អាជីវករលើវិស័យទេសចរណ៍ ចាត់ទុកវេទិកា ទេសចរណ៍អាស៊ាន ជាឱកាសជួយ ឱ្យវិស័យទេសចរណ៍រស់ឡើងវិញ
ព្រះសីហនុ ៖ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ បានរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលទេសចរណ៍ ដើម្បីផ្តល់ឱកាសឱ្យប្រតិបត្តិករ និងអ្នករកស៊ីលើវិស័យទេសចរណ៍មានឱកាសបង្ហាញ និងលក់ផលិតផលទេសចរណ៍របស់ពួកគេ។
អាជីវករលើវិស័យទេសចរណ៍ផ្នែកសណ្ឋាគារ អ្នកផ្តល់សេវាកម្មរៀបចំដំណើរកម្សាន្ត និងការដឹកជញ្ជូនអ្នកទេសចរជាដើម បានចូលតាំងបង្ហាញនូវសេវាកម្មរបស់ពួកគេក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នាខេត្តព្រះសីហនុនៅក្នុងសប្តាហ៍នេះ។
ក្រុមអ្នករកស៊ីលើវិស័យទេសចរណ៍ ដែលបានចូលរួមក្នុងពិធីតាំងពិព័រណ៍អាស៊ាន បានស្វាគមន៍ចំពោះការរៀបចំពិព័រណ៍នេះ ហើយមានក្តីរំពឹងថា តាមរយៈពិព័រណ៍នេះ នឹងរួមចំណែកឱ្យវិស័យទេសចរណ៍នៅកម្ពុជាដែលបានជួបការលំបាកដោយសារជំងឺកូវីដ១៩រយៈពេលពីរឆ្នាំមកហើយនោះ មានភាពល្អប្រសើរឡើងវិញ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា បាននាំយក សមាជិកសមាគមរបស់ខ្លួនប្រមាណ ៣០ក្រុមហ៊ុនចូលរួមតាំង ពិព័រណ៍ទេសចរណ៍អាស៊ាន។ ក្រុមហ៊ុនដែល បានចូលរួម មានដូចជាអ្នកបដិសណ្ឋារកិច្ច អ្នកផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវ សេវាកម្មដឹកនាំភ្ញៀវ ជាទីភ្នាក់ងារទេសចរណ៍ និងជាអ្នកច្នៃកញ្ចប់ សេវាទេសចរណ៍ជាដើម។
លោកជំទាវ បានឱ្យដឹងថា នៅក្នុងពិព័រណ៍នេះ អ្នកចូលរួមទទួលបានកិច្ចសន្ទនា ការស្វែងរកដៃគូ ជាមួយប្រតិបត្តិករទេសចរណ៍ ដែលមកពីប្រទេសផ្សេងៗ ហើយបានជួប ប្រាស្រ័យទាក់ទង ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើធុរកិច្ចក្នុងវិស័យទេសចរណ៍។
លោកជំទាវ ឆាយ ស៊ីវលីន បានគូសបញ្ជាក់ យ៉ាងដូច្នេះ «វេទិកានេះ បានផ្តល់ឱ្យកម្ពុជាយើង បានបង្ហាញសក្តានុពល នៃតំបន់ទេសចរណ៍ ក្នុងប្រទេសកម្ពុជា បានបង្ហាញនូវវប្បធម៌ បានបង្ហាញនូវទំនៀមទម្លាប់ បង្ហាញនូវប្រពៃណី បានបង្ហាញពីអត្តចរិតរបស់កម្ពុជា ភាពញញឹមរបស់កម្ពុជា ឱ្យពិភពលោកបានឃើញ។ យើងមានឱកាសផ្សព្វផ្សាយនូវអ្វីដែលកម្ពុជាមាន»។
សណ្ឋាគារអេមព្រឹសអង្គរ ដែលសណ្ឋាគារលំដាប់ផ្កាយ៥ នៅកណ្តាលក្រុងសៀមរាប ហើយបានប្រឹងប្រែង ឈរជើងជាមួយវិបត្តិជំងឺកូវីដ១៩ ដ៏លំបាករយៈពេល ពីរឆ្នាំមកហើយនោះ ក៏បានស្វែងរកឱកាស ប្រមូលភ្ញៀវពីការតាំងពិព័រណ៍អាស៊ាន នៅខេត្តព្រះសីហនុផងដែរ។
