វគ្គបណ្តុះបណ្តាល គណៈកម្មការបច្ចេកទេស និងមន្រ្តីដឹកនាំការប្រកួត កីឡាហែលទឹកថ្នាក់ជាតិ ៩០ភាគរយបាននិទ្ទេសល្អ
ភ្នំពេញ៖វគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេសនិងមន្រ្តីដឹកនាំការប្រកួតកីឡាហែលទឹកថ្នាក់ជាតិបានបញ្ចប់ហើយនៅថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២២ដែលនៅក្នុងពិធីបិទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុកទូទាំងនាយកដ្ឋានអប់រំកាយ និងកីឡា និងលោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក។
លោកហែមគីរីដែលជាអគ្គលេខាធិការសហព័ន្ធបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចំនួន៣០នាក់មកខេត្តកំពង់ចាម ខេត្តបាត់ដំបង ស្រុកកោះធំ (ខេត្តកណ្តាល) ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីពហុកីឡដ្ឋានជាតិមរតកតេជោមន្ត្រីសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹកបានរៀបចំក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវនជ និងកីឡា ឆ្នាំ២០២១។
វគ្គនេះធ្វើឡើងដើម្បី ពង្រឹងសមត្ថភាព ចំណេះដឹងរបស់មន្រ្តីគណៈកម្មការទាំងអស់របស់សហព័ន្ធខ្មែរកីឡាហែលទឹក ជាមួយនឹងលោកគ្រូឧទ្ទេសដែលមានបទពិសោធន៍និងជាមន្រ្តីគណៈកម្មការបច្ចេកទេសអន្តរជាតិទទួលស្គាល់ដោយសហព័្ធន្ធកីឡាហែលទឹកអន្តរជាតិ(FINA)ដើម្បីយកមកចែករម្លែកបង្ហាត់បង្រៀននូវបច្ចេកទេសក៏ដូចជាបទបញ្ជាថ្មីៗបានកែប្រែជារៀងរាល់ឆ្នាំជូនទៅដល់សិក្ខាកាមទាំងអស់បានសិក្សាស្វែងយល់ និងយកទៅអនុវត្តផ្ទាល់ ដើម្បីត្រៀមខ្លួនចូលរួមដឹកនាំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
សម្រាប់ការសិក្សារយៈពេល៣ថ្ងៃសិក្ខាកាមចំនួន៣០នាក់ទទួលបាននិទ្ទេសល្អរហូតដល់៩០ភាគរយឯណោះនេះសបញ្ជាក់សិក្ខាកាមដែលជាគណៈកម្មការបច្ចេកទេស និងមន្រ្តីដឹកនាំការប្រកួតមានការយកចិត្តទុកដាក់ក្នុងការសិក្សា ។ វគ្គនេះបង្រៀនដោយលោក នាង សូរិទ្ធិយ៉ា ជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិធ្លាប់ចូលរួមធ្វើអាជ្ញាកណ្តាល និងចៅក្រមការប្រកួតកីឡា SEA GAMES ២០១៩ រូបលោកក៏ជាជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ គឺលោក ហែម ថុនពន្លឺ។
លោក ប៉ែន វុទ្ធី ក៏បានមានប្រសាសន៍ថា ដោយអនុវត្តទៅតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងយុទ្ធសាស្ត្រកំណែទម្រង់អនុវិស័យអប់រំកាយ និងកីឡា និងដើម្បីឆ្ពោះទៅ SEA GAMES ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកំណែទម្រង់រួមមាន ការរៀបចំការប្រកួត ការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ដល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិ។ ចំណុចទី៤ខាងលើ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានអប់រំកាយ និងកីឡា ក៏បានផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិចំនួន៤២ ក្នុងឆ្នាំ២០២១នេះ សម្រាប់ដំណើរការងារទ្រទ្រង់ដល់សហព័ន្ធលើផ្នែករដ្ឋបាល បណ្តុះបណ្តាលធនធានមនុស្ស និងរៀបចំការប្រកួត។
លោកបានបន្តថា ថ្វីដ្បិតតែចំនួនថវិកាទាំងនេះ មិនទាន់ឆ្លើយតបទៅលើការចំណាយទាំងស្រុងរបស់សហព័ន្ធក៏ពិតមែន ប៉ុន្តែក៏អាចសម្រួលដល់សហព័ន្ធក្នុងកិច្ចការចម្បងៗមួយចំនួនធំផងដែរ។ ស្នើសុំឲ្យសហព័ន្ធកៀរគរស្វែងរកដៃគូ អ្នកឧបត្ថម្ភ សប្បុរសជនជួយគាំទ្របន្ថែម ទៀតដើម្បីបំពេញបន្ថែមលើថវិការបស់ក្រសួងនេះ។ បន្ថែមពីលើនេះ ក្រសួងក៏បានប្រមូលផ្ដុំកីឡាករ-កីឡាការិនី ជម្រើសជាតិ ធ្វើការហ្វឹកហាត់និង ផ្ដល់ថវិកាឧបត្ថម្ភប្រចាំខែ និងផ្ដល់ប្រាក់រង្វាន់តាមអនុក្រឹត្យ និងប្រកាសអន្តរ ក្រសួងនៅពេលទទួលបានជ័យលាភីពីកាប្រកួតលក្ខណៈអន្តរជាតិនានាផងដែរ៕