នៅក្នុងក្របខណ្ឌនៃការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA) ដែលគ្រោងនៅដំណាច់ខែមីនា ឆ្នាំ២០២២ ធ្វើសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២
ភ្នំពេញ ៖ នៅក្នុងក្របខណ្ឌនៃការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA) ដែលគ្រោងនៅដំណាច់ខែមីនា ឆ្នាំ២០២២ ខាងមុខ សិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង ១៦និង៣០ នាទី នៅ Aquation Park (កោះពេជ្រ)។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងក្របខណ្ឌនៃការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA) ដែលគ្រោងនៅដំណាច់ខែមីនា ឆ្នាំ២០២២ ខាងមុខ សិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង ១៦និង៣០ នាទី នៅ Aquation Park (កោះពេជ្រ)។
សិក្ខាសាលានេះនឹងរៀបចំឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកសម្របសម្រួលជាតិកម្ពុជាអម អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នសាធារណៈកម្ពុជា និង តំណាងសភាពាណិជ្ជកម្មនានា ព្រមទាំងប្រធាន និងតំណាងក្រុមហ៊ុនកម្ពុជាដែលបានចុះឈ្មោះចូលរួមក្នុង បេសកកម្ម MECA នេះ។ លោក Chékou OUSSOUMAN តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងផ្តល់កិត្តិយសចូលរួមក្នុងព្រឹត្តិការណ៍នេះ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅប្រទេសកម្ពុជា ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។
សិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២ គឺជាដំណាក់កាលចុងក្រោយ មុនបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ជំនួបលើកនេះជាឱកាសដើម្បីពិភាក្សាអំពីបញ្ហាភស្តុភារពាក់ព័ន្ធនឹងការរៀបចំបេសកកម្ម ( MECA និងការ រំពឹងចង់បានរបស់ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនអន្តរជាតិ ជាពិសេសទាក់ទងនឹងទស្សនកិច្ចតាមសហគ្រាស។ ម្យ៉ាងវិញទៀត សិក្ខាសាលានេះក៏នឹងជាឱកាសនៃជំនួបធុរកិច្ចនិងធុរកិច្ច (B2B) ផងដែរ។ កម្មវិធី Cocktail មួយនឹងរៀបចំឡើងដើម្បីជាកិត្តិយសសម្រាប់អ្នកចូលរួមទាំងអស់ ដើម្បីបិទបញ្ចប់សិក្ខាសាលានេះ។
បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ដែលដឹកនាំដោយអគ្គលេខាធិការអង្គការ OIF មានគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ច រវាងរដ្ឋជាសមាជិកអង្គការ OIF មកពីទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង។ ប្រតិបត្តិករសេដ្ឋកិច្ចប្រមាណ ៨៥រូប មកពីគ្រប់ទ្វីបទាំងអស់ នឹងធ្វើដំណើរមក ប្រទេសវៀតណាម និងប្រទេសកម្ពុជា ដែលនៅទីនោះ ប្រតិបត្តិករសេដ្ឋកិច្ច និងប្រធានសហគ្រាសជាង ២៥០រូប រង់ចាំទទួលស្វាគមន៍ពួកគេ។ បេសកកម្ម MECA នេះនឹងចាប់ផ្តើមដំបូងនៅទីក្រុងហូជីមិញ បន្ទាប់ មកនៅទីក្រុងហាណូយ មុននឹងបញ្ចប់នៅរាជធានីភ្នំពេញ ៕