ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា សម្រេចមិនអញ្ជើញ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

387

 

ភ្នំពេញ៖ ប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នា មិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ឱ្យចូលរួម កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះឡើយ ដោយសារតែ មានវឌ្ឍនភាពតិចតួច ក្នុងការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច ហើយសមាជិកអាស៊ាន បានស្នើឱ្យមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាង ដែលមិនជាប់ ពាក់ព័ន្ធនយោបាយ មកជំនួសវិញ។ នេះបើតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ដោយសារមានវឌ្ឍនភាពតិចតួច ក្នុងការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ប្រទេសជាសមាជិកអាស៊ាន បានឯកភាពគ្នា នឹងមិនអញ្ជើញ រដ្ឋមន្ត្រីការបរទេស របស់ក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ឱ្យចូលរួម ក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនោះទេ។ ដូច្នេះយើងបានស្នើឱ្យមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាង ដែលមិនជាប់ពាក់ព័ន្ធ នយោបាយ មកជំនួសវិញ។

លោកបានបន្តថា ទន្ទឹមនឹងនេះ យើងលើកទឹកចិត្តមីយ៉ាន់ម៉ា ឱ្យជំនួសដោយភាគី ដែលមិនជាប់ពាក់ព័ន្ធនយោបាយ ជាជាងទុកកៅអីឱ្យនៅទំនេរ។ វាអាស្រ័យ លើមីយ៉ាន់ម៉ាក្នុង ការសម្រេចចិត្តថា «អ្នកតំណាងដែល មិនជាប់ពាក់ព័ន្ធនយោបាយ» នោះជានរណា។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) ដែលគ្រោងរៀបចំ ធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប បានលើកពេលម្តងហើយ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប បានអះអាងថា ខ្លួនមានការលំបាក ក្នុងការធ្វើដំណើរមក ចូលរួមក្នុង កិច្ចប្រជុំខាងលើ ខណៈដែលប្រទេសសមាជិកចំនួន៣ បានបង្ហាញជំហរ របស់ខ្លួន មិនឱ្យមីយ៉ាន់ម៉ា ចូលរួមប្រជុំ ប្រសិនបើមិន មានវឌ្ឍនភាព ពាក់ព័ន្ធនឹង ការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន ដែលដាក់ចេញកាលពីខែមេសា ឆ្នាំមុន។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) គឺជាកិច្ចប្រជុំមួយ ក្នុងចំណោម កិច្ចប្រជុំសំខាន់ៗ ចំនួន៤ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ មុនកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៥៥ (55 AMM Retreat and Related Meetings) ដែលធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា, កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) ដែលត្រូវធ្វើឡើងនៅខែវិច្ឆិកា និងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ (40th & 41th ASEAN Summits) ដែលគ្រោងធ្វើឡើង នៅខែវិច្ឆិកា ដូចគ្នាដែរនោះ៕

អត្ថបទដែលជាប់ទាក់ទង