ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅឆ្នាំ២០២១សមត្ថកិច្ច បានចាប់យកគ្រឿងញៀន សរុបជាង ៤តោន៦៨៩គីឡូក្រាម

361

 

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញរបាយការណ៍ជម្រាបជូនអំពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ដែលសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំ២០២១។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នៅឆ្នាំ២០២១កន្លងទៅ កម្ពុជាយើងនៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ ពីស្ថានភាពប្រែប្រួលជាអវិជ្ជមានប្រកបដោយហានិភ័យខ្ពស់បណ្ដាមកពីគ្រឿងញៀន។
បញ្ហានេះគឺដោយសារតែការកើនឡើងឥតឈប់ឈរនៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀននៅលើពិភពលោក និងក្នុងតំបន់។ ជាក់ស្ដែងទោះបីចំនួនករណីគ្រឿងញៀនសមត្ថកិច្ចបង្ក្រាបបានមានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសាស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម នៅតាមប្រៃសណីយ៍ និងនៅលើផ្ទៃសមុទ្រ។

ជារួម ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចយើង បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុបចំនួន៦៣០៨ករណី ស្មើនឹង៦០,៣០ភាគរយគិតលើឆ្នាំ២០២០ ពោលគឺបានថយចុះ៤.១៥៣ករណី ស្មើនឹង៣៩,៧០ភាគរយធៀបនឹងឆ្នាំ២០២០កន្លងទៅនោះ។ ក្នុងចំណោមករណីបង្ក្រាបបាន ករណីជួញដូរ រក្សាទុកមានចំនួន៤៤៧៣ករណី, ករណីប្រើប្រាស់មានចំនួន១៧៨៩ករណី, ករណីដាំដុះមានចំនួន៣៧ករណី, ករណីកែច្នៃ៩ករណី និងឃាត់ខ្លួនជនសង្ស័យសរុប១៣៩៧៩នាក់ ក្នុងនោះជនសង្ស័យករណីជួញដូរ រក្សាទុក ៨៦៧២នាក់, ប្រើប្រាស់គ្រឿងញៀន៥២៦៤នាក់, ដាំដុះ៩នាក់ និងកែច្នៃ៣៤នាក់។ ក្នុងចំណោមជនសង្ស័យនោះ មានជនបរទេសចំនួន៣៦៥នាក់។

ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការដូចបានបញ្ជាក់ជូនខាងលើ នៅឆ្នាំ២០២១សមត្ថកិច្ចយើង បានចាប់យកគ្រឿងញៀនសរុបជាង៤តោន៦៨៩គីឡូក្រាមនិង៦១១,៤៧ក្រាម ក្នុងនោះរួមមានមេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង៩៤៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់(WY)ជាង៦គីឡូក្រាម, អិចស្តាស៊ីជាង ៥៥៦គីឡូក្រាម, កេតាមីនជាង២៧៨២គីឡូក្រាម, ហេរ៉ូអ៊ីនជាង២៧៥គីឡូក្រាម, កាទីណូនជាង១០៦គីឡូក្រាម, នីមេតាសេប៉ាមជាង១១គីឡូក្រាម និងកាកូអីនជាង១គីឡូក្រាម។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បង្ក្រាបបានកញ្ជាស្រស់ដោយបានកាប់បំផ្លាញបានចំនួន៥៣.១៨៧ដើម កញ្ឆាក្រោមជាង១៣៥គីឡូក្រាម ខណៈសារធាតុគីមីផ្សុំបង្ក្រាបបានជាង៨៤តោន កើនជាង១ពាន់ភាគរយឯណោះ។

យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុង២០២១នោះដែរ សមត្ថកិច្ចយើងក៏ប្រមូលបាន និងបញ្ជូនទៅសាលាដំបូងរាជធានីខេត្តរួចរាល់នូវសម្ភារៈចាប់យកមួយចំនួន ដូចរថយន្ត១៣៨គ្រឿង, ម៉ូតូ១.៩៨៨គ្រឿង, ទូរសព្ទ៦.៥៥៤គ្រឿង, ជញ្ជីង៣៨៥គ្រឿង, អាវុធវែង ៥០ដើម, អាវុធខ្លី២៩ដើម, ប្រាក់រៀលជាង៧៨លានរៀល, ប្រាក់អាមេរិកជាង៣ម៉ឺនដុល្លារ, ប្រាក់ថៃជាង ១សែនបាត និងប្រាក់វៀតណាមជាង៨ម៉ឺនដុង ព្រមទាំងបានឃាត់ទុកទ្រព្យសម្បត្តិជាអចលនទ្រព្យចំនួន២០កន្លែង។

សម្តេចបានបន្តថា “បងប្អូនជនរួមជាតិជាទីគោរព! ខ្ញុំធ្លាប់បញ្ជាក់ជូនហើយថាបញ្ហាកូវីដ-១៩នេះ ថ្វីដ្បិតថាពេលនៅមិនទាន់មានការថមថយ ប៉ុន្តែវាទំនងជាអាចដើរដល់ទីបញ្ចប់នៅថ្ងៃណាមួយមិនខាន ឡើយប៉ុន្តែបញ្ហាគ្រឿងញៀននេះ វានឹងមិនងាយរកទីបញ្ចប់ឃើញនោះទេ ដោយសារក្រុមឧក្រិដ្ឋជននៅតែបន្តរិះរកវិធីសាស្ត្រថ្មីៗដើម្បីផលិត និងចែកចាយ។ កាលពីដើមឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខ បានបន្តយកចិត្តទុកដាក់ចង្អុលបង្ហាញលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះណាស់ ពិសេសសម្ដេចបានឯកភាពកែសម្រួលលក្ខណៈសម្បត្តិនៃគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ដោយលើកជាកម្រិតគោលនយោបាយ និងបានបន្តដាក់បញ្ចូលបញ្ហាគ្រឿងញៀនជាកិច្ចការអាទិភាព “។

ជាថ្មីម្ដងទៀត សម្តេច ស ខេង សូមអំពាវនាវដល់កងកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ៖
– កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។
– កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។
– កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។
– មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕

អត្ថបទដែលជាប់ទាក់ទង