ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជនប្រឡងបាក់ឌុប តវ៉ាចំពោះលទ្ធផលគណិតវិទ្យា

189


ភ្នំពេញ៖ សិស្សពូកែវិញ្ញាសាគណិត និង សិស្សដែលជឿជាក់ថាខ្លួនធ្វើបានលើវិញ្ញាសាគណិតវិទ្យា ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់បែរជាធ្លាក់ទៅវិញ។
នាពេលព្រឹកថ្ងៃទី១០កញ្ញានេះ ពួកគាត់ បាននិយាយថា ធ្លាក់គណិតដូចបាត់បង់ជីវិត ធ្លាក់គណិតអនាគតរលាយ
បើគ្មានដំណោះស្រាយអយុត្តិធម៌ណាស់។

បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននាំគ្នាមកតវ៉ា ចំពោះកំណែវិញ្ញាសាគណិតវិទ្យា ដោយសារពួកគេចាត់ទុកថា ពួកគេជាសិស្សពូកែគណិតវិទ្យា ហើយបែរជាពេលប្រឡង បានពិន្ទុគណិតវិទ្យាទាបខុសពីការរំពឹងទុក។ តំណាងសិស្សជាច្រើននាក់ បាននិយាយថា ពួកខ្ញុំពិតជាមិនពេញចិត្ត ចំពោះលទ្ធផលប្រឡងបាក់ឌុប លើវិញ្ញាសាគណិតវិទ្យាជាខ្លាំង ពីព្រោះសិស្សដែលធ្វើលើវិញ្ញាសាគណិតវិទ្យា សុទ្ធតែទទួលបាននិទ្ទេស F ទាំងអស់ ហើយពួកខ្ញុំបានជឿជាក់ ទៅលើសមត្ថភាពខ្លួនឯង ថាលទ្ធផលរបស់ពួកខ្ញុំនឹងប្រសើរជាងនេះ ។ អ្វីដែលសំខាន់ជាងទៅទៀត បើតាមនៅសាកលវិទ្យាល័យនានា ជាពិសេសសាលាតិចណូ បើសិនជាសិស្សប្រឡងធ្លាក់វិញ្ញាសាគណិតវិទ្យា គឺសិស្សនោះ មិនអាចចទៅចូលរៀននៅសាលាតិចណូបានទេ និងអាហារូបករណ៍នៅតាមសាលាជាច្រើនកន្លែងទៀត ដែលគេជ្រើសរើសយកតាមនិទ្ទេស ហើយពួកខ្ញុំនឹងបាត់បង់ឱកាសទាំងអស់ ដោយសារតែវិញ្ញាសាគណិតវិទ្យា ដោយកំហុសបច្ចេកទេស ឬយ៉ាងណានោះ គឺពួកខ្ញុំអត់ដឹងនោះទេ​ ដូច្នេះពួកខ្ញុំសំណូមពរដល់លោករដ្ឋមន្រ្តីក្រសួងអប់រំ និងអង្គភាពពាក់ព័ន្ធជួយដោះស្រាយរឿងនេះជាបន្ទាន់ ពីព្រោះថាពួកខ្ញុំបានពឹងផ្អែកទាំងស្រុង ទៅលើសញ្ញាមធ្យមសិក្សាទុតិយភូមិនេះហើយ។

