ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈ្នះ មេដាយច្រើនជាងគេ
ភ្នំពេញ៖ក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងមហាផ្ទៃជាប់ ចំណាត់ថ្នាក់ជើងឯករង ខណៈក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រងតំណែងជើងឯកព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ“ITF”ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២១ដែលមានក្លិបកីឡាតេក្វាន់ដូ “ITF” មានកីឡាករ-កីឡាការិនី មកពី១៨ក្លិបនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញរៀបចំ ដោយសហព័ន្ធកីឡាតេក្វាន់ដូ “ITF” កម្ពុជា ក្រោមការប្រើប្រាស់ថវិកាក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឳកាសពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ “ITF” ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២១ ល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ ឆ្នាំ២០២២ដោយមានការ អញ្ជើញចូលរួមបំពាក់មេដាយ និងប្រគល់ជយលាភី ដល់កីឡាករ-កីឡាការិនីពី សំណាក់លោក កែវ រ៉េមី អនុសហព័ន្ធកីឡាតេក្វាន់ដូ ITFអន្តរជាតិ និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា លោក អ៊ុកសិទ្ធិជាតិអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងអគ្គលេខាធិការក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ។
សម្រាប់លទ្ធផលក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈ្នះមេដាយ១២គ្រឿង ក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងមហាផ្ទៃ ឈ្នះមេដាយ១១គ្រឿង ក្លិបកីឡាតេក្វាន់ដូ ITF ស.ស.យ.ក ខេត្តកំពង់ស្ពឺឈ្នះមេដាយ៦គ្រឿង ក្លិបកីឡាតេក្វាន់ដូ ITF ថ្មីសរខេត្តកោះកុង ឈ្នះមេដាយ៤គ្រឿង ក្លិបកីឡាតេក្វាន់ដូ ITF ស.ស.យ.ក១ ខេត្តកំពង់ស្ពឺឈ្នះមេដាយ៦គ្រឿង និងក្លិបកីឡាតេក្វាន់ដូ ITF ក្តីចាស់ឈ្នះមេដាយ១០គ្រឿង ។
ចំណែកក្លិបកីឡាតេក្វាន់ដូ ITF អគ្គស្នងការនគរបាលជាតិ ឈ្នះមេដាយ១០គ្រឿង ក្លិបកីឡាតេក្វាន់ដូ ITF ពន្លឺយុវជនខេត្តកំពង់ស្ពឺ ឈ្នះមេដាយ៥គ្រឿង និងក្លិបកីឡាតេក្វាន់ដូ ITF សាលាអន្តរជាតិអេបផល ខេត្តបន្ទាយមានជ័យ ឈ្នះមេដាយ៥គ្រឿង
លោក ប៊ួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២២ដោយ មានកីឡាករ-កីឡាការិនីចំនួន ១៣២ ក្នុងនោះកីឡាការិនី ចំនួន៤៦នាក់ កីឡាករចំនួន៨៦ មកពី១៨ក្លិប ៦រាជធានីខេត្តក្រុង និងក្រសួង២ គឺក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបន្តថាការប្រកួតឆ្នាំនេះមាន២៣វិញ្ញាសាបែងចែកជា៣វិញ្ញាសាធំៗ រួមមានវិញ្ញាសាមេគុន មានចំនួន៧វិញ្ញាសា បច្ចេកទេសពិសេស ចំនួន១វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធឯកត្តជន មាន១៥ប្រភេទទម្ងន់៕