ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ រក្សានិរន្តរភាព របស់មន្ទីរពេទ្យគន្ធបុប្ផា ឲ្យបានយូរអង្វែង

48

 

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វ៊ីស នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលនិធិទាំងពីរ ឲ្យកាន់តែទូលំទូលាយ និងរឹងមាំ ជាពិសេសដើម្បីរួមគ្នាពិនិត្យ និងផ្តល់យោបល់លើការងារគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ឲ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកបណ្ឌិត Ren– Schwarzenbach ប្រធានមូលនិធិគន្ធបុប្ផាស្វ៊ីស។

ក្នុងពិធីដ៏មានអត្ថន័យនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកបណ្ឌិត Ren– Schwarzenbach ប្រធានមូលនិធិគន្ធបុប្ផាស្វីស និងសហការី ដែលបានគាំទ្រការពង្រឹង និងពង្រីកសហប្រតិបត្តិការមួយកម្រិតទៀតនេះ ដែលនឹងផ្តល់ជាប្រយោជន៍ កាន់តែប្រសើរឡើង ក្នុងការរក្សាបាននូវកេរ្តិ៍ដំណែលដែល បន្សល់ទុកដោយលោកវេជ្ជបណ្ឌិត Beat Richner គឺ «មន្ទីរពេទ្យទេវតា» ក្នុងបេសសកម្មសង្គ្រោះកុមារកម្ពុជា ដោយឥតគិតថ្លៃ និងមិនរើសអើង។

ឆ្លៀតក្នុងឱកាសនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនមូលនិធិគន្ធបុប្ផាស្វីស និងរដ្ឋាភិបាលនៃសហព័ន្ធស្វីស ជាពិសេសប្រជាជនស្វីស ដែលតែងផ្តល់វិភាគទានសប្បុរសធម៌ជូនមន្ទីរពេទ្យគន្ធបុបា្ផ ចាប់តាំងពីមន្ទីរពេទ្យត្រូវបានដាក់ឲ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២មក។ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកបណ្ឌិត Ren– Schwarzenbach ថា គិតចាប់ពីពេលបង្កើត និងដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ រហូតដល់ខែកម្ភៈ ឆ្នាំ២០២២នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្វែរថវិកាជាបន្តបន្ទាប់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលមានចំនួនសរុប ប្រមាណ ៣២.៣លានដុល្លារអាមេរិក។

លោកបណ្ឌិត Ren– Schwarzenbach ប្រធានមូលនិធិគន្ធបុប្ផាស្វ៊ីសស្វីស ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង និងដែលកំពុងដើរតួនាទីបំពេញគ្នាយ៉ាងសំខាន់ ជាមួយមូលនិធិគន្ធបុប្ផាស្វីស។

លោកក៏បានប្តេជ្ញាថា នឹងបន្តផ្តល់កិច្ចសហការយ៉ាងជិតស្និតជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបុព្វហេតុរួម គឺការគាំទ្រ និងរក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ឲ្យបានយូរអង្វែងតទៅ។

ក្នុងឱកាសនេះដែរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ថវិកាចំនួន ២លានដុល្លារអាមេរិក ដែលទទួលបានពីការបរិច្ចាគ របស់សប្បុរសជនតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ជូនមន្ទីរពេទ្យគន្ធបុប្ផា បន្ថែមពីលើថវិកាតាមការស្នើសុំរបស់មន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមក។

សូមជម្រាបជូនផងដែរថា ក្នុងឆ្នាំ២០២១កន្លងទៅ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបចំនួនប្រមាណ១៨.៥លានដុល្លារអាមេរិក ពីប្រភពនានាដូចជា វិភាគទាន របស់រាជរដ្ឋាភិបាល, កម្រៃពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ, វិភាគទានរបស់កាកបាទក្រហម និងការបរិច្ចាគរបស់សប្បុរសជនទូទៅ៕

អត្ថបទដែលជាប់ទាក់ទង