ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរា កំពុងសិក្សា និងប្រមូលព័ត៌មាន ពាក់ព័ន្ធការសង់សំណង់អង្គរសិប្បនិម្មិត នៅប្រទេសវៀតណាម

36

 

ភ្នំពេញ៖ លោក ឡុង កុសល អគ្គនាយករង និងមន្ត្រីនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា អាជ្ញាធរជាតិអប្សរា បានទទួលរួចហើយព័ត៌មានពាក់ព័ន្ធការសង់សំណង់អង្គរសិប្បនិម្មិត នៅតំបន់ទេសចរណ៍ក្នុងទីក្រុងដាណាង ប្រទេសវៀតណាម។ លោក បានអះអាងថា អាជ្ញាធរអប្សរាកំពុងសិក្សា និងប្រមូលព័ត៌មាន ដើម្បីដាក់ជូនទៅក្រសួង និងស្ថាប័នពាក់ព័ន្ធ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរ និងអ្នកលេងបណ្តាញសង្គម បាននាំគ្នាប្រតិកម្មជាខ្លាំង បន្ទាប់ពីពួកគេបានឃើញសំណង់អង្គរសិប្បនិម្មិត ត្រូវបានសាងសង់នៅតំបន់ទេសចរណ៍របស់វៀតណាម ក្នុងទីក្រុងដាណាង ហើយត្រូវបានចែកចាយលើបណ្តាញសង្គម។

យោងតាមគេហទំព័រតំបន់ទេសចរណ៍វៀតណាម បានបង្ហាញទីតាំងដែលគេបានសង់សំណង់អង្គរសិប្បនិម្មិតនេះ ស្ថិតនៅក្នុងតំបន់ទេសចរណ៍ដ៏ល្បីមួយរបស់វៀតណាម ក្នុងទីក្រុងដាណាង ដែលទើបនឹងដាក់ឱ្យភ្ញៀវទស្សនាកាលពីអំឡុងឆ្នាំ២០១៩។ តំបន់ដែលគេសង់សំណង់អង្គរសិប្បនិម្មិត គេឱ្យឈ្មោះថា «សួនអាស៊ី» នៅក្នុងសួននេះ ក្រៅតែពីសំណង់អង្គរសិប្បនិម្មិតរបស់ខ្មែរ ក៏មានសំណង់តំបន់ទេសចរណ៍របស់ប្រទេសក្នុងតំបន់អាស៊ីជាច្រើនទៀត ដូចជាប្រទេសថៃ សិង្ហបុរី ចិន កូរ៉េខាងត្បូង ណេប៉ាល់ និងឥណ្ឌាជាដើម។

លោក ឡុង កុសល បានប្រាប់យ៉ាងដូច្នេះ «យើងទទួលបានព័ត៌មានតាមរយៈបណ្តាញសង្គមជាច្រើន ផ្សព្វផ្សាយពីការសាងសង់ចម្លងមួយចំនួននៃសំណង់ប្រាសាទខ្មែរ។ តាមវីដេអូដែលយើងបានឃើញនៅទីក្រុងដាណាង ប្រទេសវៀតណាម មានដូចជា ផ្នែកខ្លះនៃប្រាសាទតាព្រហ្ម ខ្លោងទ្វារចូលប្រាសាទអង្គរវត្ត ហើយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបាននិងកំពុងសិក្សាលើការងារនេះ ធ្វើរបាយការណ៍សរុបបច្ចេកទេសជូនទៅក្រសួងសាម៉ី ស្ថាប័នពាក់ព័ន្ធរបស់យើង ដើម្បីធ្វើការទាក់ទងជាមួយប្រទេសវៀតណាម តាមរយៈស្ថានទូតយើងដើម្បីពិនិត្យបន្ថែមលលើបញ្ហានេះ»។

លោក កុសល បន្ថែមថា «យើងប្រមូលព័ត៌មានឱ្យបានច្បាស់លាស់គ្រប់គ្រាន់ ធ្វើការទំនាក់ទំនងជាមួយស្ថាប័នដែលមានភារកិច្ចក្រៅប្រទេស ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតរបស់យើង ដើម្បីទាមទារឱ្យមានការពិនិត្យឡើងវិញ ហាមឃាត់ ទប់ស្កាត់នូវរូបភាពបែបនេះ ព្រោះប្រទេស និងប្រទេស តែងមានការគោរព តែងមានការយល់ដឹង និងណែនាំទៅប្រជាជនរបស់ខ្លួនឱ្យចេះគោរព ឱ្យចេះលើកតម្កើងតម្លៃមនុស្សជាតិនិងតម្លៃបេតិកភណ្ឌពិភពលោក»។

លោក ឡុង កុសល បានឱ្យដឹងដែរថា ការលួចចម្លង និងការសង់សំណង់សិប្បនិម្មិតរបស់ខ្មែរ ធ្លាប់បានកើតមាននៅក្នុងប្រទេសដទៃផងដែរ។ ក្នុងនោះមានប្រទេសខ្លះ សុំកិច្ចសហការ ហើយប្រទេសទៀតមិនមានសុំកិច្ចសហការអ្វីនោះឡើយ។

