លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយ វិធានការទប់ស្កាត់ រថយន្តចង្កូតស្តាំ
បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី២១ ខែមករាឆ្នាំ២០២២នេះ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយផ្សព្វផ្សាយ វិធានការទប់ស្កាត់ រថយន្តចង្កូតស្ដាំ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់រថយន្តចង្កូតស្តាំ និងបានប្រកាសឲ្យមន្ត្រីនគរបាលទូទាំងខេត្ត ដែលមានរថយន្តចង្កូតស្តាំ ត្រូវធ្វើបច្ចុប្បន្នភាព យកមកចុះបញ្ជីចូលជាសម្បត្តិរដ្ឋ ឲ្យបានទាន់ពេលវេលា ដើម្បីទទួលបានភាពស្របច្បាប់ និងស្លាកលេខថ្មី។ ក្នុងនោះលោកក៏បានអំពាវដល់លោកអធិការគ្រប់ក្រុងស្រុក ត្រូវផ្សព្វផ្សាយច្បាប់ចរាចរណ៍ តាមមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវឲ្យបានទូលំទូលាយ ព្រោះមួយរយ:ចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍ ហាក់មានការកើនឡើង ពិសេសស្រុកមង្គលបូរី។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានប្រសាសន៍ថា វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ សិក្ខាកាមនគរបាលទាំងអស់ ក្រោយបញ្ចប់វគ្គលំហាត់របៀបរយ:ពេលខ្លីនេះ ត្រូវយកចំណេះដឹងទៅប្រើប្រាស់ ជាប្រយោជន៍នៅ តាមអង្គភាពរៀងៗខ្លួន ឲ្យមានប្រសិទ្ធភាព។
ទន្ទឹមគ្នានោះ លោកក៏បានណែនាំ ដល់កងកម្លាំងដែល ប្រើប្រាស់រថយន្តចង្កូតស្តាំ ត្រូវយកមកចុះបញ្ជីចូល ជាសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ និងត្រូវដឹងពីច្បាប់ នៃការប្រើប្រាស់ រថយន្តផ្លាកលេខនគរបាល ។ ចំពោះមន្ត្រីនគរបាលណា ឬជនណាដែលលួចបន្លំ ប្រើប្រាស់ផ្លាកលេខនគរបាល ក្រុមការងារបង្កា បង្ក្រាបនិងវិធានការតាមច្បាប់៕