ការនាំចូលជ្រូករស់មកផ្គត់ផ្គង់ នៅទីផ្សារប្រទេសកម្ពុជា ត្រូវតែរៀបចំដេញថ្លៃ ដើម្បីធានាឱ្យបានការនាំចូលជ្រូករស់ ស្ថិតក្នុងតម្លៃមួយ ប្រកបដោយភាពប្រកួតប្រជែង រក្សាស្ថិរភាពថ្លៃជ្រូករស់
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា ការកើនឡើងថ្លៃជ្រូករស់មួយផ្នែកបង្កឡើងដោយកង្វះយន្ដការប្រកួតប្រជែងប្រកបដោយតម្លាភាព រវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។ ការនាំចូលជ្រូករស់មកផ្គត់ផ្គង់នៅទីផ្សារប្រទេសកម្ពុជា ត្រូវតែរៀបចំដេញថ្លៃ ដើម្បីធានាឱ្យបានការនាំចូលជ្រូករស់ស្ថិតក្នុងតម្លៃមួយប្រកបដោយភាពប្រកួតប្រជែង រក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ
ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើលិខិតជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការសុំផ្អាកការផ្តួចផ្តើមលើការរៀបចំនីតិវិធីដេញថ្លៃជ្រូករស់ សម្រាប់នាំចូលមកប្រទេសកម្ពុជា។
កន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន បានអនុវត្តទម្រង់ការងារពាណិជ្ជកម្មនាំជ្រូកចូលពីប្រទេសថៃមកកម្ពុជា និងពីវៀតណាមមកកម្ពុជា ដោយគ្មានការដាក់ឲ្យដេញថ្លៃ បើទោះបីក្រុមលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការសិក្សារកឃើញថា ការឡើងថ្លៃសាច់ជ្រូកក្នុងប្រទេសកម្ពុជា គឺកើតឡើងព្រោះភាពមិនប្រក្រតីលើក្រុមហ៊ុនដែលនាំចូលជ្រូករស់ពីប្រទេសថៃ ដោយពួកគេមិនត្រូវបានក្រសួងកសិកម្មដាក់ឱ្យដេញថ្លៃ ហើយមានសុទ្ធតែក្រុមហ៊ុនបក្ខពួកគ្នាគេប៉ុណ្ណោះ ដូច្នេះហើយបានជាពួកគេអុកឡុកតម្លៃ គឺឡើងថ្លៃសាច់ជ្រូកនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។
ក្នុងលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា ការនាំចូលជ្រូករស់មកផ្គត់ផ្គង់នៅទីផ្សារប្រទេសកម្ពុជា ត្រូវតែរៀបចំដេញថ្លៃ ដើម្បីធានាឱ្យបានការនាំចូលជ្រូករស់ស្ថិតក្នុងតម្លៃមួយប្រកបដោយភាពប្រកួតប្រជែង រក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ, ការឡើងថ្លៃជ្រូករស់ និងសាច់ជ្រូកឡើងថ្លៃ គឺបង្កឡើងដោយកង្វះយន្តការប្រកួតប្រជែងប្រកបដោយតម្លាភាព រវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។
ក្រុមលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការស្រាវជ្រាវ រកឃើញថា ក្រុមហ៊ុននាំចូលជ្រូករស់ដែលក្រសួងកសិកម្ម បានផ្តល់សិទ្ធិនោះ ទិញជ្រូករស់ពីប្រទេសថៃក្នុងតម្លៃចន្លោះពី ៦,៥០០រៀល ទៅ ៧,០០០រៀល ក្នុងមួយគីឡូក្រាមជាមធ្យម តែបានយកមកលក់បន្តក្នុងប្រទេសកម្ពុជារហូតដល់ទៅ ១១,០០០រៀលជាមធ្យម ក្នុងឆ្នាំ២០១៩ និង២០២០ ហើយឡើងរហូតដល់ ១៤,០០០រៀលជាមធ្យម នៅក្នុងឆ្នាំ២០២១។
លោក បញ្ជាក់ថា «ការកើនឡើងថ្លៃជ្រូករស់មួយផ្នែក បង្កឡើងដោយកង្វះយន្តការប្រកួតប្រជែងប្រកបដោយតម្លាភាព រវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។ ជាក់ស្ដែង ក្រុមហ៊ុនមួយចំនួនតូច ដែលទទួលបានគោលការណ៍នាំចូលជ្រូករស់ បានលក់ជ្រូករស់ក្នុងថ្លៃមួយខ្ពស់ ពោលគឺ ១១,០០០រៀល ក្នុង១គីឡូក្រាម ជាមធ្យម ក្នុងឆ្នាំ២០១៩ និង២០២០ រហូតដល់ ១៤,០០០រៀល ក្នុង១គីឡូក្រាម ជាមធ្យមក្នុងអំឡុងឆ្នាំ២០២១ (ក្រុមហ៊ុនទិញពីកសិដ្ឋាននៅប្រទេសថៃ នាពេលកន្លងមក ស្ថិតនៅក្នុងចន្លោះ ៦,៥០០ រៀល ក្នុង១គីឡូក្រាម ទៅ៧,០០០ រៀល ក្នុង១គីឡូក្រាម ជាមធ្យម)»។
លោក ឧបនាយករដ្ឋមន្ដ្រី បានបន្ដថា ជារួម ការរៀបចំយន្តការ នៃការដេញថ្លៃនាំចូលជ្រូករស់ គឺដើម្បីធានាឲ្យបាននូវការផ្គត់ផ្គង់ជ្រូករស់ពីការនាំចូល ក្នុងថ្លៃមួយប្រកបដោយភាពប្រកួតប្រជែង ដើម្បីរក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ។
លោក បញ្ជាក់ទៀតថា យន្តការនៃការដេញថ្លៃនាំចូលជ្រូករស់ គឺនឹងត្រូវប្រើប្រាស់នៅពេលមានកង្វះការផ្គត់ផ្គង់ជ្រូកក្នុងស្រុកតែប៉ុណ្ណោះ គឺពុំត្រូវបានយកមកអនុវត្តជាប្រចាំ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច បានសម្រេចឱ្យរៀបចំយន្តការដេញថ្លៃលើការនាំចូលជ្រូករស់មកផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា ព្រោះថា យន្តការនេះ នឹងជួយលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាពក្នុងអាជីវកម្មនាំចូលជ្រូករស់ ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាឱ្យបាននូវស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃសាច់ជ្រូកនៅលើទីផ្សារ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖ ចាប់ពីពេលនេះតទៅ គឺក្រុមហ៊ុនឯកជនទាំងឡាយមានសិទ្ធិ អាចដាក់ពាក្យចូលរួមដេញថ្លៃនាំចូលជ្រូករស់មកកម្ពុជាបាន ដោយគ្រាន់តែក្រសួងតម្រូវឱ្យមានលក្ខណ:សម្បត្តិ គ្រប់គ្រាន់ទាំងទិដ្ឋភាពបច្ចេកទេស ហិរញ្ញវត្ថុ និងលក្ខខណ្ឌតម្រូវផ្សេងៗរបស់ក្រសួង ៕