លោក កុសល បានបញ្ជាក់ដូច្នេះ «ជាការកត់សម្គាល់មួយទៀត ឃើញថា ការចម្លងអាចមានរូបភាព និងគោលបំណងខុសៗគ្នា។ ការចម្លងខ្លះ ឬយកភាគខ្លះនៃប្រាសាទអង្គរវត្តបន្តិច ប្រាសាទបន្ទាយឆ្មារបន្តិច ប្រាសាទតាព្រហ្មបន្តិច ធ្វើឡើងក្នុងគោលបំណងឃោសនារកប្រាក់ចំណូលដោយប្រើប្រាស់ភាពល្បីល្បាញរបស់ប្រាសាទខ្មែរតែម្តង។ រីឯការចម្លងខ្លះទៀត មានគំនិតឆ្នៃប្រឌិតធ្វើទាំងមូលតែម្តង ទំហំតូចជាតែទាំងមូល ហើយប៉ុនប៉ងប្រើប្រាស់នូវភាពល្បីល្បាញរបស់នេះ ដើម្បីបំភ័ន្តជារបស់ផ្ទាល់ខ្លួនទៅវិញ»។

សម្រាប់លោក កុសល ការលួចចម្លងបែបនេះ គឺហុចផលទាំងវិជ្ជមាន និងអវិជ្ជមានសម្រាប់កម្ពុជា ជាម្ចាស់នៃរតនសម្បត្តិទាំងនេះ។ ផលវិជ្ជមានមានដូចជា៖ នៅពេលភាពល្បីល្បាញរបស់បេតិកភណ្ឌខ្មែរ ស្នាដៃដ៏អស្ចារ្យរបស់ដូនតាដែលពិភពលោកមានការស្ងើចសរសើរ មានការស្រឡាញ់ ធ្វើឲ្យប្រទេសខ្លះ ឬតំបន់ខ្លះមានការស្រឡាញ់ ធ្វើការផ្សព្វផ្សាយដើម្បីបង្កើនភាពល្បីរន្ទឺឱ្យកាន់តែខ្លាំងឡើងថែមទៀត។

ដោយឡែកផលអវិជ្ជមានវិញ គឺការចម្លងខ្លះធ្វើឡើងដោយកេងយកប្រយោជន៍ពីភាពល្បីល្បាញរបស់បេតិកភណ្ឌខ្មែរដែលគ្មានការពិគ្រោះ ការស្នើសុំ ហើយយកកិច្ចការនេះទៅជាការរកផលចំណេញផ្ទាល់ខ្លួន ដែលនេះជាការប្រកួតប្រជែងមិនស្មោះត្រង់។ ពេលខ្លះទៀត ក៏មានការផ្សព្វផ្សាយនូវព័ត៌មានមិនច្បាស់ ប្រវត្តិមិនច្បាស់លាស់ ឬមានបំណងចង់បំភ័ន្តបំភ្លៃនៃប្រវត្តិសាស្ត្រ ឬតម្លៃនៃស្នាដៃ។

លោក ឡុង កុសល បានលើកឡើងថា ការចម្លងបែបនេះ អាចធ្វើឱ្យមានការភ័ន្តច្រឡំទៅលើមហាជននានា ដែលផលអវិជ្ជមាននេះ មិនត្រឹមតែប៉ះពាល់ដល់ប្រទេស និងប្រជាជនយើងទេ តែនឹងធ្វើឱ្យអាប់ឱនដល់អ្នក ដែលបានលួចចម្លងដែរ ព្រោះអ្នកដែលបានលួចចម្លងមានការខ្វះក្រមសីលធម៌ ពុំមានការយល់ដឹងច្បាស់លាស់អំពីតម្លៃ នៃកិច្ចការពារបេតិកភណ្ឌពិភពលោក ដែលមនុស្សជាតិទាំងអស់ ត្រូវចូលរួមថែរក្សាមិនចំពោះតែបេតិកភណ្ឌដែលមានក្នុងប្រទេសខ្លួនឯងទេ ប៉ុន្តែត្រូវចូលរួមថែរក្សានូវបេតិកភណ្ឌដែលមាននៅតាមបណ្តាប្រទេសដទៃក្នុងពិភពលោកផងដែរ។

បើទោះជាយ៉ាងណា លោក កុលស មិនសូវជាបារម្ភរឿងនាំឱ្យប៉ះពាល់ដល់ការធ្លាក់ចុះអ្នកទេសចរណ៍ទៅលកាន់តំបន់អង្គរ ព្រោះតែការសង់សំណង់សិប្បនិម្មិតនោះឡើយ។ ការមិនបារម្ភព្រោះលោកយល់ច្បាស់អំពីទស្សនៈរបស់អ្នកទេសចរ គឺចង់ឃើញរបស់ពិត ដែលស្ថាបត្យកម្មមានតម្លៃជាសកល តម្លៃជាប្រវត្តិសាស្ត្រ។

លោក កុសល បានលើកឡើងដូច្នេះ «ខ្ញុំហាក់ដូចជាពុំមានការព្រួយបារម្ភពេកទេ ព្រោះភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីស្វែងយល់អំពីតម្លៃ អំពីពិភពលោកដែលទូលំទូលាយនេះ គឺសុទ្ធតែឆ្លាតវាងវៃ។ ប្រសិនបើគេចំណាយលុយទិញសំបុត្រយន្តហោះធ្វើដំណើរជុំវិញពិភពលោក គឺគេចំណាយលុយ ដើម្បីទៅទស្សនាដុំពេជ្រមិនមែនទៅទស្សនាដុំក្រួសនោះទេ។ ដូច្នេះខ្ញុំជឿថា ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ ទស្សនាអ្វីដែលជាបេតិកភណ្ឌពិភពលោកពីប្រទេសមួយទៅប្រទេសមួយទៀត គឺសុទ្ធតែជាអ្នកឆ្លាតវាងវៃជាងការដែលមនុស្សមួយចំនួនខិតខំប្រឹងប្រែងចំលង ឬធ្វើអ្វីដូច ឬប្រហាក់ប្រហែលបំភ្លៃដើម្បីទាក់ទាញភ្ងៀវទេសចរអន្តរជាតិនោះទេ»៕

អត្ថបទដែលជាប់ទាក់ទង