ជិះម៉ូតូជែងរថយន្តរេចង្កូតទៅបុកឃឿនពុះចែកទ្រូងផ្លូវ ស្លាប់ភ្លាមៗ
កណ្ដាល៖ បុរសម្នាក់ជិះម៉ូតូវ៉ាជែងរថយន្ត បើកស្របទិសគ្នា មិនប្រយ័ត្ន បានរេចង្កូតទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៦និង១៦នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮ បានឲ្យថឹងថា ជនរងគ្រោះឈ្មោះ ចាន់ ពិសី អាយុ២៧ឆ្នាំ មានទីលំនៅភូមិក្រាំងប្រស្នាយ ឃុំស្វាយជ្រុំ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-6014 ។
ប្រភពដដែលបន្តថា បុរសរូបនោះ បានជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានបន្ថែមល្បឿន វ៉ាជែងរថយន្ត បើកនៅខាងមុខ ដោយមិនប្រយ័ត្នបានជ្រុល ទៅបុកឃឿនសួនផ្កាពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ នៅកន្លែងកើតហេតុ ៕