ក្នុងកិច្ចសម្ភាសន៍ ព្រះករុណាព្រះមហាក្សត្រ ៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាប៉េកាំង បង្ហាញពីបំណងប្រាថា្នសហគមន៍ វាសនារួម នៃមនុស្សជាតិ និងការយកឈ្នះលើបញ្ហាប្រឈមជាសកល
ភ្នំពេញ ៖ បើតាមស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៤ខែកុម្ភៈបានចេញផ្សាយព័ត៌មានថា នាថ្ងៃទី២ខែកុម្ភៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ទទួលកិច្ចសម្ភាសន៍ ជាលាយលក្ខណ៍អក្សរ ជាមួយក្រុមសារព័ត៌មានXinhua នៅរាជធានីភ្នំពេញ ព្រះអង្គមានព្រះរាជបន្ទូលថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិករដូវរងាប៉េកាំង ដែលក្រោមពាក្យស្លោក ប្រធានបទ«រួមគ្នាឆ្ពោះទៅអនាគត» នេះបានបង្ហាញឱ្យឃើញពីបំណងប្រាថ្នា របស់សហគមន៍វាសនារួមនៃមនុស្សជាតិ និងការយកឈ្នះលើបញ្ហាប្រឈមជាសកល។
ព្រះអង្គបានសព្វព្រះរាជហឫទ័យតបតាមបង្គំថ្វាយ ស្ដេចយាងចូលរួម ពិធីបើកកីឡាអូឡាំពិករដូវរងាប៉េកាំងឆ្នាំ២០២២ នឹងជួយពង្រឹងចំណងមិត្តភាពជាប្រពៃណី ចំណងមិត្តភាពដូចបងប្អូន និងភាពជាដៃគូរវាងកម្ពុជា-ចិន។
ព្រះអង្គមានព្រះរាជបន្ទូលបន្តទៀតថា គ្មាអ្វីគួរឱ្យឆ្ងល់នោះទេថា ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាប៉េកាំងឆ្នាំ២០២២ នឹងផ្តល់ជូនអត្តពលិកនូវកន្លែងស្នាក់ ម្ហូបអាហារ ការថែទាំសុខភាព ការធ្វើចរាចរណ៍ ការកម្សាន្តកាយសម្បទា ពាណិជ្ជកម្ម និងសេវាកម្មផ្សេងទៀតដែលមានគុណភាពខ្ពស់។
ការទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅរបស់ប្រជាជនចិន នឹងធ្វើឱ្យដិតជាប់ក្នុង អារម្មណ៍របស់អ្នកចូលរួម។ ព្រះអង្គជឿជាក់ថា ប្រជាជនចិនមាន សមត្ថភាពក្នុងការបង្ហញភាពអស្ចារ្យ នៃព្រឹត្តិការណ៍កីឡាទៅកាន់ពិភពលោក។
ព្រះអង្គបានវាយតម្លៃខ្ពស់ចំពោះពាក្យស្លោកប្រធានបទ «រួមគ្នាឆ្ពោះទៅអនាគត» របស់កីឡាអូឡាំពិករដូវរងា និងកីឡាប៉ារ៉ាឡាំពិកប៉េកាំងឆ្នាំ២០២២។ ព្រះអង្គមានព្រះរាជបន្ទូលថា នេះបានបង្ហាញពីបំណងប្រាថ្នា របស់សហគមន៍វាសនារួម នៃមនុស្សជាតិ និងការយកឈ្នះ លើបញ្ហាប្រឈមជាសកល។
ដោយឃើញថា ក្នុងបរិបទកូវីដ១៩ ពិភពលោកកំពុងប្រឈមមុខ ជាមួយភាពលំបាក គ្រប់ប្រភេទ ហើយពាក្យស្លោកប្រធានបទបានបង្ហាញ ពីពិភពលោកត្រូវខិតខំរួមគ្នា ដើម្បីសម្រេចបាននូវភាពត្រចះត្រចង់នាថ្ងៃអនាគត។
