ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ក្នុងខណ្ឌ៧មករា ពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខទុក្ខជនចាស់ជរា និងអ្នកក្រីក្រនៅតាមមូលដ្ឋាន ដោយមិនត្រូវទុកឱ្យពួកគាត់ស្លាប់ ដោយការអត់បាយឡើយ

228

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្ស ខណ្ឌ សង្កាត់ ស្ថិតក្នុងខណ្ឌ៧មករា នារសៀលថ្ងៃទី៩ ខែកុម្ភៈនេះ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ក្នុងខណ្ឌ៧មករាពង្រឹងការយកចិត្តទុកដាក់ លើបញ្ហាសុខទុក្ខជនចាស់ជរា និងអ្នកក្រីក្រនៅតាមមូលដ្ឋាន ដោយមិនត្រូវទុកឱ្យពួកគាត់ស្លាប់ ដោយការអត់បាយឡើយ ដែលនេះ ជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះទៀត ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្តថ្លើម លើការផ្តល់សេវាសាធារណៈ បន្តទប់ស្កាត់បញ្ហាចោរកម្មនិងក្មេងទំនើង ល្បែងស៉ីសង គ្រឿងញៀន និងបញ្ហាអសកម្មជាច្រើនទៀតនៅមូលដ្ឋាន ព្រោះមិនថាអ្នកមានឬអ្នកក្រទេ គឺគ្រប់គ្នាសុទ្ធតែត្រូវការសង្គមមួយ ដែលមានសន្តិសុខសណ្តាប់ និងការរស់នៅប្រកបដោយភាពសប្បាយរីករាយ។
ឯកឧត្ដមអភិបាលក៏បានជំរុញឱ្យអាជ្ញារធរខណ្ឌ និងចៅសង្កាត់ទាំងអស់ ចុះជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វាក់សាំងឬដុសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីកាន់តែបង្កើនភាពសុំាក្នុងសហគមន៍ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងវីរុសបំប្លែងថ្មីអូមីក្រុង ដែលជំរុញដល់កំណើនសេដ្ឋនិងជីវភាពប្រជាពលរដ្ឋ។

ឯកឧត្ដម បន្តទៀតក្នុងនោះត្រូវយកចិត្តទុកដាក់លើការរៀបចំ សណ្តាប់ធ្នាប់សារធារណៈគឺជាឧត្តមភាពសង្គម ហើយយជាបញ្ហាអាទិភាព ដើម្បីធ្វើឱ្យទីក្រុងសោភ័ណភាពស្រស់ស្អាតស៉ីវិល័យ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលរាជធានីបានណែនាំដល់រដ្ឋបាលខណ្ឌ និងសង្កាត់ មិនត្រូវបណ្តែតបណ្តោយឱ្យមូលដ្ឋានរបស់ខ្លួន នៅតែមានការលក់ដូររំលោភលើចំណីផ្លូវសារណៈឡើយ ព្រោះធ្វើឱ្យបាត់បងសណ្តាប់ធ្នាប់ សោភ័ណភាព កកស្ទះចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។ ឯកឧត្ដមបានបញ្ជាក់ថា បើកន្លែងណានៅតែមានការលក់ដូរគ្មានសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ត្រូវហៅពួកគាត់ទៅអប់រំឬធ្វើកិច្ចសន្យា ប៉ុន្តែបើនៅរឹងរូសត្រូវអនុវត្តវិធានការណ៍ច្បាប់កសាងសំណុំរឿងទៅកាន់តុលាការ។ឯ ឧ
ស្នើរអភិបាលខណ្ឌ ចៅសង្កាត់ត្រូវបំពេញការងារនេះឱ្យល្អ ព្រោះនៅតាមផ្លូវមានការលក់ដូររញ៉េរញៃ នៅតំបន់គិរីរម្យមានការលក់ម៉ូតូរំលោភលើចំណីផ្លូវ ដូច្នេះត្រូវតែដោះស្រាយបញ្ហានេះ ដើម្បីធានាឱ្យតាមដងផ្លូវមានភាពស្រស់ស្អាត ប្រជាជនងាយស្រួលធ្វើដំណើរ។

ឯកឧត្ដមបញ្ជាក់ថា ឯកឧត្ដមមិនខា្លចឱ្យប្រជាជនមានការលក់ដូរដូចនៅទីក្រុងឡុងដ៏ ដើម្បីជីវភាពនោះទេ ដោយគ្រាន់តែការលក់ដូរនៅក្រុងឡុងពេលឈប់លក់គឺគ្មានសំរាមនៅរាយប៉ាយ អ្នកលក់ដូរចេះគោរពច្បាប់ ចេះប្រមូលសំរាមទុកដាក់បានត្រឹមត្រូវ ប៉ុន្តែ ការលក់ដូរនៅរាជធានីភ្នំពេញវិញ គឺលក់ហើយសំរាមនៅរាយប៉ាយមានក្លិនស្អុយនៅតាមដងផ្លូវ ដូច្នេះអាជ្ញាធរមិនអនុញ្ញាត្តឱ្យអាជីវករលក់ដូរនៅតាមដងផ្លូវឡើយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលរាជធានី ក៏បានកោតសរសើរដល់ខណ្ឌ៧មករា ដែលដោះស្រាយ បញ្ហានានាបានយ៉ាងល្អជាច្រើន ដូចជាការផ្តល់សេវាសាធារណៈ ការរៀបចំសោភ័ណភាពសណ្តាប់ តាមដងផ្លូវ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

នៅក្នុងពិធីនោះដែរ ឯកឧត្ដមអភិបាលរាជធានី ក៏បានទទួលយកសំណូមពរ និងការដោះស្រាយបញ្ហាផ្សេងរបស់ប្រជាពលរដ្ឋ ដូចជាបញ្ហាសំរាម ការដាក់ភ្លើងបំភ្លឺផ្លូវនៅទីតាំងឌឿងហែមជាដើម។

ជាមួយនោះលោកសោម សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌ៧មករា បក្សសង្កាត់ បានគាំទ្រពីផែនការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីសាធារណៈនេះ ថាជាការចង់បានរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ មានចំណីផ្លូវសម្រាប់អ្នកថ្មើជើង ធ្វើដំណើរមិនប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។ អាជ្ញាធរសង្កាត់នឹងបង្កើនកិច្ចសហការជាមួយ កម្លាំងមានសមត្ថកិច្ចបន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែល្អ ដើម្បីឱ្យប្រជាពលរដ្ឋពេញចិត្តពេញថ្លើម ពីការយកចិត្តទុកដាក់របស់អាជ្ញាធរ៕

អត្ថបទដែលជាប់ទាក់ទង