ប្រធានសមាគមជប៉ុន-កម្ពុជា ស្នើសុំសម្តេចតេជោ ហ៊ុន សែន សិក្សាបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត
ភ្នំពេញ៖ លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា បានស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់លទ្ធភាពឱ្យក្រុមហ៊ុន របស់ជប៉ុន សិក្សារកវិធីបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត ដែលតែងតែគំរាមកំហែង ដល់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សំណើរបស់លោក Takahashi Fumaiki បានធ្វើឡើងក្នុងពេលរូបលោក អញ្ជើញចូលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។
លោក Takahashi Fumaiki បានជម្រាបសម្តេចតេជោថា ក្រុមហ៊ុនរបស់ជប៉ុន សិក្សាបានមួយចំនួនហើយ លើការងារ បញ្ចៀសទឹកជំនន់ពីស្ទឹងព្រែកត្នោតនេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់អ្នកព័ត៌មានថា ជាកិច្ចឆ្លើយតបលើសំណើនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាំលោក Takahashi Fumaiki ជួបរដ្ឋមន្ត្រីក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហាញ គម្រោងសិក្សាការបញ្ចៀស ទឹកជំនន់ស្ទឹងព្រែកត្នោត។
សូមបញ្ជាក់ថា ស្ទឹងព្រែកត្នោតដែល ហួរកាត់ពីជួរភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ កាត់តាម ខេត្តកណ្តាល និងរាជធានីភ្នំពេញនោះ កាលពីឆ្នាំ២០២០ បានបង្កនូវការ ជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ ហើយឆ្នាំ២០២១ ក៏បានជន់លិចដែរ តែមិនធ្ងន់ធ្ងរដូចឆ្នាំ២០២០នោះឡើយ៕