លោក ស៊ូ សាយ អ្នកចាត់ការទូទៅ សណ្ឋាគារអេមព្រឹសអង្គរ បានឱ្យដឹងថា សណ្ឋាគារអេមព្រឹសអង្គរ មានបន្ទប់ស្នាក់ នៅរហូតដល់ទៅ ៣៩១បន្ទប់ ហើយមានផ្តល់ សេវាស្នាក់នៅ ម្ហូបអាហារ និងស្ពាជាដើម។ លោក បានលើកឡើងថា រយៈពេលពីរឆ្នាំនៃ ការរាតត្បាតជំងឺកូវីដ១៩ បានធ្វើសណ្ឋាគារ ជួបវិបត្តិខ្លាំង តែសណ្ឋាគារបាន ដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីស្វែងរកភ្ញៀវ និងទប់ទល់នឹងស្ថានភាព ដ៏លំបាក់នោះ។
លោក ស៊ូ សាយ បានស្វាគមន៍ចំពោះការរៀបចំ ឱ្យមានពិព័រណ៍អាស៊ាន នៅខេត្តព្រះសីហនុ។ អ្នកចាត់ការទូទៅ សណ្ឋាគារលំដាប់ផ្កាយ៥ កណ្តាលក្រុងសៀមរាបរូបនេះ មានក្តីរំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍អាស៊ាន នឹងជាព្រឹត្តិការណ៍មួយ រួមចំណែកឱ្យមាន ភាពប្រសើរឡើងវិញ នៃវិស័យសណ្ឋាគារ។
«យើងជឿជាក់ថា កំណើនទេសចរនឹងមាន នាពេលអនាគត ហើយជាអត្ថប្រយោជន៍ សម្រាប់អ្នករកទទួលទាន ផ្នែកទេសចរណ៍។ ខ្ញុំជឿជាក់ថា វេទិកានេះជាឱកាសដ៏ល្អមួយ សម្រាប់ពួកយើងទាំងអស់គ្នា ដែលរកទទួលទាន លើវិស័យទេសចរណ៍»។ នេះជាការបញ្ជាក់ របស់លោក ស៊ូ សាយ។
លោក ស៊ូ សាយ ហៅធំ បានគូសបញ្ជាក់ទៀតថា «ជាការពិតណាស់ ព្រឹត្តិការណ៍ទេសចរណ៍ អាស៊ាននេះ បានផ្តល់ឱកាសច្រើន សម្រាប់ជួបជាមួយ ភ្នាក់ងារអ្នកទិញមក ពីគ្រប់បណ្តាប្រទេស ជាពិសេសនៅក្នុងអាស៊ាន ដោយយើងបាន ណាត់ជួបគាត់ ពិភាក្សាគ្នាពីការផ្លាស់ប្តូរទេសចរណ៍ ជាពិសេសកញ្ចប់ទេសចរណ៍ ក្រុមហ៊ុនដែលគាត់ បានចូលរួម»។
សណ្ឋាគារនៅក្នុងខេត្តសៀមរាប មួយទៀត ដែលជាសណ្ឋាគារបាន ប្រឹងប្រែងឈរជើង ក្នុងស្ថានភាពដ៏លំបាក នៃវិបត្តិជំងឺកូវីដ១៩ដែរនោះ គឺសណ្ឋាគារស្តារីអង្គរ ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍អាស៊ាននេះផងដែរ។
អ្នកនាង សេង ស្រីរិទ្ធ ប្រធានផ្នែកលក់ និងទីផ្សារឱ្យ សណ្ឋាគារស្តារីអង្គរ បានឱ្យដឹងថា សណ្ឋាគារស្តារីអង្គរ ចាប់ផ្តើមទទួល បានភ្ញៀវជាបណ្តើរៗវិញហើយ ចាប់តាំងពីរាជរដ្ឋាភិបាល បើកឱ្យការធ្វើដំណើរ ទូលំទូលាយតាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក។ អ្នកនាង សេង ស្រីរិទ្ធ ចាត់ទុកព្រឹត្តិការណ៍ ពិព័រណ៍អាស៊ាន ជាឱកាសមួយបន្ថែមទៀត សម្រាប់សណ្ឋាគារស្តារីអង្គរ ស្វះស្វែងរកភ្ញៀវ ក៏ដូចជាដៃគូសហការ។
