មន្រ្ដីជាន់ខ្ពស់ ក្រសួងទេសចរណ៍ លើកឡើងថា ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩-០១ ខែកុម្ភៈ នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរជាង ២១ម៉ឺននាក់
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថិតិភ្ញៀវទេសចរផ្ទៃ ក្នុង នាចុងសប្តាហ៍កន្លងទៅនេះ ដោយចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ គឺទទួលបានភ្ញៀវទេសចរសរុបចំនួន២១៤ ៦៣៣ នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ២០២ ៧០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១១ ៩២៩ នាក់។
បើតាម លោក ថោង ខុន សរុបរយៈពេលពេញមួយខែមករា ដើមឆ្នាំ២០២២នេះ ដោយរាប់ទាំងបុណ្យឆ្លងឆ្នាំសកលផង មានភ្ញៀវទេសចរប្រមាណ ៣ ១៥៨ ៥៣៧ នាក់ ដែលបានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ដែលអាចចាត់ ទុក ថាជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃក្នុង សម្រាប់ ឆ្នាំ២០២២នេះ។ លោករដ្ឋមន្រ្ដីបន្ដថា ប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន បានត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន ដែលនឹងប្រារព្ធទៅចាប់ ពីថ្ងៃទី ៣១ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក៏ដូចជាធ្វើដំណើរកម្សាន្តនានា ទូទាំង ប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកផ្លូវការ។ ជាមួយចរន្តភ្ញៀវទេសចរនេះ ក្រសួង ទេសចរណ៍ បានបន្តណែនាំឱ្យមន្ទីរទេសចរណ៍ ប្រតិបត្តិករទេសចរណ៍និងវិស័យឯកជន បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងSOP ឱ្យបានគ្រប់មូលដ្ឋានអាជីវកម្ម ទេសចរណ៍ ពិសេសនាឱកាសចូលឆ្នាំប្រពៃណីចិននេះ។
សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៥៧ ៨២៣ នាក់ រាជធានីភ្នំពេញ ៣៤ ០៦៥ នាក់ ខេត្តពោធិ៍សាត់ ២០ ០១៤ នាក់ ខេត្ត បាត់ដំបង ១៦ ៧៨៣ នាក់ ខេត្តសៀមរាប ១៦ ៥៤៦ នាក់ និងខេត្តកំពត ១៣ ៧០៨ នាក់៕. សំរិត