«រួមគ្នាឆ្ពោះទៅអនាគត» បានឆ្លុះបញ្ចាំងពីការរួបរួមសាមគ្គីគ្នា និងខិតខំរួមគ្នា និងបង្ហាញពីគុណតម្លៃស្នូល និងចក្ខុវិស័យនៃកីឡាអូឡាំពិក និងព្រមទាំងការស្វែងរក គោលដៅរួបរួម សន្តិភាព និងភាពរីកចម្រើននៃពិភពលោក។ ទន្ទឹមនឹងនេះ ពាក្យស្លោកប្រធានបទ ក៏បានឆ្លុះបញ្ចាំងពីគុណតម្លៃសំខាន់ៗ នៃកីឡាប៉ារ៉ាឡាំពិករដូវរងា ជាពិសេសគឺការដើរតួនាទីសំខាន់ នៃកីឡាអូឡាំពិក ក្នុងការលើកកម្ពស់ ការយោគយល់គ្នានៅក្នុងសង្គម។
អំពីទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រះអង្គបានបន្តទៀតថា ចាប់តាំងពីកិច្ចជំនួបជា ប្រវត្តិសាស្ត្ររវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតនកោដ្ឋ»និងឯកឧត្តម Zhou Enlai នាយករដ្ឋមន្ត្រីចិន ក្នុងសន្និសីទអាស៊ី-អាហ្រ្វិក នៅទីក្រុងBandungប្រទេសឥណ្ឌូណេស៊ីកាលពីខែមេសាឆ្នាំ១៩៥៥មក កម្ពុជានិងចិន បានក្លាយជាមិត្តចាស់ ដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធ លើគ្រប់វិស័យ។ រយៈពេលជាង៦០ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពកម្ពុជា-ចិន ទទួលបានការ អភិវឌ្ឍន៍រីកចម្រើន។ ក្នុងអំឡុងពេលនៃជំងឺវីរុសកូវីដ១៩ ដើម្បីជួយកម្ពុជា ប្រយុទ្ធប្រឆាំងជំងឺវីរុស ចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដ និងផ្តល់ជូនជា សម្ភារប្រយុទ្ធប្រឆាំងជំងឺវីរុស មកកាន់កម្ពុជា ជាពិសេសនោះគឺវ៉ាក់សាំងកូវីដ។
នាពេលបច្ចុប្បន្ននេះ ជាង៩០%នៃវ៉ាក់សាំងកូវីដ ដែលកម្ពុជាទទួលបាន គឺមកពីប្រទេសចិន នេះជាការបង្ហាញយ៉ាងជាក់ស្តែង អំពីសហគមន៍វាសនារួម រវាងកម្ពុជា-ចិន។ ថ្វីត្បិតតែស្ថិតក្នុងស្ថានភាព នៃជំងឺវីរុសកូវីដក៏ដោយ តែកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅតែបន្តអភិវឌ្ឍរីកចម្រើន ទំហំពាណិជ្ជកម្មទ្វេភាគី នៅតែបន្តកើនឡើងជាបន្តបន្ទាប់។ ឆ្នាំ២០២២នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលត្រូវបានចុះហត្ថលេខា ដោយកម្ពុជានិងចិន បានចូលជាធរមាន ដែលគ្របដណ្តប់លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ការដឹកជញ្ជូន និងកសិកម្មជាដើម។
ព្រះករុណាព្រះមហាក្សត្រ មានការរំពឹងទុកថា តាមរយៈចំណងមិត្តភាព នៃប្រជាជនទាំងពីរប្រទេស ដែលប្រៀបដូចបងប្អូន នឹងបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កាន់តែរឹងមាំ កម្ពុជានិងចិន នឹងរួមចំណែក កាន់តែធំធេង សម្រាប់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ ក៏ដូចជាការជំរុញកសាងសហគមន៍វាសនារួម សម្រាប់មនុស្សជាតិ៕