កីឡាករដែលទើបតែ ចាប់ផ្ដើមហ្វឹកហាត់ ពីពេលនេះ ដើម្បីត្រៀមស៊ីហ្គេម ២០២៣ សូមបញ្ឈប់ទៅ
ភ្នំពេញ៖ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)បានព្រមាន នៅថ្ងៃបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាស្នាក់ជាតិស្ដីពីអភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games – ASEAN Para Games ឆ្នាំ២០២៣ ថា កីឡាករដែលទើបតែចាប់ផ្ដើមហ្វឹកហាត់ពីពេលនេះ ដើម្បីត្រៀមស៊ីហ្គេម២០២៣ នោះ សូមបញ្ឈប់ទៅ ព្រោះមិនទាន់ពេលវេលាទេ។
ឯកឧត្ដមអគ្គលេខាធិការខាងលើមានប្រសាសន៍ឲ្យដឹងថា គ្រប់សហព័ន្ធកីឡាជាតិត្រូវតែគិតឲ្យបានល្អបំផុតទាក់ទងនឹងកីឡាករ។
មួយវិញទៀតបើសិនកីឡាករដែលទើបតែចាប់ផ្ដើមហ្វឹកហាត់ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ពីពេលនេះទៅសូមបញ្ឈប់ទៅពីព្រោះមិនបាន
ទាន់ពេលវេលាទេ។
គ្រប់កីឡាករគេបានត្រៀមខ្លួនច្រើនឆ្នាំមកហើយ និងមានបទពិសោធប្រកួតនោះក៏ច្រើនដែរ។មួយវិញទៀតកីឡាករគេមានការកត់ចំណាំរួចហើយដែរ។កីឡាករគេបានហ្វឹកហាត់រាប់ឆ្នាំមកក្នុង ក្រុមជម្រើសជាតិនិងមានភាពស៊ាំទៅ ហ្នឹងការប្រកួតបាន។ប៉ុន្តែបើហ្វឹកហាត់ពី
ពេលនេះទៅគឺមិនទាន់ពេលទេ។
ឯកឧត្ដមក៏បានស្នើខេត្តដែលត្រូវរាប់រង ធ្វើម្ចាស់ផ្ទះមាន ខេត្តសៀមរាប ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃធ្វើសន្និបាតនេះទៅត្រូវ មានការរៀបចំឲ្យបានល្អឲ្យបានគ្រប់ចំណុច។ អ្វីដែលជាការត្រៀមខ្លួនគឺហេដ្ឋារចនាសម្ព័ន្ធ (ទីតាំងប្រកួត រៀបចំជួសជុល រៀបចំកែលម្អរ រៀបចំកម្លាំងជួយ ដល់ការងាររៀបចំជាដើម) ហើយក៏ដូចជាការទទួលខុសត្រូវ របស់គណៈកម្មាធិការជាតិ CAMSOC និងជាការទទូលខុសត្រូវរបស់ខេត្តផងដែរ។ ជាមួយគ្នានោះខេត្តផ្សេងក៏ត្រូវតែ មានភារកិច្ចជួយជ្រោមជ្រែង ពីក្រោយដែរ ដូចជាការរក្សាទំនាក់ទំនងឲ្យស្អិតល្មួតជាដើម។
សន្និបាតបូកសុរបការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាស្នាក់ជាតិ ស្ដីពីអភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games – ASEAN Para Games ឆ្នាំ២០២៣ បានធ្វើឡើងរយៈពេល ១ថ្ងៃកន្លះ នៅសណ្ឋាគារសុខា ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC និងមានការចូលរួមពីថ្នាក់ដឹកនាំ ដែលជាសមាជិក CAMSOC អាជ្ញាធររាជនី-ខេត្ត តំណាងអង្គភាពកីឡា សហព័ន្ធកីឡាជាតិ អ្នកជំនាញកីឡាអន្ដរជាតិ និងអ្នកសារព័ត៌មានជាតិ-អន្ដរជាតិប្រមាណ ២០០នាក់ ៕