គយនិងរដ្ឋាករ ឆ្នាំ២០២១ ប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាជាតិគយ មានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយក-ដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានថវិកា ព្រមទាំងមានការចូលរួមដោយផ្ទាល់ និងពីចម្ងាយតាមប្រព័ន្ធវីដេអូ (Zoom) របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានធ្វើសេចក្តីរបាយការណ៍ពីលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២១ ដែលក្នុងនោះ អគរ ប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,២៩៥.២ ដុល្លារអាមេរិក) ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះ គឺសម្រេចបាន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៣,៥២២.២ ប៊ីលានរៀល (ត្រូវជា ៣៧.៩% នៃចំណូលសរុប), អាករពិសេសមានចំនួន ៣,៥១៣ ប៊ីលានរៀល (ត្រូវជា ៣៨.៨%នៃចំណូលសរុប), ពន្ធគយមានចំនួន ១,៦៧១.៦ ប៊ីលានរៀល (ត្រូវជា ១៨% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ៤០៣.៦ ប៊ីលានរៀល (ត្រូវជា ៤.៣% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៨៥.២ ប៊ីលានរៀល (ត្រូវជា ២.០% នៃចំណូលសរុប)។ ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ៣,៩៩៨.៨ ប៊ីលានរៀល (ត្រូវជា ៤៣% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២,៥៧៩.៤ ប៊ីលានរៀល (ត្រូវជា ២៧.៨% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ២,១៥៧.១ ប៊ីលានរៀល (ត្រួវជា ២៣.២% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៥៦០.៤ ប៊ីលានរៀល (ត្រូវជា ៦.០% នៃចំណូលសរុប)។
ដោយឡែកទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ មានដូចខាងក្រោម៖
• ការនាំចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩.៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥ លានដុល្លារអាមេរិក ស្មើនឹង ១៥.២%,
• ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ស្បែកសត្វកែច្នៃ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ៤,៥៤២.១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៣៩២.៥ លានដុល្លារអាមេរិក ស្មើនឹង ៤៤.២%,
• ការនាំចេញកសិផលមានចំនួន ២,៨១៧.៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣,៩១០.៩ លានដុល្លារអាមេរិក ស្មើនឹង ៣៩.៥% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៨២៦.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៦០.៣ លានដុល្លារអាមេរិក (៧៧.៣%), ការនាំចេញអង្ករសម្រេច ៤២៤.៩ លានដុល្លារអាមេរិក ថយចុះប្រមាណ ៨១.១ លានដុល្លារអាមេរិក (១៦.០%), កៅស៊ូនាំចេញមានតម្លៃ ៣៩៩.៣ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២៥.៧ លានដុល្លារអាមេរិក (៤៥.៩%), និងកសិផលផ្សេងទៀតមានតម្លៃ ៦៥៣.៧ លានដុល្លារអាមេរិក កើនឡើង ២៦៥.៣ លានដុល្លារអាមេរិក (៦៨.៣%)។
ទន្ទឹមនឹងការងារប្រមូលចំណូល អគរ ក៏សម្រេចបាននូវលទ្ធផលល្អប្រសើរលើការងារសំខាន់ៗមួយចំនួន ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដូចជា៖ (១)ការងារគោលនយោបាយនិងបច្ចេកទេសគយ, (២)ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការលើកកម្ពស់អនុលោមភាព, (៣)ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតក្នុងការងារគយ, និង (៤)ការចូលរួមសកម្មភាពសង្គមនានា និងការអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម។
ឆ្លើយតបនឹងលទ្ធផលខាងលើ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរលើគ្រប់ការដ្ឋានការងារ ទោះបីជាបានឆ្លងកាត់នូវការប្រឈមខ្លាំងពីការរាលដាលជំងឺកូវីដ-១៩ និងបានថ្លែងនូវការគាំទ្រយ៉ាងពេញទំហឹងដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រាប់ការអនុវត្តការងារនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។ នាឱកាសនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំឭកនូវការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៥ ចំណុច ដែលបានថ្លែងនាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលគយ អគារសាលាជាតិគយ និងអគារសារមន្ទីរគយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ រួមមាន៖
