ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ ជម្រុញអោយមន្ត្រីផ្លាស់ប្ដូឥរិយាបថ និងទម្លាប់អាក្រក់ចេញ ដើម្បីបង្កើនប្រសិទ្ធភាពការងារអោយកាន់តែល្អ
ព្រះវិហារ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានជម្រុញអោយមន្ត្រីមួយចំនួនត្រូវផ្លាស់ប្ដូឥរិយាបថ និងទម្លាប់អាក្រក់ដែលមានកន្លងមកចេញអោយអស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារនិងជួយឱ្យមន្ទីរអាចផ្ដល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព ជាងពេលមុនៗថែមទៀត សម្រាប់ឆ្នាំថ្មីឆ្នាំ២០២២នេះ ។
ការជម្រុញបែបនេះរបស់លោក សំ លាងទ្រី បានធ្វើឡើង កាលពីរសៀលថ្ងៃចន្ទ ៧រោចខែបុស្ស ឆ្នាំ ឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំលើកទី១ នាដើមឆ្នាំ២០២២នេះនៅសាលប្រជុំធំ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
ក្នុងកិច្ចប្រជុំនោះ លោក សំ លាងទ្រី បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែមករា និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ ។ តាមរយៈប្រសាសន៍ស្វាគមន៍ លោកប្រធានមន្ទីរបានកោតសសើរដល់មន្ត្រីក្រោមឱវាទដែលបានបំពេញការងារកន្លងមកបានល្អប្រសើរក្នុងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងអ្នកមកទទួលសេវាទាំងអស់នៅមន្ទីរ ទោះបីកន្លងមកមានបញ្ហាការឆ្លងរីករាលដាលដោយជំងឺកូវីដ–១៩ក៏ដោយ។
ទន្ទឹមនឹងនេះលោកប្រធានមន្ទីរក៏បានណែនាំ និងក្រើនរំលឹកឱ្យមន្ត្រីទាំងអស់គោរពបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរ ឱ្យស្របទៅតាមម៉ោងបំពេញការងារដែលបានកំណត់ ជាពិសេស នៅក្នុងឆ្នាំថ្មីនេះមន្ត្រីមួយចំនួនត្រូវផ្លាស់ប្ដូឥរិយាបថនិងទម្លាប់អាក្រក់ដែលមានកន្លងមកចេញដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជួយឱ្យមន្ទីរអាចផ្ដល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពប្រសើរឡើងជាងពេលមុនៗទៀត៕