ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ ឲ្យបាតុកររអតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវីលដ៍ បញ្ឈប់ការប្រមូលផ្តុំធ្វើបាតុកម្មជាបន្ទាន់

52

 

ភ្នំពេញ ៖ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ឱ្យបាតុកររអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ទាំងអស់ទៅ យកសំណាក នៅទីតាំងដែលបានកំណត់ស្ថិតនៅកោះពេជ្រ ។ បាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្តុំ ដែលជាហេតុបង្កឱ្យមាន ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងនោះមាន ការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញមានកិត្តិយស សូមជម្រាបជូនសាធារណជន និង ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ឱ្យបានជ្រាបថា នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួង សុខាភិបាលចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញនូវករណ៍វិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើ បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ជាស្ត្រីមានផ្ទៃពោះម្នាក់ ហើយបានណែនាំឱ្យបាតុករ ទាំងអស់ទៅ យកសំណាក នៅទីតាំងដែលបានកំណត់ ស្ថិតនៅកោះពេជ្រ ក្នុងរយៈពេល ០៣ (បី) ថ្ងៃ។ ប៉ុន្តែលោក ជួប ចាន់ណាត តំណាងក្រុមបាតុករបានសំណូមពរ ឱ្យក្រុមគ្រូពេទ្យមកយកសំណាក នៅទីតាំងប្រមូលផ្តុំធ្វើ បាតុកម្មជាក់ស្ដែង នៅពេលក្រុមគ្រូពេទ្យមកដល់ ក្រុមបាតុករនៅតែរឹងរូស មានះ មិនព្រមសហការឱ្យយកសំណាកទៀត។

លើសពីនេះទៀត កាលពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានរកឃើញករណ៍វិជ្ជមាន កូវីដ-១៩ ប្រភេទអូមីក្រុង លើបាតុករជាបន្តបន្ទាប់ បន្ថែមទៀត។ ទន្ទឹមនឹងនេះ គណៈកម្មការប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ សូមអំពាវនាវបន្ថែមទៀតដល់ ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធជាមួយបាតុករ ត្រូវទៅយកសំណាកនៅទីតាំង ដែលបានកំណត់ជូន ស្ថិតនៅកោះពេជ្រ បន្តទៀត។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូដ-១៩ ប្រភេទអូមីក្រុង ឬប្រភេទផ្សេងទៀត ចូលទៅក្នុងសហគមន៍ ក្នុងទ្រង់ទ្រាយធំ តាមរយៈការប្រមូលផ្តុំធ្វើបាតុកម្មនេះ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ ឲ្យបញ្ឈប់ជាបន្ទាន់នូវ ការប្រមូលផ្តុំធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាម វិធានការសុខាភិបាល រហូតដល់ធានា បានថាលែងមានការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។

ក្នុងករណីដែលបាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្តុំ ដែលជាហេតុបង្កឱ្យមាន ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងនោះមានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី ចូលរួមរបស់ក្រុម បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ដើម្បីអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ ក៏ដូចជាធានាបាននូវការ រស់នៅតាមគន្លងប្រក្រតីភាពថ្មី ធ្វើយ៉ាងណា កុំឱ្យរាជធានីភ្នំពេញ ជួបសោកនាដកម្ម ដូចព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង