សិក្ខាកាមចំនួន៧នាក់ទទួល បាននិទ្ទេសល្អក្នុង វគ្គបណ្តុះបណ្តាល គ្រូបង្វឹកប្រដាល់សកល ថ្នាក់ជាតិ
ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតថ្នាក់ជាតិកីឡាប្រដាល់សកលបានបិទនៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
វគ្គនេះដំណើរការឡើងក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដើម្បីពង្រឹងពង្រឹកសមត្ថភាពបន្ថែមដល់គ្រូបង្វឹកកម្ពុជា២០នាក់ឲ្យទទួលបានលទ្ធផលល្អដើម្បីត្រៀមការប្រកួតកីឡាកម្រិតជាតិនិងអន្តរជាតិនានា។
អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាលោក ប៊ុយ សុភ័ណ្ឌ បាននិយាយថា វគ្គនេះមានសិក្ខា ជាគ្រូបង្វឹកនៅតាមបណ្តាក្លិបកីឡាប្រដាល់សកលចំនួន៧រាជធានីខេត្តរួមមានរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ព្រៃវែង កំពង់ស្ពឺ ព្រះសីហនុ កំពត និងសៀមរាប។ ការបង្រៀនលើផ្នែកបច្ចេកទេសសំខាន់ៗនៃការបង្វឹក បទបញ្ជាបច្ចេកទេសហ្វឹកហាត់កីឡាប្រដាល់សកល និងតួនាទីរបស់គ្រូបង្វឹក។
លោកបានបន្តថា ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ គឺគ្រូបង្វឹកចំនួន៧នាក់ ទទួលបាននិទ្ទេសល្អ និង១៣នាក់ ល្អបង្គួរ។ ប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាលរូបនេះបន្ថែមថា តាមការសន្និដ្ឋានជារួម សិក្ខាកាមទាំងអស់បានបង្ហាញស្មារតីចូលរួមសិក្សាយ៉ាងផុលផុស និងបានស្វែងយល់ពីបទបញ្ជាបច្ចេកទេសហ្វឹកហាត់កីឡាប្រដាល់សកលការរៀបចំកម្មវិធីហ្វឹកហាត់ស្របតាមស្តង់ដារអន្តរជាតិនិងការអនុវត្តផ្ទាល់ស្តីពីវិធីសាស្ត្របង្វឹក។
លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធនិងសិក្ខាកាមជាគ្រូបង្វឹកទាំងអស់ខិតខំពង្រឹងគុណភាពនិងបន្តការអភិវឌ្ឍវិស័យកីឡាប្រដាល់សកល ឲ្យកាន់តែរីកចម្រើនបន្ថែម ជាពិសេសសម្រួចគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES 2032 លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចាត់ទុកថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិនេះ ពិតជាមានសារសំខាន់ណាស់គ្រូបង្វឹកប្រដាល់សកលកម្ពុជា ទទួលបានចំណេះដឹងថ្មីៗបន្ថែម ពីគ្រូឧទ្ទេសប្រចាំវគ្គ គឺលោក RUSSELL STUTELYដែលជាគ្រូកម្រិតអន្តរជាតិដែលធ្លាប់មានបទពិសោធន៍៤០ឆ្នាំលើវិញ្ញាសាប្រដាល់សកល
នេះ។ លោកប្រធានសហព័ន្ធបានដាក់ក្តីរំពឹងខ្ពស់ថា តាមរយៈសមិទ្ធផលថ្មីនេះ គ្រូបង្វឹកទាំងអស់នឹងយកចំណេះដឹងទាំងនេះ ទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជា ឲ្យមានគុណភាពកាន់តែខ្ពស់ ដើម្បីត្រៀមលក្ខណៈឲ្យកាន់តែរឹងមាំ ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES 2032 ៕