ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនចិន មានបំណង នាំយកផលិតផលកសិកម្ម នៅកម្ពុជា បន្ថែមលើអង្គរ នាំចូលទៅកាន់ ប្រទេសចិន

151

ភ្នំពេញ៖ លោក លី ឈាន នាយកក្រុមហ៊ុន សាជីវកម្មអភិវឌ្ឍន៍កួហុង វិនិយោគលើម៉ាស៊ីនកិនស្រូវនៅកម្ពុជា ដែលមានអង្ករក្រុមហ៊ុន​ ផ្លាកសញ្ញាសៀមរាប ចែកចាយ នៅទីក្រុងណានីង ប្រទេសចិន បានមានប្រសាសន៍ ទៅកាន់ សម្តេចតេជោហ៊ុន ក្នុងជំនួបពិភាក្សាការងារ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រុមហ៊ុនលោកមានបំណង​ នាំចូលផលិតផលកសិកម្ម មួយចំនួនបន្ថែមទៀត ដូចជាគ្រាប់ស្វាយចន្ទីស្ងួត និងតំណាប់ស្វាយក្រៀម មកកាន់ទីផ្សារ​ នៅក្រុងណាននីង ខេត្តក្វាងស៊ី ។

យោងតាម ហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “នៅរសៀលថ្ងៃមិញនេះ បន្ទាប់ពីបានជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន HUAWAI រួចហើយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក លី ឈាន (Li Qian) នាយកសាជីវកម្មអភិវឌ្ឍន៍កួហុង (Guangxi Guhong Development Corporation) ដែលកំពុងវិនិយោគ លើម៉ាស៊ីនកិនស្រូវនៅកម្ពុជា ដែលអង្ករក្រុមហ៊ុនលោក មានផ្លាកសញ្ញាសៀមរាប “។

សម្តេចមានប្រសាសន៍បន្តថា “ក្រុមហ៊ុនរបស់លោក លី បានបណ្តាក់ទុនវិនិយោគ លើវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា មានរយៈពេល៦ឆ្នាំមកហើយ ដែលបានចំណាយទឹកប្រាក់ ប្រមាណ ៨លានដុល្លារ ។ កាលពីពេលកន្លងមក ក្រុមហ៊ុនបានធ្វើការនាំចូលអង្គរ ប្រមាណ៥ម៉ឺនតោន ពីកម្ពុជា មកចែកចាយ នៅទីក្រុងណាននីង ។ លោកពេញចិត្ត ចំពោះកាវិនិយោគ លើវិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនលោកមានបំណង នាំចូលផលិតផលកសិកម្ម មួយចំនួនបន្ថែមទៀត ដូចជាគ្រាប់ស្វាយចន្ទីស្ងួត និងតំណាប់ស្វាយក្រៀម មកកាន់ទីផ្សារ នៅក្រុងណាននីង ខេត្តក្វាងស៊ី។ លោកបានស្នើសុំសម្តេចតេជោ នាយករដ្ឋមន្រ្តីមេត្តាពិនិត្យ ក្នុងការផ្តល់កូតាអោយក្រុមហ៊ុននាំអង្ករពីកម្ពុជា មកកាន់ប្រទេសចិន អោយបានច្រើនថែមទៀត ដែលបច្ចុប្បន្ន គឺត្រូវបានអនុញ្ញាត្តិ អោយនាំចូលប្រមាណ ៣០ម៉ឺនតោន ។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរោង វិនិយោគរបស់ក្រុមហ៊ុន សាជីវកម្មអភិវឌ្ឍន៍កួហុង ដែលបានធ្វើការវិនិយោគ ក្នុងប្រទេសកម្ពុជា។ សម្តេចតេជោគាំទ្រ ក្នុងការនាំយក នូវផលិតផលកសិកម្មកម្ពុជា អោយបានច្រើនមកកាន់ទីផ្សារ ប្រទេសចិន។ ជាពិសេសនៅទីក្រុងណាននីង។ ចំពោះកូតា នៃការនាំចេញស្រូវអង្ករពីកម្ពុជា សម្តេចប្រមុខដឹកនាំ បានបញ្ជាអោយ លោករដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ត្រួតពិនិត្យលើកិច្ចការនេះ អោយបានហ្មត់ចត់បំផុតឡើងវិញ ព្រោះមានក្រុមហ៊ុនខ្លះ មិនមានរោងម៉ាស៊ីនកិនស្រូវទេ តែសុំកូតានាំអង្ករចេញ ដើម្បីទុកលក់អោយទៅក្រុមហ៊ុនផ្សេងៗ ដែលប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុមហ៊ុនដែលគេកំពុង ធ្វើនិងវិនិយោគពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង