ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន​ សែន អំពាវនាវដល់បងប្អូនជនរួមជាតិ បន្តចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង ដែលអត្រាឆ្លងកំពុងកើនឡើង

40

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន​ សែន បានអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ, សូមយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះត្រូវមានការកាត់បន្ថយការជួបជុំ ឬការប្រមូលផ្តុំដែលមានមនុស្សច្រើន។

សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា “ព្រឹកថ្ងៃទី១០កុម្ភៈ​នេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២”។

នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះនឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។

សម្តេចបានបន្តថា “ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល (Seoul) ខ្ញុំនឹងជួបជាមួយ ឯកឧត្តម មូន ចេ-អ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ល។ ទន្ទឹមនឹងនោះដែរ ខ្ញុំនឹងមានជំនួបជាមួយឯកឧត្តម បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ”។

បើតាមប្រសាសន៍សម្តេច , ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ សូមយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះត្រូវមានការកាត់បន្ថយការជួបជុំ ឬការប្រមូលផ្តុំដែលមានមនុស្សច្រើន និងត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារ» ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង