កូនស្រី បាត់ខ្លួន គឺបានចេញពីផ្ទះដោយខ្លួនឯង ចុះចោលកូនកំលោះ ក្នុងថ្ងៃផ្សំដំណេក មិនដឹងជាទៅទីណា
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២២នេះ បានឲ្យដឹងថា “ដល់ពេលវេលាផ្សំដំណេក ប្អូនស្រីដែលជាកូនក្រមុំចាកចោលផ្ទះ គ្រួសារពឹង ១១៧ ជួយផ្សព្វផ្សាយរកផង ។ មកផ្ទះវិញមក ហើយបញ្ជាក់ហេតុផលទៅ បើមិនស្រឡាញ់សូមកុំចាប់បង្ខំអី… សុំទោស ទស្សនៈផ្ទាល់ខ្លួនទេ មិនមែនក្នុងនាមអង្គភាពឡើយ “។
យោងតាមកំណត់ហេតុ Hotline ១១៧ នៅវេលាម៉ោង ០៨និង១០ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ មានប្រជាពលរដ្ឋឈ្មោះទេស វៃ អាយុ៥១ឆ្នាំ ភេទប្រុស មុខរបរកសិករ អាសយដ្ឋានបច្ចុប្បន្ន ភូមិប្រស្រែលិច ឃុំកញ្ចៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង លេខទូរស័ព្ទទំនាក់ទំនង ០១២ ៧១១ ៣៨៧ បានមកប្តឹងករណីបាត់កូនស្រី ឈ្មោះវៃ វិច្ចរ៉ា (ហៅ ស្រីវីន) អាយុ១៧ឆ្នាំ នៅភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ជាដំណោះស្រាយ ៖ នៅម៉ោង ០៨និង១១ សមត្ថកិច្ច១១៧ ឈោ្មះលោកអនុសេនីយ៍ឯក យឹម ចាន់នឿន បានបញ្ជូនព័ត៌មានទៅអធិការលោក សៅ ចន្ថា ទូរស័ព្ទលេខ ០៩៧ ៧២៩៧០៧១ ដើម្បីធ្វើការស្រាវជ្រាវរកកូនស្រី ។
លទ្ធផលនៃការស្រាវជ្រាវ ៖ នៅម៉ោង០៨និង៣៥ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ទទួលពាក្យបណ្តឹងពី ក្រុមគ្រួសារ។ តាមការរៀបរាប់ពីឪពុក កូនស្រីដែលបានបាត់ខ្លួន តាំងតែពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ មកម្ល៉េះ។ សូមបញ្ជាក់ថា៖ កូនស្រី ដែលបាត់ខ្លួននេះ គឺបានចេញពីផ្ទះដោយខ្លួនឯង (ចុះចោលកូនកំលោះ) ក្នុងថ្ងៃផ្សំដំណេកមិនដឹងជាទៅទីណា។ ពេលនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ។ ករណីនេះបានបញ្ចប់នៅម៉ោង ០៩និង២៥ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២៕