សមត្ថកិច្ចនគរបាល នាំខ្លួនបុរសម្នាក់ អួតខ្លួនថាជាគ្រូពេទ្យ ហើយទំនាក់ទំនងតាមរយៈទូរស័ព្ទ បោកប្រាស់រំលោភទំនុកចិត្ត ០៤លើក យកម៉ូតូជាច្រើនគ្រឿង
បាត់តំបង ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ ២០២២ នៅចំណុចរង្វង់មូលរូបសំណាកមនុស្សជិះសេះ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង អនុវត្តន៍តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម កែវ សុ ជាតិព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមនឹងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណីរំលោភលើទំនុកចិត្ត( យកម៉ូតូតាមបណ្ដាញសង្គមហ្វេសប៊ុក) ១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ១ នាក់ ឈ្មោះ ជា ពិសិត ភេទប្រុស អាយុ៣៧ ឆ្នាំមានទី លំនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ មកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងដើម្បីធ្វើការ សាកសួរ ស្រាវជ្រាវ ។
វត្ថុតាងដកហូតរួមមាន ៖ - កូនសោរម៉ូតូ ចំនួន ០៥ - ស៊ីមកាតចំនួន ០៤ - ប័ណ្ណបើកបរចំនួន ០១ សន្លឹក - ផ្លាកលេខម៉ូតូចំនួន ០៧ សន្លឹក - ម៉ូតូ ០១គ្រឿងម៉ាកហុងដាស្កុបពីពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខសៀមរាប1AK-2419 – ម៉ូតូ ០១ គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២២ គ្មានផ្លាកលេខ ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ ជនរងគ្រោះ ឈ្មោះ សឺន សាម៉ៃ ភេទស្រី អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្គាល់ជនសង្ស័យខាងលើតាមបណ្តាញសង្គមហ្វេសប៊ុក ដោយជនសង្ស័យបានទំនាក់ទំនងប្រាប់ ទៅជនរងគ្រោះថារូបគេជាគ្រូពេទ្យទាហានប្រចាំការនៅភ្នំពេញ រហូតដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានប្រាប់ជនរងគ្រោះថា រូបគេយកថ្នាំវ៉ាក់សាំងសម្រាប់ដូសទី៣ មកចាក់នៅខេត្តបាត់ដំបង រហូតដល់វេលាម៉ោង១៣និង០០នាទីថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះតាមឆាត ថារូបគេមកដល់ខេត្តបាត់ដំបងហើយ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ពេលនោះជនរងគ្រោះក៏បានជិះម៉ូតូ ម៉ាកហុងដាPCX ពណ៌ស ស៊េរីឆ្នាំ ២០១៨ ពាក់ផ្លាកលេខបាត់ដំបង1AD-6850 ចេញពីផ្ទះមករកទិញថ្នាំលេបផង ក៏មកជួបជនសង្ស័យនៅចំណុចមុខពេទ្យនៅពេលជួបគ្នាជនសង្ស័យបានប្រាប់ជនរងគ្រោះថារូបគេមិនទាន់បានហូបបាយទេ ដោយឱ្យជនរងគ្រោះជូនទៅរកកន្លែងហូបបាយ នៅពេលជូនទៅដល់កន្លែងហូបបាយ ជនសង័្សយប្រាប់ជនរងគ្រោះថាមានគេទូរស័ព្ទឱ្យរូបគេទៅយកថ្នាំ ហើយពេលនោះ ជនសង័្សយបានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះដើម្បីជិះទៅយកថ្នាំ។
ពេលនោះជនរងគ្រោះបានសុខចិត្ត ប្រគល់ម៉ូតូឱ្យទៅជនសង័្សយហើយជនសង័្សយ បានជិះម៉ូតូនោះទៅបាត់រហូត។
ដោយរង់ចាំបាត់យូរពេកមិនឃើញជនសង័្សយជិះម៉ូតូត្រឡប់មកវិញ ទើបជនរងគ្រោះមានការសង័្សយថា រូបគាត់ពិតជាចាញ់បោកជនសង័្សយខាងលើនោះហើយ ដូចនេះរូបគាត់បានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ដើម្បីធ្វើការស្រាវជ្រាវ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថាកន្លងមករូបគេធ្លាប់បានធ្វើសកម្មភាព ដូចខាងលើ នេះចំនួន០៤លើកមកហើយគឺ នៅក្នុងខេត្តឧត្តរមានជ័យចំនួន ០២ លើក និងនៅក្នុងខេត្តពោធិ៍សាត់ចំនួន០២លើក តែលើកចុងក្រោយនេះធ្វើសកម្មភាព នៅខេត្តបាត់ដំបង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវនិងបង្រ្កាបបានតែម្តង។
ពេលនេះការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ ការបន្តតាមនីតិវិធីច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