ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាដំណើរទស្សនកិច្ច ដ៏មានសារៈសំខាន់ និងទទួលបានជោគជ័យដ៏ប្រសើរ

369

 

ភ្នំពេញ៖ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាកិច្ចការដ៏មានតម្លៃ និងមានសារៈសំខាន់សម្រាប់រក្សានូវសាមគ្គីភាព និងឯកភាពរបស់អាស៊ាន ហើយប្រទេសវៀតណាម គាំទ្រទាំងស្រុងចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ។

ប្រធានបទស្តីពីបញ្ហារបស់អាស៊ាន និងមីយ៉ាន់ម៉ា កំពុងក្លាយទៅជារបៀបវារៈដ៏សំខាន់រាល់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់បណ្តាប្រទេសសមាជិកអាស៊ាននាដើមឆ្នាំ២០២២ គ្រាដែលកម្ពុជាកំពុងកាន់តួនាទីជាប្រធានអាស៊ាន។ ក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ និងលោក ប៊ូយ ថាញ់សឺន នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ កិច្ចការពាក់ព័ន្ធនឹងអាស៊ាន ក៏ដូចជាបញ្ហារបស់មីយ៉ាន់ម៉ា ក៏ត្រូវបានលើកមកជជែកផងដែរ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថា លោក ប៊ូយ ថាញ់សឺន បានជម្រាបជូនសម្តេចតេជោថា វៀតណាម គាំទ្រទាំងស្រុងនូវប្រធានបទ និងការងារទាំងឡាយ ដែលកម្ពុជាដាក់ចេញក្នុងនាមប្រធានអាស៊ាន។

បើតាមលោក កៅ គឹមហួន នៅក្នុងជំនួបនេះ លោក ប៊ូយ ថាញ់សឺន បានអបអរសាទរដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅប្រទេសមីយ៉ាន់ម៉ា ហើយបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ និងទទួលបានជោគជ័យដ៏ប្រសើរ។

លោក ប៊ូយ ថាញ់សឺន បានជម្រាបសម្តេចតេជោផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ឡាវនាពេលកន្លងទៅ ប្រទេសឡាវ និងវៀតណាម ក៏បានចេញសេចក្តីថ្លែងការណ៍រួម ដោយបង្ហាញការគាំទ្រទស្សនកិច្ចរបស់សម្តេចតេជោ ទៅមីយ៉ាន់ម៉ាផងដែរ។

លោក កៅ គឹមហួន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ចំពោះបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តម [ប៊ូយ ថាញ់សឺន] បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ គឺជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើន និងមានវឌ្ឍនភាពនៅក្នុងអាស៊ាន។ អ្វីដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំនេះ ដើម្បីរក្សាសាមគ្គីភាព និងឯកភាពរបស់អាស៊ាន ដែលជារឿងដ៏សំខាន់សម្រាប់អាស៊ានទាំងមូល»។

លោក កៅ គឹមហួន បានបន្ថែមថា «ឯកឧត្តម [ប៊ូយ ថាញ់សឺន] បានគូសបញ្ជាក់ថា កិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ ពិតជាមាតម្លៃខ្ពស់ និងសារៈសំខាន់ណាស់ ជាពិសេសក្នុងការជំរុញរក្សាឱ្យមាននូវសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន ហើយដែលយើងត្រូវរក្សាឱ្យបាន»។

សម្តេចតេជោ បានថ្លែងអំណរគុណថ្នាក់ដឹកនាំវៀតណាម ដែលបានគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា។

សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានខិតខំជំរុញការងារជាច្រើន។ សម្តេចតេជោ ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ គឺជាកិច្ចខិតខំមួយធ្វើយ៉ាងណាឱ្យស្ថានភាពរបស់មីយ៉ាន់ម៉ា មានភាពល្អប្រសើរឡើងវិញ។

សម្តេចតេជោ ក៏បានលើកឡើងដែរថា បច្ចុប្បន្នអាស៊ាន មានការងារធ្វើជាច្រើន មិនមែនមានតែការងាររបស់មីយ៉ាន់ម៉ាទេ។ សម្តេចតេជោ បានបញ្ជាក់ថា មិនត្រូវយកមីយ៉ាន់ម៉ា ធ្វើជាចំណាប់ខ្មាំងរបស់អាស៊ានទេ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ា នៅតែជួយ ហើយការងារផ្សេងទៀត ក៏ត្រូវតែដោះស្រាយដែរ។

សូមបញ្ជាក់ថា មីយ៉ាន់ម៉ា កំពុងជួបនូវវិបត្តិនយោបាយក្នុងប្រទេស ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី ដាក់ពន្ធនាគារ ក្រោយពេលគណបក្សរបស់លោកស្រីឈ្នះការបោះឆ្នោត។

វិបត្តិនេះត្រូវបានអូសបន្លាយអស់រយៈពេលប្រមាណមួយឆ្នាំមកហើយ រហូតប្រទេសមីយ៉ាន់ម៉ា មិនបានចូលរួមកិច្ចប្រជុំនានារបស់អាស៊ាននោះឡើយ កាលពីឆ្នាំ២០២១កន្លងទៅ។ អវត្តមានរបស់មីយ៉ាន់ម៉ា នៅអាស៊ាន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការបែកបាក់របស់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញបំណងយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ជាពិសេសការនាំមីយ៉ាន់ម៉ាមកកាន់វេទិកាអាស៊ានជាដើម។ នៅដើមខែមករា ឆ្នាំ២០២២នេះ គ្រាន់តែបានក្លាយជាប្រធានអាស៊ានភ្លាម សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

តបតាមសំណើររបស់កម្ពុជាមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា លោក អោង មីង ឡាំង បានយល់ព្រមពន្យារពេលបាញ់គ្នាជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេស។ មេដឹកនាំយោធារូបនេះ បានយល់ព្រមជួយសម្របសម្រួលឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្របសម្រួលដល់ការផ្តល់ជំនួយទៅកាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា គ្រប់ភាគីទាំងអស់។

លទ្ធផលកើតចេញពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាត់ទុកជាជំហ៊ាន និងពន្លឺក្នុងការឈានទៅរកការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មានប្រទេសជាច្រើន បានគាំទ្រដល់លទ្ធផលនេះ៕

អត្ថបទដែលជាប់ទាក់ទង