ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិនិត្យវឌ្ឍនភាពការងារលើការអនុវត្ត «ផែនទីចង្អុល ផ្លូវស្ដីពីការស្ដារ និងលើកស្ទួយវិស័យ ទេសចរណ៍នៅកម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩»

54

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៧ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសហការី ដើម្បីពិនិត្យវឌ្ឍនភាពការងារលើការអនុវត្ត «ផែនទីចង្អុលផ្លូវស្ដីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» អនុលោមតាមមាត្រា៩៧ នៃរដ្ឋធម្មនុញ្ញ និងប្រការ ៣៤ ថ្មីនៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ។

កិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃការឆ្លើយតបនឹងបញ្ហាប្រឈមនានា ដែលបង្កដោយវិបត្តិជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាដំណោះស្រាយជាបន្តបន្ទាប់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈានឆ្ពោះទៅការកាត់បន្ថយផលប៉ះពាល់លើគ្រប់ វិស័យជាជំហានៗ តាមអាទិភាព ពីមួយដំណាក់កាល ទៅមួយដំណាក់កាល ជាពិសេសក្នុងវិស័យទេសចរណ៍។

ថ្លែងក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍លើកឡើង ពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាននារយៈកាលចុងក្រោយនេះ ជាពិសេសលើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងសភាពការណ៍នៃការចម្លងឱ្យមានការថយចុះមកនៅកម្រិតទាប រហូតអាចអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចសម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យសេដ្ឋកិច្ចសង្គម រួមទាំងវិស័យទេសចរណ៍ផងដែរ។

ទន្ទឹមនេះ លោកបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការជំរុញឱ្យអាស៊ាន ក្នុងរយៈពេលខ្លី ត្រូវគិតគូរជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀត ស្របតាមទស្សនទាន៖ «អាស៊ានដើម្បីអាស៊ាន» (ASEAN For ASEAN)។ ឯកឧត្តមបានមានប្រសាសន៍ថា ៖ «អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តីក្នុងវេទិកាទេសចរណ៍អាស៊ាន ២០២២ ត្រូវបានរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងដៃគូអាស៊ានគាំទ្រ និងទទួលអនុវត្ត ដោយសេចក្ដីអំណរគុណដ៏ជ្រាលជ្រៅហើយក៏បានឯកភាពគ្នាធ្វើការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ ចេញពីក្រុងព្រះសីហនុ»។

ជាមួយគ្នានេះ តាមរយៈបទបង្ហាញស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវស្ដីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការគិតគូរ និងការតម្រង់ទិសគោលនយោបាយច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយការគំរាមគំហែងពីវិបត្តិជំងឺកូវីដ-១៩ ទៅជាកាលានុវត្តភាពសម្រាប់ការកែទម្រង់ ក្នុងវិស័យទេសចរណ៍កម្ពុជា ដែលនាំអោយកម្ពុជាបច្ចុប្បន្នបានឈានមកដល់ដំណាក់កាលទី៣ នោះគឺការដាក់ដំណើរការប្រទេសឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង