពុជាបច្ចុប្បន្នបាននិងកំពុងអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវវិធានការសុវត្ថិភាព វិធីប្រតិបត្តិស្ដង់ដារសម្រាប់ប្រតិបត្តិលើការ បើកដំណើរការអាជីវកម្មទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី។

៣- ក្នុងរយៈពេលដ៏ខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញចលនា ទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀត ស្របតាមទស្សនៈ អាស៊ានដើម្បីអាស៊ាន ហើយសម្តេចគាំទ្រទាំងស្រុង នូវគំនិតផ្ដួចផ្ដើមបើកទេសចរណ៍ផ្ទៃក្នុង អាស៊ានក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលបាននូវការស្វាគមន៍ ទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន សម្ដេចគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សាគ្នានិងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ នៅថ្ងៃស្អែក ចេញពីក្រុងព្រះសីហនុតែម្តង។ ដើម្បីធានាបាននូវជោគជ័យនៃ ការបើកទទួលទេសចរអន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឱ្យបាននូវភាព ជឿជាក់ និងទំនុកចិត្តថា ជាគោលដៅទេសចរណ៍អាស៊ាន មានសុវត្ថិភាពដោយឈរលើអត្រា នៃការចាក់វ៉ាក់សាំងជាសូចនករគោល។ សម្ដេចតេជោគាំទ្រនូវកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលបានដាក់ចេញតាមរយៈបណ្ដាប្រទេសអាស៊ាន និងគាំទ្រលើការដាក់ចេញយុទ្ធនាការ អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។

៤- រដ្ឋមន្ត្រីទេសចរណ៍អាស៊ានប្រទេស ដៃគូអាស៊ាន និងថ្នាក់ដឹកនាំ អង្គការទេសចរណ៍ ពិភពលោក ព្រមទាំងសមាគមទេសចរណ៍អាស៊ាន គួរបន្តពង្រឹងអភិវឌ្ឍមូលធនមនុស្ស ខិតខំអនុវត្តប្រកបដោយ កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ព្រមទាំងបង្កើនការផ្លាស់ប្ដូរ ចែករំលែកបទ ពិសោធន៍ល្អៗជុំវិញការទាក់ទាញ និងការអភិវឌ្ឍទេពកោសល្យ ដោយគិតគូរផងដែរនូវការ ជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងជួយគាំទ្រសិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ដល់ កម្រិតមូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ ពីនាវានុវត្ត ការភ្ជាប់ឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ដើម្បីអភិវឌ្ឍទេសចរណ៍អាស៊ាន ប្រកបដោយភាពឆ្លាតវៃចីរភាព និងបរិយាប័ន្ន។

៥- អាស៊ានត្រូវរួមគ្នាជំរុញមើលឡើងវិញនូវ វិស័យទេសចរណ៍ប្រកប ដោយភាពធន់ និងឆ្ពោះទៅអនាគតកាន់ តែប្រសើរជាងមុនប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន ។ ក្នុងន័យនេះសម្ដេចតេជោ សូមអំពាវនាវឲ្យអាស៊ានបន្ តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍នានា និងកសាងភាព ជាដៃគូឯកជន ក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកឆ្ពោះទៅ រកភាពរីកចម្រើនវិស័យទេសចរណ៍ ប្រកបដោយភាពធន់ តាមកន្លងប្រក្រតីភាពថ្មី និងនាំមកនូវវិបុលភាពរបស់ អាស៊ានទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង