ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងចេញលិខិតប្រាប់ឲ្យទូរទស្សន៍ ដែលមានកម្មវិធីកីឡា ត្រូវតែផ្សព្វផ្សាយពីឡូហ្គូ និង ម៉ាស្កុតស៊ីហ្គេម

248

ភ្នំពេញ៖ឯកឧត្តមខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសនៅ ក្នុងសន្និសីទកាសែតមួយ នាល្ងាចថ្ងៃទី៤កុម្ភៈថា នៅសប្ដាហ៍ក្រោយ ក្រសួងព័ត៌មាននឹងចេញលិខិតមួយប្រាប់ ទៅគ្រប់ស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកទាំងអស់ ដែលមានកម្មវិធីកីឡាត្រូវតែផ្សព្វផ្សាយ ពីឡូហ្គូ(LOGO) និងម៉ាស្កុត (Mascot) ស៊ីហ្គេម ។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ ហេតុនេះគ្រប់ទូរទស្សន៍ ត្រូវតែជួយផ្សព្វផ្សាយ ពីព្រឹត្តិការណ៍នេះឲ្យបាន
ច្រើនព្រោះវាជាមោទនភាព ជាតិរបស់យើង ។

ឯកឧត្តមបានបន្ទោសថា សព្វថ្ងៃនេះទូរទស្សន៍ជាច្រើន ផ្សព្វផ្សាយតែកម្មវិធីប្រុសស្អាត ស្រីស្អាតនិង អ្នកច្រៀងពីរោះតែសម្រាប់រឿងស៊ីហ្គេមវិញ ហាក់ដូចជាមានបន្តិចបន្តួចណាស់ ។ ហេតុនេះទូរទស្សន៍ទាំងអស់ ត្រូវតែចូលរួមផ្សព្វផ្សាយពីស៊ីហ្គេមឆ្នាំ២០២៣ឲ្យបានច្រើន ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កាលពីមុនបាល់ទាត់កម្ពុជា ទៅប្រកួតទីណាឃើញ តែចាញ់គេហើយចាញ់ច្រើនទៀតផង តែសម្រាប់ពេលនេះ បាល់ទាត់កម្ពុជា បានក្លាយជាតារាមួយដួង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ប្រដាល់ដែលកាលពីអម្លុង ចុងឆ្នាំ១៩៥០ និងដើមឆ្នាំ១៩៦០ចាញ់គេ
រហូតនោះតែពេលនេះ ក៏កំពុងតែខ្លាំងដែរ ។
ពីមុននៅក្នុងតំបន់ គេស្គាល់តែមួយថៃ (Muay Thai) ឬ ប្រដាល់ថៃតែពេលនេះ នៅប្រទេសជាច្រើន គេចាប់ផ្ដើមស្គាល់ពីក្បាច់គុនបូ
រាណខ្មែរ ហើយដែលនេះជាមោទនភាព របស់យើង ។

បើតាមការឲ្យដឹងពីឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានោះថា ក្រសួងអប់រំយុវជននិងកីឡា បានដាក់ប្រភេទកីឡាប្រដាល់គុន
ខ្មែរនិងកីឡាប្រពៃណីជាតិមួយចំនួនទៀត ចូលទៅក្នុងផែនការ៥ឆ្នាំ របស់អាស៊ាន២០២១ ដល់២០២៥ ក្នុងគោលបំណងលើក កំពស់ការអភិរក្ស ការអភិវឌ្ឍន៍ និងការផ្សព្វផ្សាយកីឡាប្រពៃណី ដែលជាអត្តសញ្ញាណជាតិ ដ៏ផូរផង់និងយូរលង់ របស់ខ្មែរយើងទៅក្នុងតំបន់ និង ពីភពលោក ។
ពេលនេះក្រសួងអប់រំយុវជន និង កីឡា បានធ្វើការកែទម្រង់លើការបណ្ដុះបណ្ដាល ធនធានមនុស្សហេដ្ឋរចនាសម្ព័ន្ធ និងការប្រកួតគ្រប់ប្រភេទ ពិសេសបានផ្ដលើថវិកាគាំទ្រ ដល់សហព័ន្ធកីឡាជាតិ ដែលមានឈ្មោះក្នុងបញ្ជីប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដើម្បីពន្លឿនការអភិវឌ្ឍន៍ សមត្ថភាពកីឡាករ កីឡាការិនីសម្រាប់ ដណ្ដើមមេដាយ ។
ចៅក្រម អាជ្ញាកណ្ដាល មន្រ្តីបច្ចេកទេស សម្រាប់រៀបចំ និង កាត់សេចក្ដីនៃការប្រកួត ក៏ត្រូវពង្រឹងឲ្យបាន គ្រប់គ្រាន់ទាំងសមត្ថ
ភាព បច្ចេកទេស ប្រកបដោយគុណភាព ៕

អត្ថបទដែលជាប់ទាក់ទង