ចំណែកលោកគ្រូម្នាក់ ដែលជាគ្រូបង្រៀនគណិតវិទ្យា តំណាងឲ្យសិស្សសាលាដែលទទួលលទ្ធផលគណិតវិទ្យាមិនល្អ បានថ្លែងសំណូមដល់លោករដ្ឋមន្រ្តីក្រសួងអប់រំ ជួយពិនិត្យឡើងវិញលើវិញ្ញាគណិតវិទ្យា ។ លោកបន្តថា ការកែលើវិញ្ញាសាគណិតវិទ្យា ដោយកំហុសបច្ចេកទេសណាមួយ ។ លោកបន្តថា សិស្សទាំងអស់នេះ ពួកគាត់បានជឿជាក់ទៅលើសមត្ថភាពរបស់ពួកគាត់ អាចធ្វើគណិតវិទ្យាបាន ប៉ុន្តែលទ្ធផលចេញមក មិនបានដូចបំណងនៃការគិត ដូច្នេះសូមស្នើដល់លោករដ្ឋមន្រ្តីក្រសួងអប់រំ និងមន្រ្តីពាក់ព័ន្ធទាំងអស់មេត្តាជួយ សើរើកំណែវិញ្ញាគណិតវិទ្យាឡើងវិញ ពីព្រោះវាពាក់ព័ន្ធជាមួយនឹងអាហារូបករណ៍ និងការរៀននៅតាមសាកលវិទ្យាល័យ ជាពិសេសសិស្សដែលមានបំណងចង់ទៅបន្តការសិក្សានៅបរទេសនោះ បើសិនជាពួកគាត់ធ្លាក់វិញ្ញាសាគណិតវិទ្យាហើយ គេនឹងបញ្ឈប់ការសិក្សារបស់ពួកគាត់នៅបរទេស ហើយសង្ឃឹមថា ដំណឹងនៃសំណូមពរនេះ នឹងដឹងឮទៅដល់លោករដ្ឋមន្រ្តី ។

ក្នុងពេលដែលបេក្ខជនប្រឡងបាក់ឌុបជាច្រើននាក់ មកតវ៉ានោះ តំណាងមន្រ្តីក្រសួងអប់រំ បានស្នើដល់សិស្សទាំងនោះ ត្រូវសសេរលិខិតតវ៉ាជាផ្លូវការដោយខ្លួនឯង ដាក់មកក្រសួងអប់រំ អំពីបំណងដែលខ្លួនតវ៉ា ចៀសវាការសរសេរដោយកំហឹង ជាពិសេសត្រូវភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ ដូចជាលទ្ធផល ក្នុងពេលប្រឡងឆមាស និងប័ណ្ណសរសើរជាដើម ។ តំណាងក្រសួងអប់រំ បានបន្តថា នាឆ្នាំកន្លងមក ពាក្យបណ្តឹងរបស់សិស្សក៏មានដែរ ហើយពាក្យបណ្តឹងត្រូវបានចម្លងតាមគ្នា ដូច្នេះបេក្ខជនត្រូវសរសេរពាក្យបណ្តឹងដោយគំនិតរៀងខ្លួន មិនត្រូវចម្លងតាមគ្នានោះទេ ហើយតវ៉ារឿងអ្វី ត្រូវរឿងនោះមក ដាក់ឲ្យច្បាស់ចំៗកន្លែងដែលត្រូវស្នើសុំឲ្យក្រសួងពិនិត្យឡើងវិញ ។ រឿងនេះ មិនអាចដោះស្រាយឲ្យភ្លាមៗនោះទេ គឺទាន់តែក្រសួងអប់រំបង្កើតគណៈកម្មការមួយ ដែលមានការឯកពីលោករដ្ឋមន្រ្តីក្រសួងអប់រំ ។ លោកបន្តថា កាលពីសម័យមុន គឺគ្មានការតវ៉ាទេ ចំពោះលទ្ធផលបាក់ឌុប គឺលទ្ធផលចេញមកធ្លាក់ គឺធ្លាក់ហើយ ទើបតែក្នុងដំណាក់កាលកំណែទម្រង់លើវិស័យអប់រំ ក្នុងអាណត្តិទី៥ ក្នុងឆ្នាំ២០១៤មកនេះ ទើបឲ្យមានការតវ៉ាចំពោះលទ្ធផលប្រឡងបាក់ឌុប។ ចំពោះលទ្ធផលនៃការពិនិត្យលើការស្នើសុំរបស់សិស្សនេះ ក្រសួងអប់រំនឹងជួយដំណឹងទៅតាមក្រោយ ក្រោយពេលដែលពិនិត្យសម្រេចពីលោករដ្ឋមន្រ្តី និងគណៈកម្មការដោះស្រាយសំណើរ៕

អត្ថបទដែលជាប់ទាក់ទង