សង្វៀនមាន់ជល់ធំមួយ ស្ថិតនៅផ្លូវប្រឡាយទឹកស្អុយ ក្នុងសង្កាត់ស្ទឹងមានជ័យ២ កំពុងតែប្រមូលផ្តុំគ្នាលេង យ៉ាងសប្បាយ មិនខ្វល់ពីសមត្ថកិច្ច
ភ្នំពេញ៖ សង្វៀនមាន់ជល់ ស្ថិតនៅបណ្តោយផ្លូវប្រឡាយទឹកស្អុយ ម្ដុំក្បែរស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កំពុងប្រមូលផ្តុំដោយអ្នកញៀនល្បែងជាច្រើនអ្នក បើកលេងយ៉ាងរំភើយ ខណៈសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ធ្វើមិនបង្ក្រាប តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ក្បែរទីតាំង ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២ បានអោយដឹងថា ពួកគាត់រាយការណ៍ព័ត៌មាន ជូនដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងស្នើសុំដល់កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទប់ស្កាត់ តែបែរជាសមត្ថកិច្ចគ្មានចំណាត់ការទៅវិញ។
ប្រជាពលរដ្ឋបានរិះគន់ថា ភាពអសកម្មរបស់សមត្ថកិច្ចមូលដ្ឋាន កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋជាច្រើនបានបន្តរិះគន់ទៀតថា៖បើអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋានមិនព្រមបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុស ច្បាប់ទាំងនេះទេនោះ នៅក្នុងមូលដ្ឋានពួកគាត់រស់នៅ នឹងកើតមានករណី លួច ឆក់ ប្លន់ កើតឡើងជាមិនខាន។ ដូចនេះ ប្រជាពលរដ្ឋ សំណូមពរដល់លោកស្នងការ មេត្តាដាក់កម្លាំងចុះបង្ក្រាបផង ។
តែទោះយ៉ាងណាក្តីប្រជាពលរដ្ឋនៅតែមានជំនឿលើលោក កែវ ពេជ្រមុន្នី អភិបាលខណ្ឌមានជ័យនិងលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យប្រាកដជាប្រើវិធានការក្តៅចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើជាក់ជាមិនខាន ៕