សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីឧកញ៉ា អាចនឹងបញ្ចប់នៅឆ្នាំ២០២២នេះ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កំពុងដឹកនាំរៀបចំសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីឧកញ៉ា ដែលអាចនឹងបញ្ចប់នៅឆ្នាំ២០២២នេះ ដោយនៅក្នុងដំណើរការសិក្សារៀបចំសេចក្ដីព្រាងនេះ ក៏នឹងមានការជជែកពិភាក្សា រវាងតំណាងរាជរដ្ឋាភិបាល ជាមួយនឹងសមាគមឧកញ៉ា។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបែបេះនាល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំ សមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប្រារព្ធនៅសណ្ឋាគារភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីការរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងឧកញ៉ា ដោយសម្ដេចបានឱ្យដឹងសម្ដេច កំពុងដឹកនាំរៀបចំសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីឧកញ៉ា ដែលអាចនឹងបញ្ចប់នៅឆ្នាំ២០២២នេះ។ សម្ដេចបន្តថា នៅក្នុងដំណើរការសិក្សារៀបចំសេចក្ដីព្រាងនេះ ក៏នឹងមានការជជែកពិភាក្សា រវាងតំណាងរាជរដ្ឋាភិបាលជាមួយនឹងសមាគមឧកញ៉ាផងដែរ។
សម្ដេចបន្ថែមថា នៅក្នុងការរៀបចំសេចក្ដីព្រាងព្រះរាជក្រឹត្យថ្មី អាចនឹងមានចែងកំណត់អំពីការផ្ដល់គោរមងារ ការកំណត់អំពីកាតព្វកិច្ចរបស់ឧកញ៉ា និងលក្ខណ្ឌនៃការសម្រេចដកគោរមងារ ក្នុងន័យដើម្បីលើកតម្កើងតម្លៃនៃគោរមងារជាឧកញ៉ា ហើយថាបន្ទាប់ពីរៀបចំព្រះរាជក្រឹត្យនេះហើយនោះ សមាគមឧកញ៉ាក៏ត្រៀមលក្ខណៈរៀបចំខ្លួនឱ្យបានសមស្របទៅនឹងខ្លឹមសារព្រះរាជក្រឹត្យថ្មីផងដែរ។
គួររំលឹកផងដែរថា ក្រសួងមហាផ្ទៃ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា តាមប្រព័ន្ធវីដេអូ Zoom ក្រោមវត្តមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ្ញ៉ា ការផ្តល់គោរមងារឧកញ្ញ៉ា និងការដកហូតគោរមងារឧកញ្ញ៉ា ដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។
ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារអន្តរក្រសួង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រាវចំពោះ ឯកឧត្តម លោកជំទាវ និងសមាជិកទាំងអស់ ដែលបានចូលរួមក្នុងអង្គប្រជុំនេះ ជាពិសេស បានផ្ដល់ធាតុចូលយ៉ាងល្អៗ ដើម្បីកែសម្រួលទៅតាមខ្លឹមសារ នៃសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបន្ដថា បន្ទាប់ពីកិច្ចប្រជុំ និងពិភាក្សាគ្នានូវ សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា រួចមក ឯកឧត្តម នឹងគោរពរាយការណ៍ដ៏ខ្ពង់ខ្ពស់ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងផ្ដល់មតិដឹកនាំបន្ដដ៏ខ្ពង់ខ្ពស់។
ក្រុមការងារអន្តរក្រសួងនេះ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដើម្បីសិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា ការដកហូតគោរមងារឧកញ៉ា និងសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលមានសមាសភាពចំនួន ១២រូប។
ក្នុងនោះមានឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងអនុប្រធានចំនួន ១រូប ព្រមទាំងសមាជិកចំនួន ១០រូបដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ក្រុមការងារនេះត្រូវសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន បម្រើឱ្យការរៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
ក្រុមការងារនេះត្រូវធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំរៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច ព្រមទាំងបំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់៕