ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះការតវ៉ា រឿង អធិករណ៍ មានការបែងចែកព្រះសង្ឃជា២ក្រុម ក្នុងការជ្រើសរើសព្រះចៅអធិការវត្តប្រជុំរង្សី

111

 

កណ្តាល ៖ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានដឹកលោកស្នងការរង លោកអធិការនគរបាលស្រុក​ពញាឮ និងមន្តមន្ត្រីក្រោមឱវាទ ចុះទៅសម្របសម្រួលករណីតវ៉ារបស់ប្រជាពលរដ្ឋរឿងព្រះសង្ឃនៅវត្តប្រជុំរង្សី ស្ថិតនៅភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល​។

គួរជម្រាបផងដែរថា ជម្លោះខាងលើ កើតឡើងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ផ្តើមចេញពីរឿង អធិករណ៍ មានការបែងចែកព្រះសង្ឃជា២ក្រុម មិនមានភាពស៊ីសង្វាក់គ្នារវាង តាអាចារ្យ គណៈកម្មការវត្ត ប្រជាពលរដ្ឋ និងព្រះសង្ឃ ប្រកាន់បក្ខពួក ក្នុងការជ្រើសរើសព្រះចៅអធិការ។

បើតាមរដ្ឋបាលខេត្តកណ្តាល បានឲ្យដឹងថា ឯកឧត្តមអភិបាលខេត្តកណ្ដាល បានប្រកាសគាំទ្រទាំងស្រុង តាមសេចក្តីសម្រេច របស់សាលាគណខេត្តកណ្តាល ដាក់វត្តប្រជុំរង្សី ស្ថិតក្រោមការគ្រប់គ្រងរបស់សាលាគណខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានប្រកាសគាំទ្រទាំងស្រុង លើសេចក្តីសម្រេច របស់សាលាគណខេត្តកណ្តាល លេខ ០៥/២២ ស.គ.ខ ស្តីពីការដាក់វត្តប្រជុំរង្សី ហៅវត្តព្រែកក្តាម នៅភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ឱ្យស្ថិតក្រោមការគ្រប់គ្រង របស់សាលាគណខេត្តកណ្តាលមួយរយៈសិន ដើម្បីជ្រើសរើសចៅអធិការថ្មីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកដឹកនាំបន្ត រំងាប់អធិករណ៍ឱ្យអស់កសាងកេរ្តិ៍ឈ្មោះវត្តឡើងវិញ។

ការប្រកាសគាំទ្រនេះបានធ្វើឡើងនាឱកាស ដែលឯកឧត្ដមអភិបាលខេត្តបានដឹកនាំមន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច និងអជ្ញាធរស្រុក ចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការដាក់វត្តប្រជុំរង្សី ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សាលាគណខេត្តកណ្តាល ក្រោមព្រះអធិបតីភាព សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល និងជាព្រះគ្រូចៅអធិការវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានណែនាំ ដល់ពុទ្ធបរិស័ទត្រូវដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ចៀសវៀង​ការ​ប្រើ​អំពើ​ហិង្សា សូមពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ កុំបង្កជម្លោះជាមួយព្រះសង្ឃ កុំយកអកុសលមកដាក់ក្នុងខ្លួន កុំប្រើអំពើហិង្សា បំផ្លិចបំផ្លាញរបស់វត្ត ប្រព្រឹត្តិបទល្មើស ដែលជាអំពើរខុសច្បាប់ អជ្ជាធរនឹងចាត់វិធានការតាមច្បាប់មិនទុកឱ្យនណាម្នាក់ប្រព្រឹត្តិអំពើខុសច្បាប់ ខុសធម៌វិន័យឡើយ។

ឯកឧត្តមបានបន្តទៀតថា ចំពោះរឿងអធិករណ៍ក្នុងវត្តអារាម សូមទុកឱ្យគណៈសង្ឃ ក៏ដូចជាមន្ត្រីសង្ឃធ្វើការដោះស្រាយតាមធម៌វិន័យចុះ ក្នុងនាមយើងជាពុទ្ធបរិស័ទ ត្រូវមានគុណធម៌ខ្ពស់ ចេះ​គោរព​ស្រលាញ់​ព្រះពុទ្ធសាសនា កុំ​បង្ក​ការ​លំលំលំបាកដល់ព្រះសង្ឃ ត្រូវគាំទ្រ និងគោរពតាមវិធានការដោះស្រាយរបស់ព្រះមន្ត្រីសង្ឃផងដែរ ។

សូមជម្រាបថា ជម្លោះខាងលើ កើតឡើងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ផ្តើមចេញពីរឿង អធិករណ៍ មានការបែងចែកព្រះសង្ឃជា២ក្រុម មិនមានភាពស៊ីសង្វាក់គ្នារវាង តាអាចារ្យ គណៈកម្មការវត្ត ប្រជាពលរដ្ឋ និងព្រះសង្ឃ ប្រកាន់បក្ខពួក ក្នុងការជ្រើសរើសព្រះចៅអធិការ៕

 

អត្ថបទដែលជាប់ទាក់ទង