ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា នឹងសហការគ្នាប្រារព្ធយុទ្ធនាការ គាំទ្រទិវាអន្តរជាតិ ដើម្បីសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២២

45

ភ្នំពេញ៖ អង្គការសកម្មភាពដើម្បីកុមារ (APLE) គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (CNCC) និងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ (Cambodian Red Cross Phnom Penh Branch) នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ នឹងសហការគ្នាប្រារព្ធយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២២។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយវិជ្ជមាន និងមានសុវត្ថិភាពសម្រាប់កុមារ និងយុវជនវ័យក្មេង និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ សេចក្តីគោរព ការគិតពិចារណា និងភាពច្នៃប្រឌិត។

ទិវាសុវត្ថិភាពអ៉ីនធើណិត ត្រូវបានប្រារព្ធឡើងរួមគ្នាដោយមូលនិធិ INSAFE និង INHOPE របស់មជ្ឈមណ្ឌលសុវត្ថិភាពអ៉ីនធើណិតនៃសភាពអឺរ៉ុប ដោយមានការគាំទ្រពីគណៈកម្មាការអឺរ៉ុប ក្នុងខែកុម្ភៈរៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយវិជ្ជមាន និងមានសុវត្ថិភាពសម្រាប់កុមារ និងយុវជនវ័យក្មេង។ ដោយបានប្រារព្ធឡើងនាថ្ងៃទីពីរ សប្តាហ៍ទីពីរ និងខែទីពីរជារៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់បានចូលរួម និងជំរុញឱ្យមានការផ្លាស់ប្តូរតាមប្រព័ន្ធអនឡាញជាវិជ្ជមាន និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងចូលរួមសកម្មភាពនានានៅជុំវិញសកលលោក។ ខណៈដែលការប្រារព្ធទិវានេះអាចធ្វើឡើងតាមប្រព័ន្ធអនឡាញ ឬធ្វើដោយផ្ទាល់ដោយសារតែស្ថានភាពប្រឈមនៃជម្ងឺកូវីដ១៩ យើងសង្ឃឹមថាទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍សកលដ៏សំខាន់មួយ និងមានការចូលរួមកាន់តែច្រើន។

អស់រយៈពេលជាច្រើនឆ្នាំ ទិវាសុវត្ថិភាពអ៉ីនធឺណិតបានក្លាយ ជាព្រឹត្តិការណ៍សកលដ៏សំខាន់មួយក្នុងកម្មវិធីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។ ដោយចាប់ផ្តើមពីគម្រោង SafeBorders របស់សហភាពអ៊ឺរ៉ុបក្នុងឆ្នាំ២០០៤ ហើយបានបន្តអនុវត្តដោយបណ្តាញ Insafe ជាសកម្មភាពមួយក្នុង ចំណោមសកម្មភាពនានាក្នុងឆ្នាំ២០០៥ ទិវាសុវត្ថិភាពអ៊ីនធឺណិតបានពង្រីកវិសាលភាពរបស់ខ្លួន ហើយមានប្រទេស និងដែនដីប្រមាណជា២០០ នៅទូទាំងពិភពលោកបានចូលរួមប្រារព្ធអបអរសាទរ។

នៅប្រទេសកម្ពុជា អង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលជាសមាជិកនៃ គណៈកម្មាធិការសុវត្ថិភាពអ៉ីនធឺណិត បានប្រារព្ធទិវានេះឡើងចាប់តាំងពីឆ្នាំ២០១៩។ មនុស្សរាប់ពាន់នាក់ ជាពិសេសកុមារ និងយុវជនវ័យក្មេង បានចូលរួមប្រារព្ធទិវាសុវត្ថិភាពអ៉ីនធឺណិតនេះបីឆ្នាំជាប់គ្នា។

លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ (APLE) បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ដោយមានការឧបត្ថម្ភពីអង្គការភ្លែនអន្តរជាតិកម្ពុជា (PLAN International Cambodia) អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF Cambodia) ក្រុមហ៊ុន Smart Axiata មូលនិធិ World Childhood និងមូលនិធិ Bread for the World យុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៉ីនធឺណិត នឹងត្រូវរៀបចំឡើង ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ ការពារ និងគោរពសិទ្ធិកុមារ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយការទទួលខុសត្រូវ» ដែលនឹងមានអ្នកចូលរួមជាង ៣០០នាក់ រួមមាន កុមារ យុវជន មន្រ្តីរាជរដ្ឋាភិបាល គ្រូបង្រៀន បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងប្រតិបត្តិករអ៊ីនធើណិត។

លោក សំលៀង សីលា បានបង្ហាញក្តីសង្ឃថា ព្រឹត្តិការណ៍ឆ្នាំនេះនឹងក្លាយ ជាជំហ៊ានដ៏សំខាន់ឆ្ពោះ ទៅការរក្សាសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងផ្តល់ឱ្យពួកគេនូវភាពសប្បាយ រីករាយ ជាពិសេសសម្រាប់កុមារ និងយុវជនវ័យក្មេងដែលនឹងចូលរួមដោយផ្ទាល់។ បន្ទាប់ពីកម្មវិធីនៅ វិទ្យាស្ថានជាតិអប់រំ ទិវាសុវត្ថិភាពអ៉ីនធឺណិត ក៏នឹងត្រូវប្រារព្ធធ្វើឡើងជាមួយកុមារ ចំនួន៣០០នាក់មកពីវិទ្យាល័យឯកជនចំនួនពីរក្នុងរាជធានីភ្នំពេញ។

លោក សំលៀង សីលា បានលើកឡើងថា៖ «ការចូលរួមប្រារព្ធ ទិវាសុវត្ថិភាពអ៉ីនធឺណិតនេះ បានសំដែងនូវការប្តេជ្ញាចិត្ត ដ៏មុះមុតរបស់ភាគី ពាក់ព័ន្ធទាំងអស់ក្នុងការការពារកុមារពីគ្រប់ទម្រង់ទាំងអស់នៃការរំលោភបំពាន រួមទាំងការរំលោភបំពាន តាមប្រព័ន្ធអនឡាញ និងបានក្លាយជាចំណែក ដ៏ធំមួយនៃការផ្លាស់ប្តូរឥរិយាបទ និងការជម្រុញទឹកចិត្តឱ្យមាន ការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិត ប្រកបដោយការទទួលខុសត្រូវ ការគោរព ការចេះគិតពិចារណា និងភាពច្នៃប្រឌិត»។

លោក សំលៀង សីលា ស្វាគមន៍បណ្តាញសារព័ត៌មានទាំងអស់ ចូលរួមក្នុង «ទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២២» និងចូលរួមបំពេញតួនាទី រក្សាសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ តាមរយៈការចូលរួម ផ្សព្វផ្សាយដល់សាធារណជនទូទៅ។

អត្ថបទដែលជាប់ទាក់ទង