លោកស្រី ម៉ែន សំអន៖ បានជំរុញឲ្យមន្ដ្រីអធិការកិច្ច ត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈ ឯករាជ្យភាព សុចរិតភាព ម៉ឺងម៉ាត់ ចំពោះបេសកកម្មអធិការកិច្ច ដើម្បីលប់បំបាត់អំពើពុករលួយ
ភ្នំពេញ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ឲ្យមន្ដ្រីអធិការកិច្ចទាំងអស់ ត្រូវបន្ដ ពង្រឹងសមត្ថភាពវិជ្ជាជីវៈ ឯករាជ្យភាព សុចរិតភាព ម៉ឺងម៉ាត់ ចំពោះបេសកកម្មអធិការកិច្ច របស់ខ្លួន ដើម្បីលប់បំបាត់អំពើពុករលួយ ។ រាជ រដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណ ដែលមានបួនដំណាក់កាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ដើម្បីអភិវឌ្ឍន៏ ប្រទេសជាតិ លើគ្រប់វិស័យ ដោយកំណត់អាទិភាព សូចនាករ និងក្របខ័ណ្ឌពេលវេលាច្បាស់លាស់ សម្រាប់អនុវត្ត និងដាក់ ចេញនូវ យន្តការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្អែកលើកលទ្ធផលការងារ។
លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋភាព ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញបែបនេះ ខណៈលោក ស្រីចូលរួម បិទសន្និបាតបូកសរុបលទ្ធផលការងារ២០២១ និងបន្ដការ ងារឆ្នាំ ២០២២ កាលពីរសៀលថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏ ជាតិ២០១៩- ២០២៣ ជាការឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជាមួយនឹងស្មារតី ទទួលខុសត្រូវខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការសម្រេច ឱ្យបាននូវចក្ខុវិ ស័យ កម្មវិធីនយោបាយអភិវឌ្ឍជាតិ ប្រកប ដោយចីរភាព ឆ្លើយតបទៅ នឹងបរិការណ៍អភិវឌ្ឍសេដ្ឋកិច្ច-សង្គម បញ្ហាប្រឈម និងកាលានុវត្តភាព ទាំងឡាយ ដែលជាបញ្ហារួមរបស់សង្គមជាតិយើង ដើម្បីឈានទៅសម្រេចបាននូវគោលដៅ អាទិភាពរបស់ រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា។
ចាប់ពីឆ្នាំ២០២០មក កម្ពុជាក៏ដូចជាប្រទេសនានាក្នុងតំបន់ និងពិភពលោកបាន និងកំពុងជួបប្រទះ នូវគ្រោះមហន្តរាយនៃការរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងបម្លែងខ្លួនជាបន្តបន្ទាប់ និងបានឆ្លងរាលដាល និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ ធ្ងរ នាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ និងបង្កជាការរាំង ស្ទះទៅដល់តម្រូវការ ព្រមទាំងលំហូរនៃការធ្វើដំណើរ ទេសចរណ៍ សេវាកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ជា ហេតុរំខានទៅលើគ្រប់វិស័យ នៃសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ដោយឡែក នៅកម្ពុជា វិបត្តិកូវីដ-១៩ក៏បានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ច និងសង្គមកិច្ច ផងដែរ។ ដោយមានការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេ ញនូវវិធានការណ៍ជាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់ ផ្ទាល់ដល់ជីវភាពប្រជាពលរដ្ឋ ដែលរងហានិភ័យខ្ពស់ រួមមាន ការឧបត្ថម្ភសាច់ប្រាក់ ការបង្កើតមជ្ឈមណ្ឌលចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ- ១៩ និងការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋដោយ សេរី និងទូទៅ ។
លោកស្រីបានបន្ដថា៖ យើងពិតជាមានមោទនភាព ដោយកម្ពុជាបានក្លាយជាប្រទេសមួយ ក្នុង ចំណោមប្រទេសដែលមានអត្រាចាក់វ៉ាក់ សាំងខ្ពស់ជាងគេ និងមានអត្រាមរណៈភាពដោយ ជំងឺកូវីដ-១៩ ទាប។ លើសពីនេះ នៅពេលដែលប្រទេសជាច្រើន នៅប្រើវិធានការរិតត្បិតនៅឡើយ កម្ពុជាបាន បើកសេដ្ឋកិច្ច លើគ្រប់វិស័យជាថ្មី ចាប់ពីខែធ្នូ ឆ្នាំ២០២១មក។
ក្នុងឱកាសនេះលោកស្រី ម៉ែន សំអន ក៏បានស្នើឲ្យ មន្ត្រី ឬភ្នាក់ងារអធិការកិច្ចត្រូវ គោរពឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ទៅតាមក្រមសីលធម៌មន្ត្រីរាជការអធិការកិច្ច ដែលបានដាក់ចេញរួច ហើយតាមប្រកាសលេខ ០៧៨ ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០០៨ ដែលក្នុងនោះតម្រូវឲ្យមន្ត្រីអធិការកិច្ច ត្រូវឈរលើគោលការណ៍គ្រឹះ សុចរិតភាព ភាពមិនលំអៀង សមត្ថភាពវិជ្ជាជីវៈ ឯករាជ្យភាព ត្រូវមានភាពទន់ភ្លន់តែម៉ឹងម៉ាត់ ដោយយក ច្បាប់ជាធំ និងត្រូវមានឯកសណ្ឋាន ដូចដែលក្រសួងបានណែនាំរួចហើយ ត្រូវពង្រឹងប្រសិទ្ធភាព ក្នុង បេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេតស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ តាមរយៈ ការរកព័ត៌មានឲ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារ សំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និង អង្គច្បាប់។ មន្ដ្រីអធិការកិច្ច ត្រូវបន្ដ ផ្សព្វផ្សាយច្បាប់ ជាតម្រូវការចាំបាច់ ក្រុមការងារក្រសួងត្រូវបន្តការអប់រំ និងផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយ គ្រប់២៥ រាជធានី-ខេត្ត ជាពិសេសទៅតាមទីប្រជុំជន និងជនបទ ដាច់ស្រយ៉ាល៕. សំរិត