ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី អះអាងថា ការសម្រេចជ្រើស យកលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី ទៅថ្ងៃអនាគត បង្ហាញពីផែនការច្បាស់លាស់ របស់បក្ស

35

 

ព្រះសីហនុ ៖ លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានលើកឡើងថា ការសម្រេចជ្រើសយកលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី ទៅថ្ងៃអនាគត បង្ហាញពីផែនការច្បាស់លាស់របស់បក្ស និងធានាមិនឲ្យមាននូវវិបត្តិ នៃការដឹកនាំ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង នូវការសម្រេចចិត្ត នៃសន្និបាតកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣។

លោក ហ៊ុន ម៉ានី បានថ្លែងបែបនេះថា «ការសម្រេចជ្រើសយកឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត ជាការបង្ហាញផែនការ ច្បាស់លាស់របស់បក្ស និងធានាមិនឲ្យមាននូវវិបត្តិនៃការដឹកនាំ»។ ទន្ទឹមនឹងការគាំទ្រនេះ លោកបានបន្តថា ការរៀបចំផែនការបន្តវេនច្បាស់លាស់ នឹងបន្តនូវនិរន្តភាពជាតិ និងសុខសន្តិភាពសង្គម ជាពិសេសធានាការជឿជាក់ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា។

ក្នុងពិធីសំណេះសំណាលនេះ លោកក៏បានផ្តល់ជាអនុសាសន៍ ជូនដល់អង្គប្រជុំ ដោយផ្តោតជាពិសេសលើការបន្តរក្សាស្មារតីផ្ទៃក្នុង ជឿជាក់លើថ្នាក់ដឹកនាំរបស់គណបក្ស និងការអនុវត្តការងារប្រកប ដោយការទទួលខុសត្រូវខ្ពស់ របស់សមាជិក សមាជិកា គ្រប់ៗរូប។

លោកបានគូសបញ្ជាក់ថា «កត្តាស្មារតីភាព ឯកភាពផ្ទៃក្នុង គឺកត្តាសំខាន់ និងជាអាទិភាពខ្ពស់របស់សមាជិកគណៈបក្សយើង។ ជាមួយគ្នានេះ កត្តាកំណត់ភាពជោគជ័យរបស់បក្ស គឺការអនុវត្តជាក់ស្តែង នូវកម្មវិធីនយោបាយនៅតាមកម្រិតមូលដ្ឋានផ្ទាស់ ដើម្បីបម្រី និងបំពេញតម្រូវការជាក់ស្តែង ជូនដល់បងប្អូនប្រជាពលរដ្ឋ»។

សូមជម្រាបជូនថា ពិធីសំណេះសំណាលនេះ មានការចូលរួមពី លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ និងជាសមាជិកគណៈចលនាមហាជនគណៈកម្មាធិការកណ្តាលគណបក្ស, លោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង