ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលី កំពុងធ្វើឳ្យប្រសើរឡើង នូវគុណភាពដំឡូងជ្វារបស់កម្ពុជា សម្រាប់ការធ្វើពិពិធកម្មដំណាំ

47

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី 4 ខែកុម្ភៈនេះបានឲ្យដឹងថា ដំឡូងជ្វាជាដំណាំដែល មានតម្លៃខ្ពស់ក្នុងប្រទេសកម្ពុជា។ វាមានសក្ដានុពលខ្លាំង សម្រាប់ការនាំចេញទៅ កាន់ទីផ្សារសំខាន់ៗ (ដូចជាប្រទេសអូស្ត្រាលី និងសហភាពអឺរ៉ុប) ហើយអាចធ្វើឳ្យប្រសើរឡើង នូវជីវភាពរស់នៅ សន្តិសុខស្បៀង អាហារូបត្ថម្ភ និងប្រាក់ចំណូលរបស់កសិករ។

ទោះជាយ៉ាងណាក៏ដោយ នៅកម្ពុជាមិនមានពូជដែល ល្អប្រសើរនៅឡើយទេ ហើយកសិកររក្សាពូជរាប់ខែ ហើយនៅតែបន្តទទួលបានទិន្នផលទាប។

អូស្ត្រាលី តាមរយៈកម្មវិធីខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) គាំទ្រ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ធ្វើឳ្យប្រសើរឡើងនូវហ្សែនពូជដំឡូងជ្វា ពីគំរូចំនួន ៣៦ ដែលបានយកមកពីខេត្តតាកែវ ព្រៃវែង និងព្រះវិហារ។ យើងមានគោលបំណងលើកកម្ពស់ និងណែនាំពូជដែលមានគុណភាពមើមល្អ (ចំពោះរុក្ខជាតិមើម) និងទិន្នផលខ្ពស់សម្រាប់ កសិករក្នុងការដាំដុះ។

ថ្មីៗនេះ CAVAC និង CARDI បានរៀបចំកម្មវិធីធ្វើតេស្តភ្លក់ និងជ្រើសរើសពូជដំឡូង ជ្វាល្អបំផុតនៅក្នុងខេត្តតាកែវ។ បុគ្គលិកមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងកសិករ អាជីវករ អ្នកនាំចេញ និងដៃគូអភិវឌ្ឍន៍នានា ត្រូវបានអញ្ជើញឱ្យចូល រួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីវាយតម្លៃរសជាតិរបស់ដំឡូងជ្វាចំហុយ។ កសិករមានភាពរីករាយ និងសង្ឃឹមថានឹងដាំពូជដែល បានធ្វើតេស្តនេះនៅចំការរបស់ពួកគាត់៕

អត្ថបទដែលជាប់ទាក់ទង