ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី គ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរ

95

 

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី ប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរ ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចំនួន ៥៧រូប ដើម្បីបង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ជាចំណែកចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពី ប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរដោយមានការចូលរួមពី ឯកឧត្តមនាយឧត្តម សេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ តំណាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងក្រុមហ៊ុនទ្រូម៉ាន់នី (True Money)។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសិក្ខាកាមមកពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈចំនួន១៥រូប ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៦រូប ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន ១៥រូប ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ១១រូប សរុបទាំងអស់ចំនួន ៥៧រូប រួមជាមួយនឹងគ្រូបង្គោលចំនួន ៣ មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងគ្រូបង្គោលក្រុមហ៊ុនទ្រូម៉ាន់នី (True Money)។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការសម្របសម្រួលដោយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍អំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីនៃកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៏ផ្លូវគោក ( Driver’s License Point Deduction and Fine Mobile App) តាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា (POS) និងបង្ហាញនូវនីតិវិធីប្រតិបត្តិការគ្រប់គ្រងព័ត៌មាន រក្សាទុកទិន្នន័យនៃការផាកពិន័យបទល្មើសចរាចរណ៍ដើម្បីឱ្យសិក្ខាកាមដែលជាមន្ត្រីនគរបាលចរាចរណ៍អាចប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែងបានផងដែរ។

ការបង្កើតកម្មវិធី Mobile App នេះឡើងជាគំនិតផ្ដួចផ្ដើមមួយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការរឹតបន្តឹងលើការងារអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព។

ថ្លែងសន្ទរកថាស្វាគមន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាឱកាសនេះ លោកអនុរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅដល់អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលមានស្មារតីសហការរួមគ្នាក្នុងការអភិវឌ្ឍកម្មវិធី Mobile App និងប្រព័ន្ធគ្រប់គ្រងបទល្មើសចរាចរណ៍នេះឡើងប្រកបដោយភាពជោគជ័យ និងនីតិវិធីអនុវត្តកម្មវិធីនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់ក្នុងការអនុវត្តការងារ សំដៅជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត់ និងចូលរួមកាត់បន្ថយគ្រោះចរាចរណ៍នៅតាមដងផ្លូវផងដែរ។

ទន្ទឹមជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា៖ ក្រោយពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាល សិក្ខាកាមទាំងអស់អាចយកចំណេះដឹងនេះទៅអនុវត្តប្រកបដោយប្រសិទ្ធភាពដើម្បីធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសជៀសផុតពីការអនុវត្តឆ្គាំឆ្គងដែលនាំឱ្យប្រជាពលរដ្ឋសម្ដែងការមិនពេញផងដែរ។

អត្ថបទដែលជាប់ទាក់ទង