សម្តេចតេជោ ផ្ញើសាររំលែកទុក្ខមរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតមួយជូនចំពោះលោក Alain Berset ប្រធានាធិបតីសហព័ន្ធស្វីស ចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner ដែលទទួលអនិច្ចកម្មនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។
មន្ត្រីក្រសួងសុខាភិបាល បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធសព លោកសាស្រ្តាចារ្យ BEAT RICHNER ដែលបានទទួលមរណភាព នាថ្ងៃទី៩ កញ្ញា ២០១៨ វេលាម៉ោង២:៤៥នាទីព្រឹក ម៉ោងនៅប្រទេសស្វីស ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ នាទីស្តីការក្រសួងសុខាភិបាលនារសៀលថ្ងៃទី១០ កញ្ញា ២០១៨។
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីក្រោមឱវាទបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធសព ឯលោកសាស្រ្តាចារ្យ BEAT RICHNER នៅទីស្តីការក្រសួងសុខាភិបាល។
លោកសាស្រ្តាចារ្យ BEAT RICHNERបានទទួលមរណភាព នាថ្ងៃទី៩ កញ្ញា ២០១៨ វេលាម៉ោង២ និង៤៥នាទីព្រឹក ម៉ោងនៅប្រទេសស្វីស ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។
ចំណែករដ្ឋបាលខេត្តសៀមរាប ដែលមានលោក ឃឹម ប៊ុនសុង ជាអភិបាលខេត្ត ក៏បានផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារសពលោកវេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។ យើងខ្ញុំ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប មានសេចក្តីរន្ធត់ តក់ស្លុតឥតឧបមា ក្រោយពីបានទទួលដំណឹងយ៉ាងក្រៀមក្រំថាលោកវេជ្ជបណ្ឌិត BEAT RICHNER បានទទួលមរណភាព នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ២ : ៤៥ នាទីព្រឹក ត្រូវនឹងថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធឹស័ក ព.ស.២៥៦២ ក្នុងជន្មាយុ ៧១ ឆ្នាំ ដោយជរាពាធ។ ក្នុងបរិយាកាសដ៏សែនក្តុកក្តួលនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយអាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព។
មរណភាពរបស់លោកវេជ្ជបណ្ឌិត BEAT RICHNER គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្ទើរពេញមួយជីវិតលើការងារមនុស្សធម៌សម្រាប់ប្រជាជនកម្ពុជា តាមរយៈការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា និងផ្តល់សេវាព្យាបាលដោយពុំគិតថ្លៃសម្រាប់កុមារ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមគុណបុណ្យព្រះរតនត្រៃ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា បារមីថែរក្សាទឹកដីអង្គរ សូមតាមប្រោសប្រទាន សព្វសាធុការពរ ជូនដួងវិញ្ញាណក្ខន្ធរបស់លោក បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