នគរបាលថា គណនីហ្វេសប៊ុកឈ្មោះ Srey Chamroeun ចុះផ្សព្វផ្សាយ ព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឲ្យមជ្ឈដ្ឋានទូទៅ មានការយល់ច្រឡំ
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញបកស្រាយទាក់ទងទៅនឹងការចុះផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ របស់គណនីហ្វេសប៊ុកឈ្មោះ Srey Chamroeun ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ។
តាមពិតជាក់ស្ដែងក្នុងរូបភាពនេះជាមនុស្ស ២នាក់ផ្សេងគ្នាដាច់ដោយឡែក នារីពាក់អាវពណ៌ខ្មៅ ដែលមានឈ្មោះ វង្ស លក្ខ័ណា ជាបុគ្គលដែលបានខំមិនព័ត៌មានមិនពិតទាក់ទងទៅនឹងមន្ត្រីអគ្គិភ័យ ក្នុងគោលបំណងអាក្រក់បង្ខីចកិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ហេីយបុគ្គលរូបនេះក៏បានចូលខ្លួនសារភាពកំហុស ហើយសមត្ថកិច្ចក៏បានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ហេីយដោះលែងឲ្យត្រឡប់ទៅផ្ទះវិញហេីយ ដោយមិនបានដាក់ទោសអ្វីឡេីយ មិនដូចការចុះផ្សាយបំពុលព័ត៌មានរបស់បុគ្គល ស្រី ចំរេីន ដែលថានារីម្នាក់នេះត្រូវបានសមត្ថកិច្ចចោទប្រកាន់ និងបញ្ជូនទៅពន្ធនាគារ ។
ចំណែកឯនារីម្នាក់ទៀត ដែលពាក់អាវពណ៌ក្រហម មានឈ្មោះ ឈឹម ស៊ីថរ ជាមេដឹកនាំធ្វើចលនាញុះញង់ អុកឡុក បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ហើយតុលាការក៏បានចេញដីកាឃុំខ្លួនផងដែរ ។
មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ គួរតែស្រាវជ្រាវឱ្យបានដឹងច្បាស់ជាមុនសិន ចៀសវាងការចុះព័ត៌មានមិនពិត ដែលធ្វេីឱ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ៕