នគរបាលស្រុកព្រៃឈរ និងស្រុកបាធាយ បង្ក្រាបករណីបទល្មើសនេសាទខុសច្បាប់
កំពង់ចាម៖ នគរបាលស្រុកព្រៃឈរ និងស្រុកបាធាយ បានចុះបង្ក្រាបករណីបទល្មើសនេសាទខុសច្បាប់ នៅចំណុចទឹកបឹងព្រែកកំពង់សៀម ស្ថិតភូមិបន្ទាយថ្មី ដោយបានរឹបអូសវត្ថុតាងខុសច្បាប់លូសៃធ្វើអំពីស្បៃមុង ព្រួលធ្វើអំពីស្បៃមុង បន្ទាប់ពីបង្រ្កាបហើយ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កងកម្លាំងនគរបាល បានយកវត្ថុតាងខុសច្បាប់ យកមកដុតកម្ទេចចោល។
ដោយអនុវត្តតាមការចង្អុល និងបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និង លោក ឡោ ចាន់លី អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានចាត់លោកនាយរងប៉ុស្តិ៍រដ្ឋបាលសំរោង ដឹកនាំកម្លាំងប៉ុស្តិ៍ ចូលរួមសហការ ដោយមានការដឹកនាំពី លោកមេឃុំសំរោង បើកកិច្ចប្រតិបត្តិការចុះ បង្ក្រាបករណីបទល្មើសនេសាទខុសច្បាប់ នៅចំណុចទឹកបឹងព្រែកកំពង់សៀម ស្ថិតភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជាលទ្ធផលរឹបអូសវត្ថុតាងខុសច្បាប់ រួមមាន: លូសៃធ្វើអំពីស្បៃមុង ចំនួន៩ មាត់ ព្រួលធ្វើអំពីស្បៃមុង ប្រវែង ៣៥០ ម៉ែត្រ បានប្រលែងកូនត្រីចម្រុះប្រហែល ២៥ គីឡូក្រាម ចូលបឹងធម្មជាតិវិញ។ ដោយបានការអនុញ្ញាតពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ចាមវត្ថុតាងខុសច្បាប់ខាងលើ ត្រូវបានក្រុមការងារប្រមូល យកមកដុតកម្ទេចចោល នៅសាលាឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួចរាល់ហើយ។
ចំណែកដោយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងចម្រុះមានកម្លាំងអធិការដ្ឋានគរបាលស្រុកបាធាយ បានសហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ (លូស្បៃមុង) នៅក្នុងភូមិសាស្រ្តឃុំជាលា ឃុំសំបូរ និងឃុំបាធាយ ស្រុកបាធាយ ជាលទ្ធផលបង្រ្កាបបានរួមមាន លូស្បៃមុងចំនួន១៥មាត់ របាំងស្បៃមុងចំនួន១.១២៥ម៉ែត្រ បង្គោងចំរឹងចំនួន៣១២ដើម ចាក់លែងកូនត្រីចំនួន៣២គីឡូក្រាម។ ចំពោះឧបករណ៍និងសម្ភារខុសច្បាប់ទាំងអស់ បានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាកម្លាំងចម្រុះ បានធ្វើការដុតកម្ទេចចោល នៅចំណុចស្ពានដែកភូមិសាស្រ្តឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម៕