ការដាក់ឲ្យលោក កឹម សុខា ស្ថិតនៅក្រៅឃុំ បណ្តោះអាសន្ន គឺដោយសារ បញ្ហាសុខភាព
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រាប់និស្សិតខ្មែរ ដែលសិក្សានៅក្រុងណាននីង ខេត្តក្វាស៊ីង ប្រទេសចិនថា ការដាក់ឲ្យលោក កឹម សុខា ស្ថិតនៅក្រៅឃុំ បណ្តោះអាសន្ន នៅថ្ងៃនេះគឺដោយសារ បញ្ហាសុខភាព ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយនឹងនិស្សិតខ្មែរ ជាង២០០នាក់ ក្នុងឱកាសដែលសម្តេច អញ្ជើញទៅចូលរួមការតាំង ពិព័រណ៍ នៅក្នុងទីក្រុងនេះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងឱកាសសំណេះសំណាលនោះ សម្តេចបានលើកឡើង ទាក់ទិនទៅនឹងការដាក់ពិរុទ្ធជន កឹម សុខា ឲ្យនៅក្រៅឃុំដែលធ្វើឡើង កាលពីព្រឹកព្រលឹមថ្ងៃទី១០ កញ្ញា ដោយសារហេតុផល សុខភាពរបស់ លោក កឹម សុខា។ ជាមួយនឹងការថ្លែងបែបនោះដែរ សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា ការនៅក្រៅឃុំរបស់ពិរុទ្ធជន កឹម សុខា គឺស្ថិតនៅក្រោមការតាមដាន យ៉ាងយកចិត្តទុកដាក់ ពីសំណាក់តុលាការ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបពីលិខិត របស់ពិរុទ្ធជន កឹម សុខា ក្នុងការសុំការជួយអន្តរាគមន៍ ពីស្ថាប័នក្រសួងមហាផ្ទៃ ក្នុងជួយការពារសុខសុវត្តិភាព ចំពោះរូបលោក កឹម សុខា បើទោះបីស្ថិតក្នុងមន្ទីរឃុំឃាំង ឬចេញនៅក្រៅឃុំ ក៏ដោយ។
គួរបញ្ជាក់ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយសារតែបញ្ហាសុខភាព របស់លោក បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារ ត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។
ទាំងមេធាវីលោក កឹម សុខា ទាំងអ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ ក៏សុទ្ធតែបានអះអាងថា ទោះពីជាមានការដោះលែង ឱ្យនៅក្រៅឃុំក៏ដោយ ក៏សំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា នៅតែបន្តអនុវត្ត ទៅតាមនីតិវិធី។ ជាមួយគ្នានេះ លោក កឹម សុខា ក៏ត្រូវបានដាក់ឱ្យស្ថិតនៅក្រោម ការត្រួតពិនិត្យ តាមផ្លូវតុលាការ ដោយភ្ជាប់នូវលក្ខខណ្ឌ មួយចំនួនផងដែរ៕