១- បន្តលើកកម្ពស់ការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នូវរាល់បទប្បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានទាំងឡាយ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិជាធរមាន។
២- បន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និង កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសតាមរយៈការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការបង្កើនឆន្ទៈក្នុងការអនុវត្តការងារកែទម្រង់ ការពង្រឹងភាពជាម្ចាស់ និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្ស និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព៌ត័មាន និងគមនាគមន៍។
៣- បន្តពង្រឹង និងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្មនានា ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធគ្រប់គ្រងហានិភ័យ សវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ និងប្រព័ន្ធបញ្ជរតែមួយជាតិជាដើម សំដៅកែលម្អបរិយាកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
៤- ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវបណ្តាវិធានការនានា ដែលរាជ-រដ្ឋាភិបាលបានដាក់ចេញ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងដោះស្រាយរាល់ផលប៉ះពាល់នានាដែលបង្កឡើងដោយជំងឺនេះ ពិសេសគឺត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបណ្តាវិធានការ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ព្រមទាំងវិធានការជាក់ស្តែងទាំងឡាយ ដែលមានចែងនៅក្នុងឯកសារ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។
៥- ពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការបង្ការ និងបង្រ្កាបអំពើរត់គេចពន្ធ សំដៅបង្កើនចំណូលជូនរដ្ឋ, ធានានូវការប្រកួតប្រជែងដោយស្មើភាពសម្រាប់ធុរកិច្ច, និងលើកស្ទួយអនុលោមភាពនិងវប្បធម៌សារពើពន្ធនៅកម្ពុជា។
ដើម្បីជួយបង្កើនប្រសិទ្ធភាពការងារសម្រាប់ឆ្នាំ២០២២ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការណែនាំបន្ថែមចំនួន ៨ ចំណុច រួមមាន៖ ទី១-បន្តធ្វើសាមញ្ញកម្មនីតិវិធី ស្របតាមជំនួយបច្ចេកទេសដែល អគរ កំពុងទទួលបានពីដៃគូអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះក្នុងស្មារតីទទួលខុសត្រូវ និងមានភាពជាម្ចាស់ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម, ទី២-លើកកម្ពស់ប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបបទល្មើសឱ្យបានសកម្មដូចភ្លៀងរលឹមទាំងនៅដើមទី កណ្តាលទី និងចុងទី ដោយរាប់បញ្ចូលទាំងការបង្ក្រាបទំនិញក្លែងក្លាយ, ទំនិញល្មើសសិទ្ធិចែកចាយផ្ដាច់មុខ, ទំនិញដែលអាចត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀន, និងការសហការជាមួយអង្គភាពពាក់ព័ន្ធក្នុងការកំណត់មុខសញ្ញាករណីសង្ស័យបទល្មើស សម្អាតប្រាក់ជ្រកក្រោមរូបភាពពាណិជ្ជកម្ម, ទី៣-ត្រូវពន្លឿនការពិនិត្យលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងគយ ដើម្បីលើកសំណើវិសោធនកម្មនិងកែសម្រួល ឆ្លើយតបតាមការតម្រូវនាពេលបច្ចុប្បន្ន, ទី៤-ត្រូវពង្រឹងការងារបច្ចេកទេសគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងផលិតភាពការងារ, ទី៥-បន្តជំរុញអនុវត្តឱ្យម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពការងារប្រមូលពន្ធអាកររថយន្តគ្មានពន្ធមានស្រាប់ក្នុងស្រុក, ទី៦-បន្ត សម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងការទប់ស្កាត់អំពើរត់គេចពន្ធ និងបន្តកិច្ចសហការល្អជាមួយផ្នែកឯកជនពិសេសក្រោមយន្តការក្រុម “ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ទី៧-យកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានរបស់ អគរ ពិសេសការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ឱ្យកាន់តែទូលំទូលាយនិងមានប្រសិទ្ធភាព, និង ទី៨-ត្រូវបន្តប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំនូវវិធានការសុខាភិបាល ពិសេសវិធានការ ៣ ការពារ និង ៣ កុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគន្លងប្រក្រតីភាពថ្មី។
ក្នុងកម្មវិធីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីគយនិងរដ្ឋាករមានស្នាដៃមួយចំនួន ដើម្បីជាការលើកទឹកចិត្ត។