ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រើប្រាស់គ្រឿងចក្រ Stabilizer នៅផ្លូវលេខ២១បេ និងផ្លូវសំខាន់ៗផ្សេងទៀត ដើម្បីជួយឱ្យការសាងសង់ផ្លូវកាន់តែមានភាព រឹងមាំ កាត់បន្ថយផលប៉ះពាល់ចរាចរណ៍

27

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Marubeni ASEAN PTE.LTD ដែលដឹកនាំដោយលោក Takeshi Mamiya ប្រធានប្រតិបត្តិប្រចាំតំបន់ និងជានាយកគ្រប់គ្រងក្រុមហ៊ុន Marubeni ASEAN PTE.LTD ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីសមិទ្ធផលការងារសម្រេចបាន របស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល និងគម្រោងសំខាន់ៗកំពុងបន្តរួមមាន៖ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលផ្តល់សញ្ញាបត្រវិស្វករសម្រាប់ការសាងសង់ផ្លូវថ្នល់ ការដឹកជញ្ជូនភស្តុភារកម្ម និងកំពង់ផែជាដើម ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដូចជា៖ ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការប្រឡងយកបណ្ណបើកបរ កម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) ដែលអាចអនុញ្ញាតឱ្យ ប្រជាពលរដ្ឋចូលរួមរាយការណ៍ផ្លូវខូច និងជង្ហុកសំបុកមាន់ និងការបង្កើតមណ្ឌលផ្តល់សេវាសាធារណៈ នៅតាមផ្សារទំនើបនានា ដើម្បីបង្ខិតសេវាទៅកៀកនឹងប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ទាក់ទងនឹងបច្ចេកទេសកសាងផ្លូវថ្នល់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីការប្រើប្រាស់គ្រឿងចក្រ Stabilizer នៅផ្លូវលេខ២១បេ និងផ្លូវសំខាន់ៗផ្សេងទៀត ដើម្បីជួយឱ្យការសាងសង់ផ្លូវកាន់តែមានភាព រឹងមាំ កាត់បន្ថយផលប៉ះពាល់ចរាចរណ៍ កាត់បន្ថយរយៈពេលសាងសង់ និងប្រើប្រាស់បានយូរអង្វែង ស្របតាមបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដោយហតុថា៖ គ្រឿងចក្រប្រភេទនេះប្រើប្រាស់គ្រឹះផ្លូវ និងផ្ទៃកម្រាលកៅស៊ូចាស់ដែលខូចឡើងវិញបាន ធ្វើឱ្យចំណេញថវិកា និងពេលវេលាក្នុងការជួសជុលសាងសង់ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនដែលបានផ្គត់ផ្គង់គ្រឿងចក្រ Stabilizer ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងបានថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុន ដែលបានជួយបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសកម្ពុជាឱ្យចេះប្រើប្រាស់គ្រឿងចក្រប្រភេទនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការដាក់ឧបករណ៍ត្រួតពិនិត្យ លក្ខណៈយានយន្តនៅទីតាំងផ្សារទំនើប AEON Mall 1 និងផ្សារទំនើប AEON Mall 2 ក្នុងពេលអនាគត ដោយហេតុថា៖ ផ្សារទំនើបគឺជាច្រកចេញចូលតែមួយនៃការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទដូចជា៖ ការប្រឡងយកបណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងការពន្យារ ឬប្តូរបណ្ណបើកបរជាដើម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីគោលបំណង និងទិសដៅក្នុងការ ពង្រីកបន្ថែមនូវការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅតាមទីតាំងផ្សារទំនើបនានាជាច្រើន ទៀត ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ កាត់បន្ថយចំណាយក្រៅផ្លូវការ ប្រកបដោយ ប្រសិទ្ធភាព និងតម្លាភាព។

ជាការឆ្លើយតប លោក Takeshi Mamiya បានកត់សម្គាល់សំណើ ក៏ដូចជាសំណូមពររបស់ឯកឧត្តម ទេសរដ្ឋមន្ត្រីដែលបានស្នើឡើងទៅពិនិត្យពិចារណា ហើយនឹងផ្តល់ព័ត៌មានត្រឡប់មកវិញទាក់ទងនឹង សំណើខាងលើ។

សូមជម្រាបជូនថា៖ ក្រុមហ៊ុន Marubeni ASEAN PTE.LTD មានសាខាឋិតនៅទូទាំងពិភពលោកចំនួន៣៦កន្លែង ក្នុងនោះសាខាចំនួន១៩កន្លែងឋិតក្នុងតំបន់អាស៊ាន និងអាស៊ីនិរតី ផ្ដោតការវិនិយោគជាសំខាន់ទៅលើការដឹកជញ្ជូន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គ្រឿងចក្រឧស្សាហកម្ម សំណង់ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាជាដើម៕

អត្ថបទដែលជាប់ទាក់ទង