ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីរាជការក្រសួង ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ វ៉ាជែងដោយប្រុងប្រយ័ត្ន និងកុំបើកបរលើសល្បឿនកំណត់ដោយច្បាប់

67

 

ភ្នំពេញ ៖ថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការដែលជាអ្នកជិះម៉ូតូ និងចែកមួកសុវត្តិភាព ដោយមានការការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីអង្គភាពក្រោមឱវាទទីស្តីការក្រសួង និងក្រុមអ្នកសារព័ត៌មានផងដែរ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការអនុវត្តឱ្យមានប្រសិទ្ធភាពតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោក ធ្វើជាគំរូដល់ក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ជាពិសេសដើម្បីក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវឱ្យមាន ការយល់ដឹងអំពីហានិភ័យ នៃគ្រោះថ្នាក់ដែលបណ្តាល មកពីការបើកបរធ្វេសប្រហែសមិនគោរពច្បាប់ កែប្រែឥរិយាបថឱ្យមកយកចិត្តទុកដាក់ចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមរយៈការគោរពអនុវត្ត ច្បាប់ សំដៅបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារការប៉ះទង្គិចក្បាល តាមរយៈការប្រើប្រាស់មួកសុវត្តិភាពឱ្យបានត្រឹមត្រូវប្រកបដោយគុណភាពផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការរៀបចំ វិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយសំដៅជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យ មកនៅកម្រិតទាបបំផុត និងសំណូមពររបស់ប្រជាពលរដ្ឋសុំដំឡើងល្បឿនតាមដងផ្លូវមួយចំនួនពី៨០ទៅ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ជាពិសេសនៅតាមផ្លូវដែលល្អ មិនសូវមានប្រជាពលរដ្ឋរស់នៅច្រើនតាមដងផ្លូវ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ជម្រាបជូនផងដែរអំពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយដៃគូឯកជនក្នុងការទិញមួកសុវត្ថិភាពបានប្រមាណ៨ម៉ឺនមួកចែកជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីចូលរួមចំណែកផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ទៅបងប្អូនប្រជាពលរដ្ឋ ការចែកផ្លាកសុវត្ថិភាពជូនប្រជាពលរដ្ឋ (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ដោយឥតគិតថ្លៃសម្រេចបានប្រមាណបីលានប្រាំសែនសន្លឹកនៅទូទាំងប្រទេសតាមរយៈគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកដើម្បីចៀសវាងការគ្រោះថ្នាក់ចរាចរណ៍ពេលយប់ និងការរៀបចំស្ពតវីដេអូ និងស្ពតអប់រំខ្លីៗទាក់ ទងនឹងការអនុវត្តច្បាប់ចរាចរណ៍ និងសីលធម៌ក្នុងការបើកបរផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីក្រោមឱវាទពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយបន្ថែមទៀត និងបានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវស្វែងយល់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ជាពិសេសក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនត្រូវរៀបចំកម្មវិធីជួយបណ្ដុះបណ្ដាល និងពន្យល់អំពីច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ មិនអាចពឹងផ្អែកតែទៅលើគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកប៉ុណ្ណោះទេ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីរាជការក្រសួងដែលត្រូវទទួលបានមួក សុវត្ថិភាពចំនួន១១៤៨នាក់ក្នុងកម្មវិធីនេះ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពាក់មួកសុវត្ថិភាពឱ្យ បានត្រឹមត្រូវ វ៉ាជែងដោយប្រុងប្រយ័ត្ន និងកុំបើកបរលើសល្បឿនកំណត់ដោយច្បាប់ និងជួយផ្សព្វផ្សាយ បន្តច្បាប់ចរាចរណ៍ផ្លូវគោកទៅកាន់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងទូលំទូលាយថែមទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា៖ តាមការសិក្សារបស់កម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បង្ហាញថាផលប៉ះពាល់និងការខាតបង់ផ្នែកសេដ្ឋកិច្ចក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ចំណាយលើមន្ទីរពេទ្យ ទ្រព្យសម្បត្តិឯកជន ទ្រព្យសម្បត្តិជាតិ បានកើនឡើងដល់៤៥០លានដុល្លារអាមេរិកហើយ ដែលបញ្ហានេះជាការខាតបង់ដ៏ធំធេងសម្រាប់ប្រទេស ជាតិយើង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តផងដែរឱ្យមន្ត្រីរាជការក្រសួងដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ចូលរួមធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់យាន្តជំនិះ និងការគោរពច្បាប់ចរាចរណ៍ឱ្យបាន ម៉ឺងម៉ាត់ ពីព្រោះយើងជាអ្នកជួយតាក់តែងច្បាប់ កុំឱ្យគេនិយាយថាយើងជាអ្នកធ្វើច្បាប់ ប៉ុន្តែយើងជាអ្នក រំលោភច្បាប់ខ្លួនយើង និងបានក្រើនរំលឹកផងដែរអំពីគ្រុបតេឡេក្រាមស្តីពី “សុវត្ថិភាពចរាចរណ៍យើង” ដែលទើបត្រូវបានបង្កើតដើម្បីជួយថតរូប និងផ្សព្វផ្សាយអំពីបទល្មើសនៃច្បាប់ចរាចរណ៍។

សូមជម្រាបជូនថា៖ ការរៀបចំកម្មវិធីនេះមិនត្រឹមតែជារូបភាពនៃការចែកមួកសុវត្ថិភាពប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាជាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ការពាក់មួកសុវត្ថិភាពមានន័យថា៖ យើងចូលរួម អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ នេះគឺជាកាយវិការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ក្រសួងសាធារណការ និងដឹកជញ្ជូនដល់មន្ត្រីថ្នាក់ក្រោម ក៏ដូចជាការគិតគូរអំពីសុខទុក្ខរបស់ពួកគាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកក្នុងការរៀបចំ តាក់តែងច្បាប់ចរាចរណ៍ផ្លូវគោក និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង