រូបសំណាកស្ត្រីបីកួរស្រូវធ្វើអំពីថ្មភក់ បាននឹងកំពុងតម្លើងដាក់នៅរង្វង់មូលដីក្រហម ខណ្ឌដង្កោ ហើយ គ្រោងបញ្ចប់នៅដើមខែតុលាខាងមុខ
ភ្នំពេញ៖ អនុវត្តតាមផែនការយុទ្ឋសាស្ត្ររៀបចំហេដ្ឋារចនាសម្ព័ន្ឋនានាតភ្ជាប់ទៅបណ្តាខេត្តភាគខាងត្បូង រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងណាស់ ទាំងការកសាងផ្លូវ លូ ប្រឡាយ រូមនឹងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗទៀត ដើម្បីអោយតំបន់មួយចំនួនដែលបានកាត់ចូលរាជធានីភ្នំពេញមានភាពស្រស់ស្អាត់ សមជារាជធានីដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែងសម្រាប់ពេលនេះនៅរង្វង់មូលដីក្រហម ខណ្ឌដង្កោ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពង់ស្ថាបនារង្វង់មូលនេះឡើងវិញ រួមនិងការដាក់រូបសំណាកអោយសគ្គសមទៅនឹងរង្វង់នេះផងដែរ ដោយគិតមកដល់ថ្ងៃទី១១ កញ្ញានេះ រង្វង់មូលដីក្រហម ខណ្ឌដង្កោ បានឈានដល់ការស្ទូចតម្លើងរូបសំណាកស្ត្រីបីកួរស្រូវធ្វើអំពីថ្មភក់ ដាក់នៅលើរង្វង់មូលនេះហើយ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងដែរថា រង្វង់មូលដីក្រហម ខណ្ឌដង្កោ មកដល់ពេលនេះបានឈានដល់ការស្ទូចតម្លើងរូបសំណាកស្ត្រីបីកួរស្រូវធ្វើអំពីថ្មភក់ ដាក់នៅលើរង្វង់មូលនេះហើយ។
លោកបញ្ជាក់ថា រូបសំណាកស្ត្រីបីកួរស្រូវនេះមានកំពស់ សរុបមាន៧ម៉ែត្រ៨តឹក ក្នុងនោះតួ រូបសំណាកស្ត្រីបីកួរស្រូវមានកំពស់៥ម៉ែត្រ៨តឹក និងតួខឿន កំពស់២ម៉ែត្រ។ លោកបន្តបញ្ជាក់អោយដឹងទៀតថា ការដ្ឋានស្ថាបនារង្វង់មូលរូបសំណាកស្ត្រីបីកួរស្រូវនេះបានចាប់ផ្តើមកសាង កាលពីអំឡុងខែមិថុនា ហើយគ្រោងបញ្ចប់នៅចុងខែតុលាឆ្នាំ២០១៨ខាងមុខនេះ ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះរដ្ឋបាលរាជធានីភ្នំពេញបានកសាងរូបសំណាក់ ជាច្រើនដាក់នៅតាមរង្វង់មូល និងនៅសួនច្បារក្នុងរាជធានីភ្នំពេញ ហើយរូបសំណាក់ទាំងនោះពិតជាទទូលបាននូវការកោតសរសើរ និងពេញចិត្ត ពេញថ្លើមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ៕