ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកត្រពាំងប្រាសាទ ចុះបង្ក្រាបទីតាំងលួចលាក់ បើកសង្វៀនជល់មាន់ខុសច្បាប់

41

ឧត្តរមានជ័យ​ ៖ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានចុះបង្ក្រាបទីតាំងលួចលាក់បើកសង្វៀនជល់មាន់ខុសច្បាប់ មួយកន្លែង នៅចំណុចចំការចន្ទី ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ​ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងការចុះផ្សាយរបស់សារព័ត៌មានគេហទំព័រ អង្គរដេលី ពាក់ព័ន្ធ​ករណីមានទីតាំងលួចលាក់បើកសង្វៀនជល់មាន់ខុសច្បាប់ នៅចំណុចទីតាំងខាងលើ នៅវេលាម៉ោង ១៣ៈ៣០នាទី កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាន​ សហការជាមួយកម្លាំងអន្តរាគមន៍ ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាលស្រុក បានចុះពិនិត្យនៅចំណុចទីតាំងសង្វៀនជល់មាន់ខាងលើដើម្បីធ្វើការបង្ក្រាប។​ នៅមុនពេលកងកម្លាំងនៃអធិការដ្ឋានចុះទៅដល់ មានក្រុមអ្នកសារព័ត៌មានបានបើកបររថយន្តចូលទៅដល់ទីតាំងខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកលេងល្បែងជល់មាន់ដែលនៅទីតាំងនោះមានការភិតភ័យរត់គេចខ្លួន​បាត់ស្រមោល។​

ក្រោយពេលកងកម្លាំងនៃអធិការដ្ឋានទៅដល់ បានធ្វើការរុះរើ និងនាំយកសម្ភារៈមួយចំនួនពីទីតាំងសង្វៀនជល់មាន់ខុសច្បាប់ខាងលើនោះ យកមកកាន់អធិការដ្ឋាន និងបានកោះហៅម្ចាស់ទីតាំងមកធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលួចលាក់បើកសង្វៀនជល់មាន់ខុសច្បាប់បន្តទៀត។​

ជាមួយគ្នាផងដែរ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ក៏សូមអរគុណដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មាន ចំពោះកិច្ចសហការផ្តល់ព័ត៌មានដល់កងកម្លាំងនៃអធិការដ្ឋានឱ្យបានដឹង ដើម្បីធ្វើការចុះបង្ក្រាប៕

អត្ថបទដែលជាប់ទាក់ទង