រដ្ឋបាលរាជធានីភ្នំពេញ ណែនាំ ស្តីពីការចាត់វិធានការបន្ទាន់ ចំពោះការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ជាបន្តបន្ទាប់ក្នុងចំណោមក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្តីពីការចាត់វិធានការបន្ទាន់ ចំពោះការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ជាបន្តបន្ទាប់ក្នុងចំណោមក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏។
យោងតាមសេចក្តីប្រកាសព័ត៌មានលេខ ០៥៤ សខល មុនថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល និងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ របស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានចុះយកសំណាកក្នុងចំណោមក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ដែលកំពុងប្រមូលផ្តុំតវាំសម្តែងមតិដោយខុសច្បាប់ នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ជាបន្តបន្ទាប់ ដែលគ្រាន់តែក្នុងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ន៖ មានករណីវិជ្ជមានថ្មីរហូតដល់ទៅ ២៩ នាក់ ជាចំនួនដ៏ច្រើន គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។
ចំពោះមុខ ដើម្បីថែរក្សាអាយុជីវិតក្រុមបាតុករ និងក្រុមគ្រួសារសាច់ញាតិ ក៏ដូចជាដើម្បីចៀសវាង សោកនាដកម្មនៃការឆ្លងរាលដាលធ្ងន់ធ្ងរ ទៅក្នុងសហគមន៍ជាទ្រង់ទ្រាយធំ ជាពិសេសធានាបាននូវការរស់នៅតាម គន្លងប្រក្រតីភាពថ្មី គណះកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១-មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ចែងបាញ់ថ្នាំសម្លាប់មេរោគចំពោះមធ្យោបាយ ធ្វើដំណើរ និងទីតាំងសាធារណៈ ដែលក្រុមបាតុករច្បាប់បានប្រើប្រាស់ ដូចជា រថយន្តក្រុងដែល ក្រុមបាតុករធ្លាប់បានធ្វើដំណើរទៅយកសំណាក ទីតាំងផ្ញើទុកដាក់យានជំនិះរបស់ក្រុមបាតុករ ទីតាំងហូបអាហារ និងបន្ទប់ទឹក ជាដើម។
២-ចំពោះក្រុមបាតុករដែលមិនទាន់ទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកដោយអនុវត្តតាម ការណែនាំរបស់ក្រុមគ្រូពេទ្យ និងត្រូវណែនាំដល់ក្រុមគ្រួសារសាច់ញាតិ-មិត្តភក្តិ ដែលសង្ស័យមាន ជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវអញ្ជើញទៅយកសំណាកតេស្ដរកជំងឺកូវីដ-១៩ ជាដាច់ខាត។
៣-ក្រោយពេលយកសំណាករួច ក្រុមបាតុករ និងអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ និងត្រូវបញ្ឈប់នូវរាល់ការប្រមូលផ្តុំ ឬ ការជួបជុំក្រុមគ្រួសារ សាច់ញាតិ-មិត្តភក្ដិ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល។ ក្នុងករណីមិនអនុវត្តតាមវិធានសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការរដ្ឋបាល ចាត់បញ្ជូនបុគ្គលរឹងរូស ឱ្យទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) ក្នុងនោះ៖ អនុលោមតាម អនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីវិធានការចត្តាឡីស័កដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានកំណត់ថា “បុគ្គលដែលគេចវេរពីការធ្វើចត្តាឡីស័ក ឬ បុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លាន ដល់ ៥លានរៀល ព្រមទាំងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន” ។
៤- មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ត្រូវសហការជាមួយរដ្ឋបាលខណ្ឌទាំង ១៤ ដើម្បីតាមដាន ឃ្លាំមើល និងចាត់វិធានការនៅតាមទីតាំងស្នាក់នៅរបស់ក្រុមបាតុករអតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៏ ក្នុងមូលដ្ឋាននីមួយៗ សំដៅណែនាំដាស់តឿនឱ្យពួកគេ និងអ្នកពាក់ព័ន្ធ ត្រូវមកយកសំណាកឱ្យបានទាន់ពេលវេលា និងធ្វើចតាឡីស័កឱ្យបានត្រឹមត្រូវ។
៥- គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌដូនពេញ និង មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ចំពោ បុគ្គលទាំងឡាយណាដែលបន្តការប្រមូលផ្តុំ ឬ ការជួបជុំដោយមិនអនុវត្ត តាមវិធានការសុខាភិបាល បង្កការរាំងស្ទះដល់ការបំពេញការងាររបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ច ស្របតាម ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងបកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក្នុងនោះ៖ មាន ការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ។
ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គា វើលដ៏ទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