ប្រធានខេមរសហព័ន្ធយូដូ ប្រកាសថានឹង ជំរុញការអភិវឌ្ឍ សម្រាប់អាណត្តិថ្មី ២០២១-២០២៥
ភ្នំពេញ៖លោកប្រធានខេមរសហព័ន្ធយូដូ លោកហេងលីបានប្តេជ្ញាចិត្តខ្ពស់ថា នឹងបន្តជំរុញការអភិវឌ្ឍវិស័យកីឡាយូដូ ឲ្យបានកាន់តែល្អប្រសើរនិងឲ្យមាន ប្រសិទ្ធភាពខ្ពស់ក៏ដូចជាខិតខំរៀបចំផ្ទៃក្នុង គណៈកម្មាធិការប្រតិបត្តិរបស់ សហព័ន្ធឲ្យបានល្អប្រសើរទៀតផង។
លោកហេង លីបានជាប់ឆ្នោតជាថ្មី ដើម្បីបន្តដឹកនាំក្នុងថានៈជាប្រធាន ក្នុងមហាសន្និបាត បញ្ចប់អាណត្តិចាស់ទី៧ ពីឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិថ្មីទី៨ ឆ្នាំ២០២១ដល់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក ហេង លី បានបញ្ចេញនូវក្តីរីករាយ ដែលសមាជិកនានាបាន ផ្តល់ការគាំទ្របោះឆ្នោតគាំទ្រដល់លោក ដើម្បីបន្តដឹកនាំជាប្រធាន សហព័ន្ធអាណត្តិថ្មីមួយអាណត្តិទៀត។
ជាមួយគ្នានោះលោកក៏បានបញ្ជាក់ពីឆន្ទៈរបស់ខ្លួន ក្នុងការបន្តអនុវត្តតាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តពង្រឹង និងពង្រីកខេមរសហព័ន្ធយូដូ ឲ្យកានតែមានបរិមាណ និងគុណភាព ក្នុងការផលិតធនធានកីឡាករ កីឡាការិនី ក៏ដូចជាពង្រីកក្លិបកីឡាយូដូនានា ឲ្យកាន់តែសម្បូរបែបបន្ថែមទៀត។
សមាសភាពនៃគណៈកម្មាធិការប្រតិបត្តិថ្មី ដែលមានចំនួន១៣រូប តាមរយៈការអនុម័តផ្តល់សេចក្តីទុកចិត្ត ដោយការលើកដៃ ដែលក្នងនោះលោក ហេង លី ប្រធានអាណត្តិចាស់ទទួលបានការគាំទ្រ ឲ្យបន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មី អមដោយអនុប្រធាន លោក ឌៀប វណ្ណឌី លោក នុត ហ៊ួន និងលោក Emmanuel Dias និងអគ្គលេខាធិការ លោក តេង ច័ន្ទគរុរដ្ឋា និងសមាជិកមួយចំនួនទៀត។
លោកឌៀបវណ្ឌីអនុប្រធានខេមរសហព័ន្ធយូដូ បានបង្ហាញសកម្មការងារ អភិវឌ្ឍវិស័យកីឡាយូដូ ក្នុងរយៈពេញ១អាណត្តិទី៧កន្លងមក ដោយសហព័ន្ធទទួលបាន ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ៣ឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០១៩-២០២០ និងឆ្នាំ២០២១ ក្នុង១ឆ្នាំ ៦០លានរៀល។ ក្នុងចំនួនថវិកាគាំទ្រនេះគឺបានប្រើប្រាស់២០% លើផ្នែករដ្ឋបាល ៣៥%ប្រើប្រាស់លើវគ្គបណ្តុះបណ្តាលធនធាន និង៤៥%ប្រើប្រាស់លើការប្រកួតជើងឯកថ្នាក់ជាតិ។ ជាមួយគ្នានោះ លោក ឌៀប វណ្ឌី បានស្នើក្រសួងអប់រំ យុវជន និងកីឡាបន្តផ្តល់ថវិកាគាំទ្រ ដើម្បីជួយបណ្តុះបណ្តាល ធនធានគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម មន្ត្រីបច្ចេកទេស និងស្នើបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនីទៅហ្វឹកហាតនៅក្រៅប្រទេស ដើម្បីធានាគុណភាព និងបទពិសោធបច្ចេកទេស ថ្នាក់ជាតិអន្តរជាតិ ដើម្បីត្រៀមចូលរួមរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
សូមបញ្ជាក់ថា មហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីនេះ ទទួលបានការចូលរួមជា សក្ខីភាពពីលោក ទុយ វិច្ឆិកា តំណាងនាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ឯម ហៀងតំណាង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ៕