OHCHR ចង់ដឹងពីផែនការបន្ត ពាក់ព័ន្ធនឹងការរៀបចំច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទទួលជួប លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដើម្បីពិភាក្សាពីកិច្ចសហការការងារមួយចំនួនពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សដូចខាងក្រោម៖
ក្នុងកិច្ចជំនួបនេះ OHCHR បានលើកឡើង (១) ពីសំណើគម្រោងការរៀបចំឱ្យមានកិច្ចពិភាក្សា កម្រិតថ្នាក់មន្រ្តីជាន់ខ្ពស់ដែលពាក់ព័ន្ធនឹងសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (CESCR) ដែកិច្ចពិភាក្សានេះធ្លាប់បានធ្វើច្រើនមកហើយជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ (២) OHCHR បានស្នើឱ្យ គ.ស.ម.ក. ចូលរួមសហការក្នុងការរៀបចំសិក្ខាសាលាមួយពាក់ព័ន្ធនឹងការបង្វឹកគ្រូបង្គោល (Training of Trainers) ស្តីពីការការពារប្រឆាំងនឹងអំពើទារុណកម្ម (៣) វឌ្ឍនភាពស្តីពីរបាយការណ៍តាមយន្តការពិនិត្យជាសកលតាមកាលកំណត់ពាក់កណ្តាលអាណត្តិ (UPR) ដែលខាង UPR-Info មានចំណាប់អារម្មណ៍ចង់ចូលរួមផងដែរ បើសិនជាការរៀបចំសិក្ខាសាលាឬទម្រង់ការផ្សព្វផ្សាយបែបណាមួយ និង (៤) OHCHR ចង់ដឹងពីផែនការបន្ត ពាក់ព័ន្ធនឹងការរៀបចំច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីការដាក់ឱ្យមានកិច្ចពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ។
ជាការឆ្លើយតបនូវសំណើ និងសំណួរខាងលើ គ.ស.ម.ក. (១) នឹងធ្វើការពិភាក្សាផ្ទៃក្នុងមួយជំហ៊ានសិនពាក់ព័ន្ធនឹងការរៀបចំឱ្យកិច្ចពិភាក្សាកម្រិតថ្នាក់មន្ត្រីជាន់ខ្ពស់ មុននឹងឆ្លើយតបទៅ OHCHR វិញ (២) គ.ស.ម.ក. យល់ស្របនិងព្រមទទួលសហការក្នុងរៀបចំសិក្ខាសាលាពាក់ព័ន្ធនឹងការបង្វឹកគ្រូបង្គោល (Training of Trainers) ស្តីពីការការពារប្រឆាំងនឹងអំពើទារុណកម្ម (៣) ក្រុមការងារ គ.ស.ម.ក. បានរៀបចំចងក្រងរបាយការណ៍ UPR ពាក់កណ្តាលអាណត្តរួចហើយ ហើយនិងរីករាយទទួលយកនូវកិច្ចសហការពី OHCHR និង UPR-Info ក្នុងការរៀបចំការផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធទាំងអស់ នៅពេលវេលាណាមួយ និង (៤) គ.ស.ម.ក. នឹងរៀបចំបញ្ចូលនូវរាល់ធាតុចូលដែលទទួលបានពីគ្រប់ភាគីពាក់ព័ន្ធទៅលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីចេញជាសេចក្តីព្រាងទី២ បន្ទាប់មក គ.ស.ម.ក. មានគម្រោងជួបជាមួយគណៈកម្មការរដ្ឋសភា ព្រឹទ្ធសភា និងឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដើម្បីទទួលបាននូវអនុសាសន៍ក៏ដូចជាធាតុចូលបន្ថែមទៀតដើម្បីធានាថាសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
បន្ថែមពីនេះ គ.ស.ម.ក. និង OHCHR នឹងសហការគ្នាក្នុងការៀបចំនូវសិក្ខាសាលាបន្តបន្ទាប់ដែលធ្លាប់បានពិភាក្សាកន្លងមករួមមាន (១)សិទ្ធិអ្នកសារព័ត៌មាន (២) ការផ្សព្វផ្សាយរបាយការណ៍ UPRពាក់កណ្តាលអាណត្តិ និង (៣) ការរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សនៅកម្ពុជា៕