អ្នកនាង សេង ស្រីរិទ្ធ បានបញ្ជាក់បែបនេះ «ពេលខ្ញុំបានមកចូលរួម ព្រឹត្តិការណ៍វេទិកា អាស៊ានលើកទី៤០ នៅខេត្តព្រះសីហនុ សម្រាប់ចំណាប់អារម្មណ៍ខ្ញុំ គឺវាមានភាពប្រសើរច្រើន ដោយសារយើងមើល ឃើញពីសក្តានុពល នៃភ្ញៀវទេសចររបស់យើង ចាប់ផ្តើមកម្រើក ឡើងមកវិញ។ ខ្ញុំគិតថា វាប្រសើរមែនទែន ដែលរាជរដ្ឋាភិបាលរៀបចំ កម្មវិធីនេះឡើង គឺជួយដល់វិស័យទេសចរណ៍ របស់ពួកខ្ញុំច្រើនក្នុង ការប្រម៉ូតឱ្យមាន សកម្មភាពឡើងមកវិញ។ វាជាឱកាសបើកមុខមាត់ សណ្ឋាគារយើងឡើងមកវិញ ហើយយើងនឹងប្រម៉ូត ជាមួយភ្ញៀវឡើងមកវិញ»។
លោក ថន ស៊ីណាន ប្រធាន សមាគម ទេសចរណ៍ អាស៊ី ប៉ាស៊ីហ្វិក ក៏បានដឹកនាំ សមាជិកសមាគមរបស់ខ្លួន ប្រមាណជា ២០ក្រុមហ៊ុនចូលរួម ពិព័រណ៍នេះផងដែរ។ លោកក៏បានសម្តែង ក្តីរីករាយចំពោះការរៀបចំ ឱ្យមានព្រឹត្តិការណ៍ពិព័រណ៍អាស៊ាននេះផងដែរ។
លោក ថន ស៊ីណា បានគូសបញ្ជាក់បែបនេះ «ជាឱកាសខ្លាំងមែនទែន ពីព្រោះវេទិកា ទេសចរណ៍អាស៊ាននេះ កម្ពុជាយើងបាន បំបែកកំណត់ត្រាពិភពលោកមួយ។ អ៊ីចឹងសម្រាប់ខ្ញុំមាន តម្លៃខ្លាំងនៅត្រង់ថា នៅប្លុកអាស៊ានទាំង១០ មិនទាន់មានប្រទេសណា មួយមានសេចក្តីក្លាហាន ក្នុងការរៀបចំតាំង ពិព័រណ៍អន្តរជាតិនេះទេ មានតែកម្ពុជាមួយគត់ ដែលមានសេចក្តីក្លាហាន ក្នុងការរៀបចំពិព័រណ៍។ អ៊ីចឹងនេះ ជាវេទិកាសម្រាប់ផ្តល់ ការផ្លាស់ប្តូរចំណេះដឹង វេទិកាផ្លាស់ប្តូរទំនាក់ទំនង និងពាណិជ្ជកម្ម»។
ទាំងខាងសមាគម និងអ្នករកទទួលទាន លើវិស័យទេសចរណ៍ ដែលបានចូលរួម ការតាំងពិព័រណ៍នេះ សុទ្ធតែបានបង្ហាញនូវក្តីសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងនាំ មកនូវភាពប្រសើរ លើវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា ពីវិបត្តិជំងឺកូវីដ១៩។
អ្នកនាង សេង ស្រីរិទ្ធ បានលើកឡើងដូច្នេះ «អ្វីដែលយើងរំពឹងទុក ចេញពីព្រឹត្តិការណ៍មួយនេះ គឺការប្រម៉ូតសណ្ឋាគារ របស់យើងឡើងវិញ ហើយយើងសង្ឃឹមថា យើងនឹងមានដំណើរការ ហោះហើរត្រឡប់មកវិញ»។
លោក ថន ស៊ីណា បានបង្ហាញក្តីរំពឹងទុក របស់ខ្លួនយ៉ាងដូច្នេះ «ពួកយើងមានក្តីរំពឹងខ្ពស់ថា ទេសចរណ៍ចាប់ពីពេលនេះទៅ នឹងមានការ ប្រែមុខមាត់ថ្មី ហើយខ្ញុំជឿងថា ចរន្តទេសចរណ៍តិច ឬច្រើន នឹងចាប់ផ្តើមឡើងវិញ»៕